វ៉ាស៊ីនតោន —សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ បាន​ចាត់ទុក​ការ​បោះឆ្នោត​របស់​កម្ពុជា​កាលពីចុងខែ​កក្កដា គឺ​ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ​ ដែល​មិន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ទេ។ ទន្ទឹម​នឹង​នេះ​ សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ដូច​ដែល​បាន​ចាត់ការ​ម្តង​ហើយ​កាលពី​ចុងឆ្នាំ​២០១៧ គឺ​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួងការបរទេស​កម្ពុជា និង​ក្រុម​គ្រួសារ។

ដោយ​ឡែក​សហគមន៍​អឺរ៉ុប​នៅ​មិន​ទាន់​សម្រេច​ចេញ​ជា​វិធានការ​ទណ្ឌកម្ម​អ្វី​ជាក់​លាក់​នៅឡើយ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​តាមដាន​ចង់​ដឹង គឺ​ឋានៈពន្ធអនុគ្រោះ «រាល់មុខ​ទំនិញ​លើកលែង​តែ​អាវុធ‍» (EBA) ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហគមន៍​អឺរ៉ុប​ ហើយ​កំពុង​ស្ថិតក្រោម​ការ​ពិនិត្យ​មើល។

ក្នុងពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ទូទៅ​ថា ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​អាច​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ​កម្ពុជា ​ដែល​រស់នៅ​ពឹង​អាស្រ័យ​លើ​ការងារ​រោងចក្រ​ដែល​ចិញ្ចឹម​ជីវិត​ប្រចាំខែ អ្នក​ឯកទេស​ខាង​ផ្នែក​សិទ្ធិ​មនុស្ស មើល​ឃើញ​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ម្នាក់ៗ​ ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រើ​ប្រាស់​នឹង​មាន​ប្រសិទ្ធភាព​ចំពោះ​ថ្នាក់​ដឹកនាំ​កម្ពុជា​ ហើយ​នេះ​ជា​អ្វី​ដែល​ពួកគេ​កំពុង​តែ​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​អនុវត្ត។

លោក​ប្រែដ អាដាម​ នាយក​ប្រចាំ​តំបន់​អាស៊ីនៃ​អង្គការ​ Human Rights Watch ​បាន​បញ្ជាក់​ប្រាប់​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​នៃ​សហគមន៍​ខ្មែរ-​អាមេរិកាំង​ក្នុង​មហាសន្និបាត​មួយ​នៅ​រដ្ឋ​មិនីសូតា​ កាលពី​សប្តាហ៍​មុន​ថា៖​

«យើង​កំពុងតែ​ធ្វើ​កិច្ចការ​ពាក់​ព័ន្ធ​នឹង​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ ​និង​ផ្អឹប​ទុក​ទ្រព្យ​សម្បត្តិ​របស់​ឧត្តមសេនីយ៍​ទុច្ចរិត​ទាំង​១២នាក់ ​និង​លោក​ហ៊ុន សែន​ និង​មនុស្ស​រាប់​សិប​នាក់​ទៀត ​ដែល​មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ និង​អំពើ​ពុករលួយ​ដូចគ្នា។ គោលដៅ​របស់​យើង​គឺ​ធ្វើ​ឱ្យ​របប​នេះ​នៅ​ឯការ​ ដើម្បី​ពួកគេ​ទទួល​ការ​ឈឺចាប់​ពី​អ្វី​ដែល​ពួកគេ​ទើបបាន​ប្រព្រឹត្ត‍»។​

ប្រទេស​កម្ពុជា​ពឹង​ពាក់​យ៉ាង​ខ្លាំង​លើ​ទីផ្សារ​នាំ​ផលិតផល​ចេញ​ទៅ​សហគមន៍​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក ដែល​ការ​នាំចេញ​ក្នុង​មួយឆ្នាំៗ មាន​ទំហំ​ជាង​៨ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​តួលេខ​ក្នុង​ឆ្នាំ​២០១៧។ ទីផ្សារ​ដ៏ធំ​ជាង​គេ​របស់​កម្ពុជា​ គឺ​សហគមន៍​អឺរ៉ុប​ដែល​ទទួលទិញទំនិញ​ឧស្សាហកម្ម​កម្ពុជា​ចំនួន​៤,៨ពាន់​លាន​ដុល្លារ​ និង​កសិកម្ម​ចំនួន​១៨១លានដុល្លារ។ នៅ​សហរដ្ឋ​អាមេរិក​ទទួល​ទិញ​ទំនិញ​កម្ពុជា​ មាន​ចំនួន​ជាង​៣ពាន់​លានដុល្លារ។

ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​កម្ពុជា​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​នេះ​ ក៏​ស្ថិតនៅ​ជា​សំណួរ​ផងដែរ​ នៅក្នុង​ក្រសែ​ភ្នែក​អន្តរជាតិ បើ​ទោះបី​ជាមន្ត្រី​កម្ពុជា​និង​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ចាត់​ទុក​ថា​ ការ​បោះឆ្នោត​នេះ​មិន​មែន​ដើម្បី​បំពេញ​ចិត្ត​បរទេស​ណា​ទេ។

​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ផ្គើន​ទៅ​ឱ្យ​សហគមន៍​អន្តរជាតិ​ថា​ លោក​មាន​គម្រោង​នឹង​ទៅ​ថ្លែង​ការណ៍​នៅ​ទីក្រុង​ញូវយ៉ក​ នា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ​នៅ​ចុង​ខែ​កញ្ញា ​បើសិន​ជា​បង្កើត​រដ្ឋាភិបាល​ទាន់​ពេល​ ដើម្បី​បង្ហាញ​ថា​ រដ្ឋាភិបាល​របស់​លោក​មិន​ត្រូវ​ការ​ការ​ទទួលស្គាល់​ពី​អន្តរជាតិ​ទេ។ ​លោក​បាន​កំណត់​ឱ្យ​បង្កើត​រដ្ឋាភិបាល​នៅថ្ងៃទី​៦​ ខែ​កញ្ញា​ខាង​មុខ​នេះ។

«ដើម្បី​ពេល​ហ្នឹង​ ខ្ញុំ​នឹង​ទៅ​អង្គការ​សហប្រជាជាតិ។ ខ្ញុំ​មាន​ឱកាស​ទៅ​អង្គការ​សហប្រជាជាតិ​ទៅ​ថ្លែងការណ៍​នៅ​អង្គការ​សហប្រជាជាតិ​ឱ្យ​អ្នក​ឯងមើល ​ដើម្បី​ឱ្យ​ដឹង​ថា​រដ្ឋ​អធិបតេយ្យ​មួយ​ដែល​ធ្វើការ​បោះឆ្នោត​របស់​ខ្លួន​ តើ​មាន​តម្រូវ​ការ​ប្រថាប់ត្រា​ពី​អ្នកណា​ក្រៅពី​ព្រះមហាក្សត្រ​របស់​ខ្លួន?‍»

លោក​ហ៊ុន សែន​ ក៏​បាន​លាតត្រដាង​ពី​គម្រោង​ទៅ​ជួបប្រជុំ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​សហគមន៍​អឺរ៉ុប នៅ​ខែ​តុលា​ផងដែរ​ ហើយ​បាន​ផ្គើន​ដល់​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហគមន៍​អឺរ៉ុប​ ដែល​គំាំ​ទ្រ​គណបក្ស​សង្គ្រោះជាតិ​ឱ្យ​រង់ចាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោ​កផង។​

«ប្រាប់​ផែនការ​ទុក​ឱ្យ​ហើយ​ដើម្បី​ឱ្យ​ដឹង​ការ​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ ហើយប្រមូល​គ្នា​មក។ ឥឡូវ​ហ្នឹង​មាន​ប្រទេស​មួយ​ចំនួន​ដែល​ជា​ម្ចាស់​ប្រទេស​គេ​ បាន​ធុញទ្រាន់​ជាមួយ​នឹង​ខ្មែរ​ធ្វើបាតុកម្ម​នៅ​ស្រុក​គេ​ ហើយ​អីចឹង​សូមបន្ត​ធ្វើ​បាតុកម្មទៅ»។​

រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ថា​ ដំណើរ​ការ​បោះឆ្នោត​នៅកម្ពុជា​មិន​ស្រប​ច្បាប់​ទេ​ ហើយ​ក្នុងរយៈពេល​តែ​បីថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​ រដ្ឋសភា​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ឬ​សេចក្តី​ព្រាងច្បាប់​លេខ​៥៧៥៤​ ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាមឃាត់​ទិដ្ឋាការ​មន្ត្រី​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្នុងចំណោម​នោះ ​មាន​លោក​ហ៊ុន សែន​ កូនប្រុស​ស្រី​ខ្លះ​របស់​លោក​ និង​មន្ត្រី​ជិតស្និទ្ធ​មួយ​ចំនួន ដែល​មានដូច​ជា​លោក​ ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផង​ដែរ។

