ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​ប្រតិភូ​និស្សិត​កម្មវិធី​អាហារូបករណ៍​អភិវឌ្ឍន៍​ជប៉ុន (JDS) ឆ្នាំ​សិក្សា ២០១៨-២០២០ ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​នៃ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌​របស់​កម្ពុជា ទៅ​ដល់​និស្សិត​បរទេស និង​ប្រជាជន​ជប៉ុន ដើម្បី​លើកស្ទួយ​កិត្តិនាម​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។​

Loading...

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​ក្មួយៗ​ទាំងអស់ ត្រូវ​ចេះ​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល និង​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ ទៅកាន់​មជ្ឈដ្ឋាន​ខាងក្រៅ ហើយ​ត្រូវ​ចេះ​បំផុស​ឱ្យ​ប្រជាជន និង​វិនិយោគិន​ជប៉ុន ចូល​មក​ទស្សនា និង​បណ្តាក់ទុន​កាន់តែច្រើន នៅក្នុង​ប្រទេស​យើង​។ លើសពីនេះ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អត្តសញ្ញាណ​ជាតិ និង​អត្ត​ចរិក​ថ្លៃថ្នូរ ស័ក្តិសម​ជា​យុវជន និង​យុវនារី តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហការ​ល្អ ជាមួយ​និស្សិត​ជប៉ុន និង​និស្សិត​មកពី​ប្រទេស​ផ្សេងៗ​”​។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​លើក​សំណើ​នេះ​ឡើង នា​ឱកាស​ជួប​សំណេះសំណាល ជាមួយ​ប្រតិភូ​និស្សិត​អាហារូបករណ៍​ជប៉ុន (JDS) ចំនួន ២៤​រូប ដែល​សុទ្ធសឹងតែ​ជា​មន្ត្រីរាជការ មក​ពី​ស្ថាប័ន​ជាតិ​នានា​ទូទាំង​ប្រទេស​កម្ពុជា នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី បាន​សម្តែង​ការអបអរ​ចំពោះ​និស្សិត​ទាំងអស់ ដែល​ទទួលបាន​អាហារូបករណ៍ ពី​រាជរដ្ឋាភិបាល​ជប៉ុន និង​បាន​ជម្រាបជូន​អំពី​សាវតារ នៃ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា ទៅ​ក្នុង​តំបន់ និង​ពិភពលោក​។ លោក​រដ្ឋមន្ត្រី ក៏បាន​ចែករំលែក​សមិទ្ធផល ការងារ​សំខាន់ៗ​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​បានមកពី​ការអនុវត្ត​កម្មវិធី​កំណែទម្រង់ និង​គោល​នយោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ជា​ច្រើន សំដៅ​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា ជាពិសេស​ធានា​ដល់​ការលូតលាស់​នៃ​វិស័យ​ឯកជន ដែល​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ជូនពរ​ដល់​ប្រតិភូ​និស្សិត​អាហារូបករណ៍​ទាំងអស់ ទទួលបាន​ជោគជ័យ​ក្នុង​ការសិក្សា និង​បាន​ផ្តាំផ្ញើ ឱ្យ​ខិតខំ​ប្រឹងប្រែង​សិក្សា ដើម្បី​ក្រេបជញ្ជក់​យក​ចំណេះវិជ្ជា​ថ្មីៗ និង​បទពិសោធន៍​ល្អៗ ពី​ការសិក្សា​នៅក្នុង​ប្រទេស​ជប៉ុន ដើម្បី​វិល​ត្រឡប់​​មក​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាមួយ​រាជរដ្ឋាភិបាល នាពេល​អនាគត​។​

​សូមជម្រាបថា កម្មវិធី​អាហារូបករណ៍​អភិវឌ្ឍន៍​ជប៉ុន (JDS) គឺជា​គម្រោង​ជំនួយ​ឥត​សំណង សម្រាប់​ជួយ​ពង្រឹង​ការអភិវឌ្ឍ​ធនធាន​មនុស្ស ផ្តួចផ្តើមឡើង​ដោយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន នៅក្នុង​ឆ្នាំ​ ២០០០ ដើម្បី​ផ្តល់​ឱកាស​ជូន​មន្ត្រីរាជការ​វ័យក្មេងរ​បស់​កម្ពុជា ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​ថ្នាក់​បណ្ឌិត លើ​មុខ​ជំនាញ​ផ្សេងៗ នៅ​តាម​សាកលវិទ្យាល័យ​ល្បីៗ​ក្នុង​ប្រទេស​ជប៉ុន​។ គិត​មក​ដល់​ឆ្នាំ ២០១៨​នេះ មាន​និស្សិត​កម្ពុជា​ចំនួន ៤១៦​នាក់​ហើយ ដែល​បាន​ទទួល​អាហារូបករណ៍​នេះ​៕​