​ខេត្ត​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ មានការ​ចែកចាយ​នូវ​ព័ត៌មាន​បន្ដ​គ្នា លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ថា​ជនជាតិ​វៀតណាម​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង បាននាំគ្នា​ទៅ​បង់ពន្ធ​ជូន​រដ្ឋ ដើម្បី​សុំ​សិទ្ធិ​រស់នៅ​ជា​អចិន្ដ្រៃយ៍​ក្នុង​ប្រទេស​កម្ពុជា​​ដែល​ធ្វើឲ្យ​មាន​ភាន់ច្រឡំ និង​ចោទ​មក​ដល់​អាជ្ញាធរ​រាជរដ្ឋាភិបាល​យ៉ាងខ្លាំង ថា​បាន​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​ជនជាតិ​វៀតណាម​។​

​ឆ្លើយតប​ការរិះគន់​នេះ អភិបាលខេត្ត​កំពង់ឆ្នាំង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បញ្ជាក់ថា ករណី​ជនជាតិ​វៀតណាម នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​​ដែល​នាំ​គ្នា​ទៅ​បង់ពន្ធ​នេះ គឺ​ក្នុងនាម​ជា​ជនអន្ដោប្រវេសន៍ ដែលមាន​សុពលភាព​រយៈពេល​២​ឆ្នាំ មិន​បាន​ទៅសុំ​សិទ្ធិ​រស់នៅ​ជា​រៀងរហូត​​ក្នុងប្រទេស​កម្ពុជា ដូច​ការចោទប្រកាន់​នោះ​ទេ​។​

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​វៀតណាម ជា​ច្រើន​ពាន់​នាក់ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង បាននាំគ្នា​សំរុក មក​បង់​ពន្ធអាករ និង​ធ្វើ​ប័ណ្ណ​ស្នាក់នៅ​​រយៈពេល ២​ឆ្នាំ​ម្តង បង្ក​ការភ្ញាក់ផ្អើល កាលពី​ព្រឹក ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ ការិយាល័យ គ្រប់់គ្រង​ការ​ស្នាក់នៅ​​របស់​ជនបរទេស នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត កំពង់ឆ្នាំង ។​

​ប្រធានការិយាល័យ គ្រប់គ្រង​ការ​ស្នាក់នៅ របស់​ជនបរទេស នៃ​ស្នងការដ្ឋាន នគរបាល ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា​​ជនជាតិ​វៀតណាម ដែល​ស្នាក់នៅ ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ចំនួន ២៣៩៧​គ្រួសារ និង​មាន​មនុស្ស សរុប​ចំនួន ១០០៨៧​នាក់​ ហើយ​អ្នក​ដែល គ្រប់​អាយុ ដែល​ត្រូវ​ធ្វើ​ប័ណ្ណ​ស្នាក់នៅ មាន​ចំនួន ៦០០០​នាក់ ។ លោក​បាន​បន្តថា ទីតាំង​ដែល ជនជាតិ​វៀតណាម​ ​រស់នៅ​ច្រើនជាងគេ នៅលើ​ផ្ទៃ​ទឹក ក្នុង​ក្រុង​កំពង់ឆ្នាំង មាន​ចំនួន ៧៥៥​គ្រួសារ នៅ​ស្រុក​បរិបូរណ៍ ចំនួន ៨០៦​គ្រួសារ​ ​នៅ​ស្រុក​កំពង់ត្រឡាច មាន​ចំនួន ២០២​គ្រួសារ ខណៈ​ដែល​ពួកគេ ភាគច្រើន មាន​មុខរបរ​នេសាទ និង​ចិញ្ចឹម​ត្រី ។ នេះ​ជា​លើក​ទី​១ ​ដែល​ពួកគេ មក​សុំ​ប្រកាស និង​ប័ណ្ណ​ស្នាក់នៅ អចិន្ត្រៃយ៍ នៅ​កម្ពុជា ខណៈ​ដែល​គេ បាន​បំពេញ​បែបបទ តាមច្បាប់ នៃ​ប្រទេស​កម្ពុជា​ ​ក្នុង ២​ឆ្នាំ តម្រូវឲ្យ​បង់ ពន្ធអាករ ជូន​រដ្ឋ ២៥​ម៉ឺន​រៀល ហើយ​ការធ្វើ​នេះ ទំនងជា​ប្រើ​ពេល​យួរ ព្រោះ​មាន​គ្នាច្រើន នៅពេល​ដែល​គាត់​​សម្រុក​មក​ធ្វើ និង​មាន​ការលំបាកផងដែរ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កន្លងមក​អាជ្ញាធរ ខេត្ត​កំពង់ឆ្នាំង បានធ្វើការ​បន្លាស់​ទី ផ្ទះ​ទឹក និង​បែ​ចិញ្ចឹម​ត្រី រាប់ពាន់​គ្រួសារ ឲ្យ​ផ្លាស់ប្តូរ​មក​​រស់នៅ​លើ​គោក​វិញ ដើម្បី​ធ្វើ​ការបញ្ជៀ​ស ការរស់នៅ​ក្នុង​ទឹក វា​ធ្វើអោយ បំពុល​បរិស្ថាន បំពុល​ទឹក និង​ធ្វើអោយ ប៉ះពាល់​ដល់​​ធនធាន​មច្ឆាជាតិ ខណៈ​ដែលជនជាតិ​វៀតណាមមួយចំនួន ដែល​កំពង់​រស់នៅក្នុង​ទឹក​ទន្លេសាប មាន​ការរារែក​ចិត្ត មិន​ឡើង​ទៅ​​រស់នៅ​លើ​គោក តាម​ការអំពាវនាវ របស់​អាជ្ញាធរខេត្តនោះឡើយ​។​