លោក ​អាឡាំង ​ឡូវឹនសល ​អ្នក​តំណាងរាស្រ្ត​សហរដ្ឋអាមេរិក​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​បាន​ប្រាប់ ​វីអូអេ​ តាម​សារអេឡិកត្រូនិក​ថា ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​គ្មាន​ភាព​ស្រប​ច្បាប់​ដែល​អាច​នឹង​និយាយ​ជាមួយ​នឹង​រដ្ឋ​បរទេស​បានទេ។

លោក​បាន​បន្ថែម​ថា៖

«ការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពីថ្ងៃអាទិត្យ​ គឺ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ វា​មិនមែន​ជា​ការ​សម្រេច​ដោយ​ឆន្ទៈ​របស់​ពលរដ្ឋ​ទេ។ វា​ត្រូវ​បាន​សម្រេច​ដោយ​លោក ​ហ៊ុន សែន ​ក្នុង​ខែ​វិច្ឆិកា ​នៅ​ពេល​ដែល​លោក​បាន​ហាមឃាត់​គណបក្ស​ប្រឆាំង​ដ៏​ពិត​ប្រាកដ​តែ​មួយ​គត់ ដើម្បី​ធានា​ការ​ក្តោប​ក្តាប់អំណាច​របស់​លោក‍»។​

លោក ​ឡូវឹនសល ដែលជា​អ្នក​បាន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​លេខ​៥៧៥៤ បាន​ព្រមាន​ថា​ នឹង​មាន​ផលវិបាក​ដែល​សហរដ្ឋ​អាមេរិក ​និង​សហគមន៍​អឺរ៉ុប​ ដាក់​លើ​ប្រទេស​កម្ពុជា។ លោក​បាន​បន្ថែម​ថា៖

«គេ​បាន​សន្យា​នឹង​ពលរដ្ឋ​កម្ពុជា​ថា​ នឹង​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​ប៉ុន្តែ​ជំនួស​មក​វិញ​ ពួកគេ​បែរ​ជា​ទទួល​បាន​ការឆាក​សម្តែង​មួយ​ ដែល​រៀបចំ​ឡើង​ដោយ​ជន​ផ្តាច់ការ​ម្នាក់។ របប​របស់​គាត់​មិន​អាច​អះអាង​ពី​ភាព​ស្របច្បាប់​អ្វី​ទាំងអស់​ចំពោះ​ការ​បំផ្លាញចោល​ឆន្ទៈ​របស់​ពលរដ្ឋ​ទេ‍»។

សម្រាប់​សហរដ្ឋ​អាមេរិក​ ក្រៅពី​សេចក្តី​ព្រាង​ច្បាប់​លេខ​៥៧៥៤ គឺ​នៅ​មាន​សេចក្តីព្រាង​ច្បាប់​លេខ​២៤១២ ដែល​បាន​ស្នើឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចំនួន​ប្រាំ​រូប​ កាលពីថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨។

សេចក្តីព្រាង​«ច្បាប់​ស្តីពី​ការ​ទទួល​ខុសត្រូវ​របស់​កម្ពុជា​ និង​ធ្វើឱ្យ​ការ​វិនិយោគ​ត្រឡប់​ដូច​ដើម​វិញ‍​ឆ្នាំ២០១៨»​ ហៅកាត់​ថា​ CARI Act ឬ​សេចក្តី​ព្រាង​ច្បាប់​លេខ​២៤១២ របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ មាន​គោលដៅ​ដាក់ទណ្ឌកម្ម​ជន​ទាំងឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា​ ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ ហាមឃាត់​ទិដ្ឋាការ​ និង​ដាក់​លក្ខខណ្ឌ​លើ​ជំនួយ​ទៅ​កម្ពុជា​ ជំទាស់​រាល់​ការ​ផ្តល់​កម្ចី​ពី​ស្ថាប័ន​អន្តរជាតិ​ ហាមឃាត់​ការ​បង្វែរប្រាក់​បំណុល​ដែល​កម្ពុជាជំពាក់​សម្រាប់​បង្កើត​កម្មវិធី​ជំនួយ​សង្គ្រោះ​ និង​បង្កើន​ការ​ផ្សាយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​បាន​ដឹង​ពី​ការ​ចូល​ពាក់ព័ន្ធ​របស់​ប្រទេស​ចិន​ ក្នុង​របប​វាលពិឃាត​ខ្មែរ​ក្រហម​ជាដើម។ សេចក្តី​ព្រាង​ច្បាប់​នេះ​ស្ថិត​នៅក្នុង​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នៅ​ឡើយ។​

