​ភ្នំពេញ ​៖ នៅ​ថ្ងៃ​អង្គារ៍ ទី​៧ ខែ​សីហា ឆ្នាំ​២០១៨ លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​អញ្ជើញ ទទួល​ដំណើរ​ទស្សនកិច្ច​របស់ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី EVA NGUYEN BINH អមដំណើរ​ដោយ លោកស្រី ANNE CHAPALAIN អនុប្រធាន AFD ប្រចាំ​ប្រទេស​កម្ពុជា ចុះ​ទស្សនកិច្ច​នៅ​រោងចក្រ​ប្រព្រិត្តក​ម្មទឹក​ស្អាត​និរោធ ។ ដំណើរការ​ទស្សនកិច្ច​របស់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា នៅ​រោងចក្រ​ទឹកស្អាត​និរោធ ក្នុង​គោលបំណង​សិក្សា​ស្វែងយល់ ឲ្យបាន​ដឹង​ច្បាស់​អំពី​ការ កសាង​រោងចក្រ​ផលិត​ទឹកស្អាត​នេះ ដែល​បារាំង​បាន​ផ្តល់​ផ្នែក​បច្ចេកទេស​មួយចំនួន​។​

​លោក ស៊ឹម ស៊ីថា បាន​ថ្លែងថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត ប្រមាណ​ជាង​៦០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ ។​

​លោក ស៊ឹម ស៊ីថា បានបញ្ជាក់​ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ផលិត​បាន​ទឹកស្អាត​ប្រមាណ​ជាង​៥៦​ម៉ឺន​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ដែល​ចំនួន​នេះ នៅ​មាន​ភាពខ្វះខាត​នៅឡើយ​។ សព្វថ្ងៃ​រដ្ឋាករទឹក មានលទ្ធភាព​ក្នុង​ការផលិត​ទឹក និង​ចែកចាយ​ទឹក​ទូទាំង​រាជធានី​ភ្នំពេញ ៥៦​ម៉ឺន​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ហើយ​មួយ​ឆ្នាំៗ​រដ្ឋាករទឹក​ក្រុងភ្នំពេញ ផលិត​ទឹកស្អាត ជូន​ពលរដ្ឋ​នៅ​ភ្នំពេញ ប្រើប្រាស់​ប្រមាណ​១៧០​លាន​ម៉ែត្រគូប ដូច្នេះ​ពលរដ្ឋ​ទទួលបាន​សេវាកម្ម ពី​រដ្ឋាករទឹក​ប្រមាណ​៣៣០​ពាន់​គ្រួសារ​។ ចំនួន​នេះ​នៅ​មាន​ភាពខ្វះខាត នៅ​ឡើយ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​។ សព្វថ្ងៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ មិនទាន់​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ ព្រោះ​រដ្ឋាករទឹក​ក្រុងភ្នំពេញ មានលទ្ធភាព​ផលិត​ទឹក​ត្រឹមតែ​៥៦​ម៉ឺន​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ ក៏ប៉ុន្ដែ​សេចក្ដីត្រូវការ​ទឹកស្អាត​ប្រើប្រាស់​រហូត​ដល់​ប្រមាណ​៦០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ ជាហេតុ​ទើប​ធ្វើ​ឲ្យ​ខ្វះខា​តទឹក​ប្រើប្រាស់​នៅ​ជាយក្រុង​។ កាលណា​នៅ​ជាយក្រុង​ប្រើប្រាស់​ទឹក​ច្រើន បាន​ធ្វើឲ្យ​សម្ពាធ​ទឹក​នៅ​កណ្ដាល​ក្រុងភ្នំពេញ មាន​ការថយចុះ​មួយកម្រិត ដោយសារ​រោងចក្រ​ផលិត​ទឹកស្អាត នៅ​រាជធានី​ភ្នំពេញ មាន​៤​កន្លែង​ប៉ុណ្ណោះ​។​

​លោក ស៊ឹម ស៊ីថា បាន​លើកឡើង​ទៀត​ថា រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ក៏​មាន​គម្រោង​កសាង​រោងចក្រ ផលិត​ទឹកស្អាត​ធំៗ​បន្ថែមទៀត ដើម្បី​ទាន់​តម្រូវការ​ពលរដ្ឋ​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ និង​ជាយក្រុង​ផងដែរ​។​

លោក​អគ្គនាយក បានបញ្ជាក់​ថា ប្រទេស​បារាំង​បាន​ជួយ​ដល់​រដ្ឋាករទឹក​ក្រុងភ្នំពេញ មាន​ផ្នែក​បច្ចេកទេស ផ្នែក​ឥណទាន ផ្នែក​ហិរញ្ញប្បទាន ដែល​នៅ​រោងចក្រ​ផលិត​ទឹកស្អាត និរោគ​ត្រូវបាន​បារាំង​ផ្តល់​ប្រាក់​កម្ចី សម្រាប់​សាងសង​ស្ថានីយ៍​បូមទឹក​ឆៅ ពី​ទន្លេមេគង្គ​នាពេល​បច្ចុប្បន្ន​នេះ​។ បារាំង​បាន​ផ្តល់​ជំនួយឥតសំណង​ជា​ដំណាក់កាល គឺ​ទី​១៖​បាន​ផ្តល់​ប្រាក់​ជំនួយ​ប្រមាណ​៣០​ម៉ឺន​អឺរ៉ូ និង​ក្រោយមក​ប្រមាណ​៥០​ម៉ឺន អឺរ៉ូ​ក្នុង​គម្រោង​បដិភាគ​សិក្សា​ប្លង់​មេ​ជាដើម​៕