​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី កាលវិភាគ​នៃ​ការចរចា ប្រាក់​ឈ្នួល​អបប្បរមា​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៩​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា កាលវិភាគ​នៃ​ការចរចា​ប្រាក់​ឈ្នួល​អបប្បរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៩ នឹង​ធ្វើ​ឡើង​ទៅ​តាម​ពេលវេលា និង​លក្ខណវិនិច្ឆ័យ​ដូចខាងក្រោម​៖

១.ខែ​សីហា ឆ្នាំ​២០១៨ ជា​ការចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នី​មួយៗ និង​ជា​លក្ខណៈ​ទ្វេភាគី​។

២.ខែ​កញ្ញា ឆ្នាំ​២០១៨ ជា​ការចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា លក្ខណៈ​ត្រីភាគី ។

​៣.គ្រប់​ភាគី​ទាំងអស់​ត្រូវ​ប្រើ​លក្ខណៈវិនិច្ឆ័យ​បែប​សង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុង​ការរស់នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ក៏ដូចជា​បន្ទាត់​ភាពក្រីក្រ សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​។

៤.គ្រប់​ភាគី​ទាំងអស់ សូម​ផ្តោតលើ​ទិន្នន័យ និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយយោង​តាម​លក្ខណវិនិច្ឆ័យ​ទាំង​៧ ដូចដែល​បាន​កំណត់​ក្នុង​មាត្រា​៥ នៃ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការសម្របសម្រួល​ផ្ទៃក្នុង និង​ប្រកាន់​គោលជំហរ​រួមមួយ​។​

​សូមជម្រាបថា ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង នៅ​កម្ពុជា បានចាប់ផ្តើម​ដំឡើង​ជា​បន្តបន្ទាប់​រៀង​រាល់​ឆ្នាំ ហើយ​កាលពី​ឆ្នាំ​២០១៨ ប្រាក់​ឈ្នួល​របស់​កម្មករ បាន​កើន​ដល់​ចំនួន ១៧០​ដុល្លារ​អាមេរិក​ក្នុង​១​ខែ ហើយ​បូករួម​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ កើនឡើង​ដល់​ជាង​២០០​ដុល្លារ​៕