សម្រាប់​សហគមន៍ខ្មែរ​កិច្ចការ​បន្ទាន់ ដែល​ពួកគេ​កំពុង​ធ្វើ​គឺ​ការជំរុញ​សេចក្តី​ព្រាង​ច្បាប់​លេខ​៥៧៥៤ ទៅ​ដល់​ព្រឹទ្ធសភា​សម្រេច​ឱ្យ​បាន​ចេញ​ជា​ច្បាប់ ក៏​ដូច​ជា​ជំរុញ​សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធសភា​លេខ​២៤១២ ​ផង​ដែរ។

​លោក​ ខេន គីវ ដែល​រស់នៅរដ្ឋ​ម៉ារីឡែន បាន​គៀងគរ​សកម្មជន​ខ្មែរ​ដទៃ ​និង​ជនជាតិ​អាមេរិកាំង​ដទៃទៀត​ឱ្យ​ចូលរួម។

លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ដូច្នេះ​យើង​មាន​តំណាង​ទាំង​៥០រដ្ឋ​ គឺ​ថា​ជំរុញ​សរសេរ​សំបុត្រ​ហើយ​គឺ ឱ្យ​បងប្អូន​យើង​យក​សំបុត្រ​ហ្នឹង​ទៅ​តំណាង​សង្គ្រោះជាតិ​នៅ​គ្រប់​រដ្ឋ​ទាំងអស់។ គឺ​យក​សំបុត្រ​ដាក់​ម្តុំ​ ហើយ​យក​ទៅ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ផ្ទាល់​ និង​ជួប​គេ​ផ្ទាល់​តែម្តង​ ដើម្បី​ឱ្យ​គេ​យល់​គេ​ដឹង​ថា ​ទុក្ខ​វេទនា​របស់​ខ្មែរ​យ៉ាង​ណា​ ហើយ​យើង​យល់​ថា​ ការ​បោះឆ្នោត​នេះ​មិន​បាន​ត្រឹម​ត្រូវ​ ហើយ​នឹង​ចង់​បាន​កិច្ច​ព្រមព្រៀង​ប៉ារីស​ត្រឡប់​មក​វិញ‍»។​

លោក​ម៉ែន វណ្ណៈ អ្នក​នាំពាក្យ​សាខា​គណបក្ស​សង្គ្រោះជាតិ​អាមេរិកាំង​ប្រចាំ​នៅ​រដ្ឋ​ម៉ាស្សាឈូសិត​ បាន​បញ្ជាក់​ដែរ​ថា៖

«យើង​នឹង​បន្ត​ជំរុញ​ឱ្យ​សម្រេច​ច្បាប់​ហ្នឹង​ ឱ្យ​បាន​លឿន​អីចឹង​ ហើយ​បាន​ជា​យើង​នឹង​ត្រៀម​ធ្វើ​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​ទៀត​ ហើយ​មុន​ការ​បង្កើត​រដ្ឋាភិបាល​ដែល​នឹង​ធ្វើទៅ​៦០ថ្ងៃ​ ក្រោយ​ការ​បោះឆ្នោត​គឺ​យើង​ទាមទារ​ច្បាប់​៥៧៥៤ ឱ្យ​បាន​ចេញ​ជា​ច្បាប់​សម្រាប់​នៅ​សហរដ្ឋ​អាមេរិក​នេះ‍»។​

ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​សកម្មជន​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លោក​ប្រែដ អាដាម បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​របស់​សហគមន៍​ខ្មែរ​អាមេរិកាំង​ក្នុង​ការ​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ងាក​មក​ចាប់​អារម្មណ៍​នឹង​បញ្ហា​កម្ពុជា៖

«មាន​គ្រោះថ្នាក់​ធំ​ណាស់​សម្រាប់​លោក​ហ៊ុន សែន។ ខ្ញុំ​គិត​ថា ​គាត់​គិតគូ​ខុស​ហើយ។ គាត់​មិន​យល់​ទេ។ គាត់​ប្រហែលជា​គិត​ថា​ នៅទីបំផុត​មានតែ​ចិន​មួយ​គឺ​គ្រប់គ្រាន់។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​គាត់​ខុស​ហើយ។ ពួកយើង​ទាំងអស់​គ្នា​មាន​តួនាទី​ក្នុងការ​ធានា​ថា​រាល់​ប្រទេស​ដែល​បាន​ប្រកាន់ជំហរ​ទន់ភ្លន់​ចំពោះ​កម្ពុជា​ យល់​ឱ្យ​បាន​ច្បាស់ពី​អ្វី​ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ធ្វើការ​សម្រេច​ចិត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ពី​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​នឹង​កម្ពុជា​ក្នុង​ពេល​អនាគត។ យើង​មិន​ត្រូវ​ឱ្យ​លោក ហ៊ុនសែន​ មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ទៀត​ទេ។ នេះ​គឺជា​គោលដៅ​ការងារ​របស់​ខ្ញុំ‍»។​

