​​ភ្នំពេញ ​៖ គេហទំព័រ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​ក្រុម​ជនអនាមិក​លួច​ចូល​ទៅ​គ្រប់គ្រង​។​
​ករណី​នេះ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់បទបញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​និង​កំពុង​បើក​ការស្រាវជ្រាវ​ជា​បន្ទាន់ ចំពោះ​ជនអនាមិក ដែល​បាន​ចូល​ហេ​ក ក្នុង​ទំព័រ​ហ្វេ​សប៊ុក​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​

​នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​សីហា​នេះ គេហទំព័រ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​មានឈ្មោះ​ថា Samdech Hun Sen Cambodian Prime Minister ត្រូវបាន​ក្រុម​ជនអនាមិក​លួច​ចូល​ទៅ​គ្រប់គ្រង​បាន​រយៈ​ប៉ុន្មាន​នាទី ហើយ​នៅពេលនេះ ត្រូវបាន​យកមក​គ្រប់គ្រង​វិញ​ហើយ​។​

​ក្រុម​ហេ​ក​បាន​លួច​ចូល​ទៅ​គ្រប់គ្រង​ផេ​ក​របស់​សម្តេច​តេជោ ដោយ​បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ថា មាន​ការបែងចែក​អាសនៈ​ទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៕