​លោក​អភិបាលខេត្ត បាន​បន្តថា ជនជាតិ​វៀតណាម​ទាំងអស់នេះ មិនមែន​ជា​អ្នក​ចំណូល​ថ្មី​នោះទេ ។​ ​ពួកគាត់​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​ជំរឿន​តាំងពី​ឆ្នាំ​២០០២ ។ ជនជាតិ​វៀតណាម​នេះ ធ្វើ​ជំរឿន​តាំងពី​ឆ្នាំ​២០០២ ហើយ​ក្រោយ​ឆ្នាំ​២០០២ ​យើង​អត់​មាន​ទទួលស្គាល់​ទៀត​ទេ​។ ពេលដែល​យើង​ជំរឿន​រួចហើយ ជនជាតិ​វៀតណាម​ម្នាក់ៗ ពួកគាត់​ដាក់​ពាក្យសុំ​ប្រកាស​​ទទួលស្គាល់​ពី​ក្រសួង​មហាផ្ទៃ ជា​ជនអន្ដោប្រវេសន៍​ឲ្យ​ស្នាក់​នៅ​អចិន្ដ្រៃយ៍ ដែល​មាន​រយៈពេល​២​ឆ្នាំ ហើយ​អស់​រយៈពេល​២​ឆ្នាំ​ ​ពួកគាត់​ត្រូវ​ដាក់​ពាក្យសុំ​បន្ដទៀត​។ ពេល​គាត់​បាន​ប្រកាស​ហើយ​ត្រូវ​បង់ប្រាក់​២៥​ម៉ឺន​រៀល ទើប​ក្រសួង​មហាផ្ទៃ​ ​ចេញ​ប័ណ្ណ​បន្ដ​ជូន​ពួកគាត់​។​

​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​លើកឡើង​ថា ជនជាតិ​វៀតណាម​ដែល​ទៅ​បង់ពន្ធ​នេះ មិន​មាន​អ្នកថ្មី​នោះទេ ហើយ​បើ​អ្នក​មក​ថ្មី​​សមត្ថ​កិច្ច​​នឹង​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ ភ្លាមៗ​តែម្ដង ហេតុដូច្នេះ​ហើយ​ប្រជាពលរដ្ឋ​កម្ពុជា ឬ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​​ហ្វេ​សប៊ុក កុំ​មាន​ការភាន់ច្រឡំ តាម​ក្រុម ឬ​បុគ្គល​មួយចំនួន​ដែល​បំប៉ោង​ព័ត៌មាន​នេះ​៕