​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាព​ទឹកជំនន់​ទន្លេ​​រយៈពេល​៣ ឬ​៤​ថ្ងៃ ខាងមុខ នឹង​ឡើង​ខ្ពស់​ជាង​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន សូម​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ។​

Loading...

​សេចក្ដីជូនដំណឹង របស់​ក្រសួង​ធនធានទឹក បានឲ្យដឹងថា បន្ទាប់​ពី​បាន​ធ្វើ​ការតាមដាន ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​ ​និង​ស្ថានភាព​ទឹកជំនន់ ទន្លេមេគង្គ​លើ​រួចមក ក្រសួង​ធនធានទឹក សូម​ជម្រាប​ជូនដំណឹង​ដល់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​ ​និង​សាធារណជន ថា កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​ ​និង​នៅ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង របស់​ទន្លេ​សា​កុង ទន្លេសេសាន និង​ទន្លេស្រែពក និង​បាន​បង្ក​ធ្វើឲ្យ​ទឹកទន្លេ​ទាំងបី​នេះ​ ​ហក់​ឡើង​បន្ដិចបន្ដួច​។ ចំណែក​ថ្ងៃទី​៧ ខែ​សីហា ភ្លៀង​បាន​បន្ដ​ធ្លាក់​នៅ​តំបន់ ប៉ាក់​សេ (​ប្រទេស​ឡាវ​) ក្នុង​កម្រិត ១២៣ មិល្លីម៉ែត្រ​ តែ​ផ្ទៃដី​ដែល​ទទួលបានរ​បាយទឹក​ភ្លៀង​នេះ មាន​ទំហំ​តូច ពោល​គឺ ភ្លៀង​បាន​ធ្លាក់​គ្របដណ្ដប់​តែ​លើ​ទីប្រជុំជន ប៉ាក់​សេ​ប៉ុណ្ណោះ​។​

​បច្ចុប្បន្ន មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ បាននិងកំពុង​អូស​កាត់​អាង​ទន្លេមេគង្គ ក្នុងប្រទេស ថៃ និង​ប្រទេស​ឡាវ​ ​ប៉ុន្ដែ​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នៅ​មាន​ឥទ្ធិពល​ខ្សោយ ដោយ​បង្ក​ឲ្យមាន​ការ​ធ្លាក់ភ្លៀ​ង តែ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​ប៉ុណ្ណោះ​។​

​យោង​តាម​ការព្យាករណ៍ ទឹកជំនន់​ទន្លេ ក្នុងប្រទេស​កម្ពុជា មាន​ស្ថានភាព​ដូចខាងក្រោម​៖ ១) នៅ​ខេត្ត​ស្ទឹងត្រែង ទឹកនឹង​កើនឡើង​ដល់​កម្ពស់ ១០,៧៩​ម៉ែត្រ ក្នុង​រយៈពេល​១ ឬ​២​ថ្ងៃ​ទៀត (​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន​ ១០,៧០​ម៉ែត្រ​)​។ ២) នៅ​ខេត្ត​ក្រចេះ ទឹកនឹង​កើនឡើង​ដល់​កម្ពស់ ២១,៩៦ ម៉ែត្រ (​កម្រិត​កម្ពស់​ត្រូវ​ប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ​) ក្នុង​រយៈពេល​២ ឬ​៣​ថ្ងៃ ទៀត​។ ៣) នៅ​ខេត្ដ​កំពង់ចាម ទឹកនឹង​ឡើង​ដល់​កម្ពស់ ១៥,២៨ ម៉ែត្រ ខ្ពស់​ជាង​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន​

(​កម្រិត​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥,២០​ម៉ែត្រ​) ក្នុង​រយៈពេល ៣​ឬ​៤​ថ្ងៃ ខាងមុខ​។ ៤) ចំពោះ​ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប ទឹក​នឹង​បន្ដ​កើនឡើង សន្សឹមៗ​បន្ថែមទៀត​។ ៥) បឹង​ទន្លេសាប ទឹក​មាន​កម្ពស់ ៥,៣៣ ម៉ែត្រ ពោល​គឺ​នៅ​មាន​លទ្ធភាព​ស្រូបយក ទឺកជំនន់​បាន​ច្រើន​បន្ថែមទៀត​។​

​យោង​តាម​ស្ថានភាព​ទឹក ដូច​បាន​ព្យាករណ៍ សូម​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់ ផ្សេងៗ ដែល​អាច​កើតឡើង​៕

​ក្រសួង​ធនធានទឹក ក៏​បាន​ចេញ​ផ្សាយ​ពី​កម្រិត​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​តាម​បណ្តា​រាជធានី​-​ខេត្ត និង​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ៩ ខែ​សីហា ឆ្នាំ ២០១៨ ៕