​​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​គាំទ្រ​ចំពោះ​ការ​សហការ​វិនិយោគ រវាង​សហគមន៍​អឺរ៉ុប និង​ក្រុមហ៊ុន​អង្ករ​កសិកម្ម​រុងរឿង​ចំ​កាត់ លើ​វិស័យ​កសិកម្ម នៅ​កម្ពុជា ជាពិសេស​ក្រុមហ៊ុន ត្រូវ​បន្ត​ជួយ​ជំរុញ​ផលិតកម្ម​ពូជស្រូវ សុទ្ធ​ល្អ ឆ្លើយតប​តាម​ទម្រូវការ​ទីផ្សារ ធ្វើ​ទំនើបកម្ម​ផលិតកម្ម​ដំណាំ​ស្រូវ លើកស្ទួយ​កម្រិតជីវភាព​ប្រជាកសិករ តាមរយៈ​បង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើ​ចំណាកស្រុក​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអនុញ្ញាត​ឲ្យ​លោក ជីវ អា​នុសន នាយក​ក្រុមហ៊ុន​អង្ករ​កសិកម្ម​រុងរឿង​ចំ​កាត់ និង​សហការី ចូល​ល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​អំពី​គម្រោង​វិនិយោគទុន ជាមួយ​សហគមន៍​អឺរ៉ុប លើ​វិស័យ​កសិកម្ម ក្រោម​កិច្ចសហការ​ជាមួយ ក្រុមហ៊ុន​អង្ករ​កសិកម្ម​រុងរឿង​ចំកាត់​។​

​លោក​នាយក​ក្រុមហ៊ុន បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ថា រហូតមក​ទល់​បច្ចុប្បន្ន​ក្រុមហ៊ុន បាន​វិនិយោគ​លើ​ដំណាំ​ស្រូវ និង​កែច្នៃ​អង្ក​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៤ គឺ​ខេត្ត​កំពង់ស្ពី កំពត តាកែវ និង​ខេត្ត​កណ្តាល ដោយ​អនុវត្ត​ផលិតកម្ម​កសិកម្ម តាម​កិច្ចសន្យា​ជាមួយ​កសិករ​ជាង ២​ម៉ឺន​គ្រួសារ​ផលិត​ស្រូវ​ចំណី និង​ជាង ២​ពាន់​គ្រួសារ​ទៀត ជា​អ្នក​ផលិត​ពូជ តាមរយៈ​ផ្តល់​ពូជ និង​បច្ចេកទេស រួច​ប្រមូល​ទិញ ដើម្បី​ធ្វើ​ការកែច្នៃ​រួច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន និង​អឺរ៉ុប​។​

​លោក​បន្តថា អនាគត​ក្រុមហ៊ុន មាន​គ្រោង​ពង្រីក​ផលិតកម្ម​បន្ថែម នៅតាម​ខេត្ត​ទូទាំង​ប្រទេស ដោយ​ខ្ចី​ទុនវិនិយោគ ពី​សហគមន៍​អឺរ៉ុប។​

ទាក់ទង​នឹង​គម្រោង​វិនិយោគ​ខាងលើ ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​នេះ ដោយហេតុ​ថា​៖១-​ជួយ​ជំរុញ​ផលិតកម្ម​ពូជស្រូវ សុទ្ធ​ល្អ ឆ្លើយតប​តាម​ទម្រូវការ​ទីផ្សារ ២-​រួម​គ្នា​ជំរុញ​ការធ្វើ​ទំនើបកម្ម​ផលិតកម្ម​ដំណាំ​ស្រូវ និង​ទី​៣-​ចូលរួម​លើកស្ទួយ​កម្រិតជីវភាព​ប្រជាកសិករ តាមរយៈ​បង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើ​ចំណាកស្រុក​។​

​ជំហាន​បឋម​លោក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​ក្រុមហ៊ុន សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម នាយដ្ឋាន​ពាក់ព័ន្ធ និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៃ​ខេត្ត​គោលដៅ ដើម្បី​ពិនិត្យ និង​សិក្សា​វាយ​តម្លៃ​ទៅលើ​គោលការណ៍​ច្បាប់ និង​បច្ចេកទេស​ឲ្យបាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ជាមុនសិន​។​

​ទោះជា​យ៉ាងណា ក្រសួង​នៅតែ​គាំទ្រ​ចំពោះ​គម្រោង​ដែល​ក្រុមហ៊ុន បាន​លើកឡើង​ខាងលើ និង​រង់ចាំ​ផ្តល់​កិច្ចសហការ​៕