លោកប្រែដ អាដាម​ បាន​បញ្ជាក់​ថា​ ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​ អាច​ចូលរួម​ទាមទារ​ឱ្យ​ក្រសួង​ការបរទេស និង​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ ចាត់​វិធានការ​មួយ​ចំនួន​បាន​ដោយ​ការ​សរសេរ​លិខិត​ដោយ​ផ្ទាល់​ទៅ​ក្រសួង​ទាំងនេះ។

យន្តការ​ដែល​សហរដ្ឋ​អាមេរិក​អាច​ប្រើ​ប្រាស់​ដើម្បី​ដាក់​ទណ្ឌកម្ម​ គឺ​នៅ​មាន​ច្បាប់​ម៉ាណិតស្គី​ ដែល​អនុញ្ញាត​ឱ្យ​ដាក់ទណ្ឌកម្ម​លើ​ជន​ណា​ដែល​បាន​រំលោភ​លើ​សិទ្ធិមនុស្ស និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។ រហូត​មក​ដល់​ពេលនេះ​ ច្បាប់​នេះ​បាន​ប្រើប្រាស់​ដាក់​ទណ្ឌកម្ម​លើ​លោក​ហ៊ីង ប៊ុនហៀង មេ​បញ្ជាការ​អង្គរក្ស​របស់​លោក​ហ៊ុន សែន។

គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​កាលពី​ចុងឆ្នាំ​២០១៧ ​និង​ត្រូវ​ផាត់ចេញ​ពី​ឆាក​នយោបាយ​ ដោយ​មិន​ឱ្យ​ចូល​រួម​ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា​នោះ​ បាន​អះអាង​ថា​ វិធានការ​ដាក់​ទណ្ឌកម្ម​មិនមែន​ជា​ការ​ចង់​បាន​របស់​ខ្លួន​ឡើយ គឺ​វា​ជា​កាតព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ​ ដែល​បាន​វិនិយោគ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តាំងពីឆ្នាំ​១៩៩១​មក។

លោកស្រី​មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ដាក់​កំហុស​ទៅលើ​ទង្វើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប៉ុណ្ណោះ​ ដែល​នឹង​ធ្វើ​ឱ្យ​ទណ្ឌកម្ម​នេះ​ចេញ​ជា​រូបរាង​ឡើង។

លោកស្រី​បាន​បន្ថែម​ថា៖

«នៅក្នុង​ការ​ដាក់​សម្ពាធ​រហូត​ដល់​សេដ្ឋកិច្ច​ ភាព​ឯការ​នៃ​កម្ពុជា ​យើង​ការ​អត់​ឃ្លាន​នៅក្នុង​ការ​រក​ទទួល​ទាន​នៅក្នុង​ការ​បាត់​ការងារ​នេះ​ មិនមែន​ជា​រឿង​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សង្គ្រោះជាតិ​ទេ។ កុំ​យល់​ច្រឡំ​ឱ្យ​សោះ​ ពីព្រោះ​គេ​មិន​បាន​ព្រមាន​ទៅ​គណបក្ស​សង្គ្រោះជាតិ​ឯណា? គេ​បាន​ព្រមាន​ទៅ​លោក​ហ៊ុន សែន​ ថា​កុំ​ឱ្យ​គេ​ដាក់​ទណ្ឌកម្ម។ គេ​មិន​ចង់​ដាក់​ទណ្ឌកម្ម​ទេ»។​

លោក​ស្រី​បាន​បន្ថែម​ថា ​ការ​មានៈរៀបចំ​ការ​បោះឆ្នោត​ដោយ​គ្មាន​អតីត​គណបក្ស​ប្រឆាំង​ និង​ការ​សម្រេច​យក​អាសនៈ​សភាជាតិ​ទាំង​១២៥​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​ចំណុច​ចុងក្រោយ​ដែល​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕ ប្រភព៖ VOA