ភ្នំពេញ —នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រុម​ពលរដ្ឋ​បុរី​កីឡា​ និង​សហគមន៍​បឹងកក់ ​មាន​គ្នា​មិន​ដល់​១០នាក់​ បាន​ចេញ​ទៅ​តវ៉ា​នៅមុខ​ផ្ទះ​ អ្នកស្រី​ស៊ុយ សុផាន ​ដែល​ពួក​គេ​ចោទ​ថា​ មិន​បាន​ផ្តល់​សំណង​សមស្រប​ចំពោះ​ការ​បាត់បង់​ផ្ទះ​សម្បែង​របស់​ពួកគេ កាល​ពី​ឆ្នាំ​២០១២។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នកតវ៉ា​ ​និង​លិខិត​ដែល​ធ្លាប់​ដាក់​ប្តឹង​ទៅ​មេដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ។​

Loading...

នៅក្នុង​ការ​តវ៉ានៅថ្ងៃ​ព្រហស្បតិ៍​ ​ក្រុម​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​បាន​សំណង​ពី​ការ​បាត់​បង់​ផ្ទះ​សម្បែង​នោះ​ បាន​ចោទ​អ្នកស្រី​ស៊ុយ សុផាន​ ថា​ ​បាន​លែង​សត្វ​ឆ្កែពីរក្បាល​ ឲ្យ​មក​ប្រឈម​នឹង​អ្នកតវ៉ា​ ​ដែល​ធ្វើឲ្យ​ស្រ្តី​អ្នកតវ៉ា​ម្នាក់​រង​របួស។

អ្នកស្រី​ ​ភោគ សុភីន​ ​ដែល​ជា​អ្នកដឹកនាំ​ការ​តវ៉ា​ ​បានប្រាប់​ ​VOA​ ​នៅមុខ​ផ្ទះ​អ្នកស្រី​ ​ស៊ុយ សុផាន​ ​ថា៖​

«គាត់​ធ្វើ​គ្រប់​វិធី​សាស្ត្រ​ដើម្បី​ធ្វើបាប​ពួកខ្ញុំ​ ឆ្កែ​គាត់​ឲ្យ​ខាំ​ លែង​ឆ្កែ​ឲ្យ​ខាំ​ បាញ់​ទឹក​ដាក់​ពួក​ខ្ញុំ​ មិន​ឲ្យ​អង្គុយ។ ធ្វើបាប​ពួក​ខ្ញុំ​ សព្វ​បែប​ សព្វយ៉ាង​ហើយ​ គាត់​មិន​ព្រម​ដោះស្រាយ​ឲ្យ​ខ្ញុំ​ទៀត​ មក​គាត់​ប្រើ​ហិង្សា​អីចឹង​ដាក់​ខ្ញុំ។ គាត់​ធ្វើអី​មិន​កើត​ គាត់​ប្រើ​សត្វ​ពន្លាត់​របស់​គាត់​មក​ខាំ​ ពួកខ្ញុំ​ ហើយ​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​ទេ»។​

អ្នកស្រី​ភោគ​ សុភីន​ អះអាង​ថា​ អ្នកស្រី​បាន​រស់​នៅក្នុង​តំបន់​បុរី​កីឡានេះ​ តាំងពីឆ្នាំ​១៩៩៦​មកម្ល៉េះ ហើយ​ផ្ទះ​អ្នកស្រី​ត្រូវបាន​គេ​ឈូសឆាយ​ ក្នុងឆ្នាំ​២០១២​ ​ជា​ពេល​ដែល​ក្រុមហ៊ុន​ផានអ៊ីមិច​ របស់​អ្នកស្រី​ស៊ុយ​ សុផាន ​ចូលទៅ​ធ្វើការ​អភិវឌ្ឍន៍​ក្នុងតំបន់​នោះ។​

ពាក្យ​បណ្តឹង​របស់​អ្នកស្រី​ ​ភោគ សុភីន​ ដែល​បាន​ដាក់​ប្តឹងទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន ​កាល​ពីខែ​សីហា​ ឆ្នាំ​២០១៧ បាន​បញ្ជាក់​ឲ្យដឹង​ថា​ ​នៅថ្ងៃទី​៣​ ខែ​មករា​ ឆ្នាំ​២០១២​ ក្រុមហ៊ុន​ផានអ៊ីមិច​ និង​អាជ្ញាធរ​សាលារាជ​ធានី​ភ្នំពេញ​ ​បាន​ឈូសឆាយ​ ​ផ្ទះ​សម្បែង​ប្រជា​សហគមន៍​ក្រីក្រ​ជាង​៣០០​គ្រួសារ​ ​ដោយ​មិនមាន​សំណង​នោះ​ឡើយ។​

ក្នុង​លិខិត​ដដែល​នោះ​ ​អ្នកស្រី​បាន​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អន្តរាគមន៍​រក​ដំណោះ​ស្រាយ​ ​ដល់​អ្នកស្រី និង​អ្នក​រងគ្រោះ​ដទៃ​ទៀត​ ព្រោះ​ក្រុមហ៊ុន​ផានអ៊ីមិច​ មិន​គោរព​តាម​កិច្ចសន្យា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ដោយ​ក្រុមហ៊ុន​នេះ​ សន្យា​ថា​ សង់​អគារ​ចំនួន​១០​ តែ​ក្រុមហ៊ុន​សង់​បាន​តែ​៨អគារ​ប៉ុណ្ណោះ​ ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​មិន​បាន​ទទួល​ផ្ទះ​រស់នៅ​នៅ​ក្នុង​បុរីកីឡា។

លិខិត​នោះ​ ​បាន​សរសេរ​តាមន័យ​ដើម​ថា៖ «ក្រោយ​ពី​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ សាលា​រាជធានី​ភ្នំពេញ​ បាន​ដោះស្រាយ​ផ្ទះ​ឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​បុរីកីឡា​ នៅភូមិ​អណ្តូង ​នៅ​ជាយ​ក្រុង​ភ្នំពេញ​ មាន​អ្នកខ្លះ​ បាន​សំណង​ជា​ថវិកា​សមរម្យ​ និង​បាន​ចាក​ចេញ​ពី​បុរីកីឡា​រួចទៅ​ហើយ។ ប៉ុន្តែ​នាងខ្ញុំ​ ភោគ សុភីន​ មិនមាន​ឈ្មោះ​ក្នុងបញ្ជី​ របស់​សាលា​រាជធានី​ភ្នំពេញ​ ដែល​ផ្តល់​ដំណោះស្រាយ​បែប​ណា​នោះ​ទេ»។​

អ្នកស្រី​ ​ភោគ សុភីន​ ​បាន​បន្ថែម​ទៀត​ថា៖ ​

«ខ្ញុំសុំ​ឲ្យ​យាយ​ផាន់​ហ្នឹង​ ឈូស​ផ្ទះ​ខ្ញុំ​ ដោះស្រាយ​ឲ្យ​ខ្ញុំ​ ហើយ​បើ​ថា​ គាត់​ប្រគល់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ ដោះស្រាយ​ទេ ​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ហ្នឹង​ មើល​ដល់​ពួកខ្ញុំផង​ ដែល​ពួកខ្ញុំ​រងទុក្ខ​វេទនា​ ទៅ​តវ៉ា​ មក​គាត់​លែង​ឆ្កែ​ឲ្យខាំ​ ហើយប្រើ​ហិង្សា​ដល់​ពួកខ្ញុំ​សព្វបែបសព្វ​យ៉ាង​នេះ ​រដ្ឋា​ភិបាល​នេះ។ តើ​មើល​ដល់​ពួកខ្ញុំ? ហើយ​សុំ​អំពាវនាវ​ដល់​សម្តេច​ហ៊ុន សែន​ មើល​រាស្ត្រ​ក្រីក្រផង! ដែល​គាត់​ជាប់​ឆ្នោត​នៅអាណត្តិ​ទី៦​ហើយ​ សុំឲ្យ​មើល​រាស្ត្រ​អ្នកក្រ សុំកុំ​ឲ្យគាត់​ប្រើមន្ត្រី​ថ្នាក់​ក្រោម​ ថ្នាក់​ក្រោម​ធ្វើបាប​រាស្ត្រអីចឹង»។​

កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ​អភិបាល​រង​រាជធានី​លោក​ ​មាន ចាន់យ៉ាដា​ ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​លើក​ទី​មួយ​ ​ដោយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​មាន​ប្រជាពលរដ្ឋ​ជាង​ ​៩០​ភាគរយ​ ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ ផានអ៊ីម៉ិច​ បាន​ព្រម​ទទួល​យក​សំណង​ ហើយ​នៅ​មាន​គ្រួសារ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ ដែល​មិន​ទាន់​អញ្ជើញ​មក​ទទួល​សំណង។​

សេចក្តី​ជូន​ដំណឹង​លើក​ទី​មួយ​នោះ​ បាន​ផ្តល់​ពេល​ពីរ​សប្តាហ៍​ដល់​អ្នក​ដែល​នៅ​សេសសល់​ឲ្យ​មក​ទទួល​សំណង​គោល​នយោបាយ។ ក្រោយ​ការ​ចេញ​សេចក្តី​ជូន​ដំណឹង​ដដែល​នោះ​ ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ នៅ​តែ​មិនព្រម​រើ​ចេញ​ពី​អគារ​បុរី​កីឡា​ចាស់​ ហើយ​ទោះបី​អាជ្ញាធរ​ខណ្ឌ៧​ ​មករា ​ទុក​ពេល​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ចាកចេញ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត​ ដោយ​មាន​សំណង​គោល​នយោបាយ​ក៏​ក្រុម​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្ទះនៅ​ក្នុង​សហគមន៍​បុរីកីឡា​ដដែល​ មិន​ព្រម​ចាក​ចេញពី​ផ្ទះ​ និង​ទីជម្រក​ក្នុង​អគារ​ចាស់​ក្នុង​ប្លុក​បុរីកីឡា។​

VOA​ ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពីអ្នកស្រី ស៊ុយ សុផាន​ បាន​នៅឡើយទេ​ ​នាថ្ងៃ​ព្រហស្បតិ៍​នេះ។​ ​VOA​ ​ក៏មិនទាន់​អាច​សុំការ​អធិប្បាយ​ពីលោក​ម៉េត មាសក្តី​ ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានដែរ​ ដោយសារ​ទូរស័ព្ទ​លោករោទិ៍​ ​តែ​គ្មាន​អ្នកទទួល។​

ក្នុងការ​តវ៉ា​នៅមុខ​ផ្ទះ​អ្នកស្រី​ស៊ុយ សុផាន​ ដែល​ស្ថិតនៅ​ក្បែរ​ផ្សារដើមគរ​ ក្នុងរាជធានី​ភ្នំពេញ​នេះ​ គេ​ឃើញ​ស្ត្រីម្នាក់​អង្គុយយំ​ ដោយ​មាន​របួស​តូចមួយ​នៅ​ត្រង់ជើង។ របួស​នេះ ត្រូវ​ក្រុម​អ្នក​តវ៉ា​ អះអាង​ថា​ ជា​សកម្មភាព​របស់​សត្វឆ្កែ​ចិញ្ចឹម​ដោយ​អ្នកស្រី​ស៊ុយ សុផាន។

អ្នកស្រីភោគ​ សុភីន ​ឲ្យដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​ប្រមាណ​២០គ្រួសារ​ ដែល​នៅមិន​ទាន់​បាន​ទទួលការ​ដោះ​ស្រាយ​ពី​អ្នកស្រី​ ​ស៊ុយ សុផាន​ ​និង​សាលា​រាជធានី​ភ្នំពេញ៕ ប្រភព៖ VOA