ភ្នំពេញ —រដ្ឋាភិបាល​កម្ពុជា​ ​នៅ​សប្តាហ៍​នេះ​ ​បាន​ប្រកាស​ពី​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​បន្ថែម​ទៀត​ ​សម្រាប់​ឧស្សាហកម្ម​កាត់​ដេរ​ ​និង​ស្បែកជើង​ ​ក្នុង​ឆ្នាំ២០១៩​ខាង​មុខ​ ​ដោយ​ផ្អែក​តាម​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ ​ដែល​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​អង្គ​ព្រះមហាក្សត្រ​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៨។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​ ដែល​ ​VOA ​ទទួល​បាន។​

Loading...

សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​ចុះ​ថ្ងៃ​ទី​៩ ខែ​សីហា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨​នេះ​ ​ជា​ការ​ចាប់​ផ្តើមពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ ​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ​ និង​ជា​លក្ខណៈ​ទេ្វភាគី ហើយ​ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ជា​ការ​ចាប់​ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ ជា​លក្ខណៈ​ត្រីភាគី។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​បាន​បន្ថែម​ថា៖​

«គ្រប់​ភាគី​ទាំងអស់​ត្រូវ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម​ ​(ស្ថានភាព​គ្រួសារ​ អត្រា​អតិផរណា​ និង​ការ​ចំណាយ​ក្នុងការ​រស់​នៅ​) និង​លក្ខណៈវិនិច្ឆ័យបែប​សេដ្ឋកិច្ច​ (ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ ស្ថានភាព​ទីផ្សារ​ការងារ​ និង​កម្រិត​ចំណេញ​របស់​វិស័យ) ក៏​ដូច​ជា​បន្ទាត់​ភាព​ក្រីក្រ​ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ ក្នុង​ការ​ពិភាក្សា​ ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា»។​

អ្នកស្រី​ យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ប្រកាស​របស់​រដ្ឋាភិបាល​ ​ទាក់ទិន​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ ជា​នីតិវិធី​ធម្មតា​មួយ​ដែល​ភាគី​សហជីព​ និយោជក​ និង​រដ្ឋាភិបាល បាន​ព្រមព្រៀង​ ក្រោយ​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​កាល​ពី​ចុង​ឆ្នាំ​២០១៣។​

មេដឹកនាំ​សហជីព​រូប​នេះ​យល់ថា​ ក្រុម​សហជីព​ដែល​ការពារ​ផលប្រយោជន៍​កម្មករ​ នៅ​តែ​មាន​ការពិបាក​ ក្នុង​ការ​ទាមទារចង់​បាន​ចំនួន​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​ ព្រោះ​សំឡេង​របស់​សហជីព​ដែល​មិន​ចំណុះ​ឲ្យ​រដ្ឋាភិបាល​ និង​និយោជក​មាន​តិច​ក្នុង​ការ​ដាក់​សម្ពាធ​ពេល​ចរចា​ម្តងៗ​នោះ។​

អ្នកស្រី​ យ៉ាង សោភ័ណ្ឌ ​មានប្រសាសន៍ថា៖​

«សហជីព​ភាគតិច​ណាស់​ ដែល​ព្យាយាម​នៅ​ក្នុង​ការ​ការពារ​សំឡេង​ដែល​ជា​ របស់​កម្មករ​ពិតប្រាកដ​ការពារ​តួលេខ​ ដែល​បាន​ដាក់​ទៅ​ ជជែក​គ្នា​អ៊ីចឹង​ទៅ។ ខ្ញុំ​ឃើញ​ថា​ សហជីព​ភាគតិច​ណាស់​ ដែល​បាន​ការពារ​សំឡេង​ទាំងអស់​ហ្នឹង»។​

អ្នកស្រី​ថ្លែង​បន្ថែម​ថា ​រាល់​ការ​បោះឆ្នោត សហជីព​ដែល​មិន​រណប​នឹង​និយោជក​ តែង​តែ​ចាញ់ប្រៀប​ក្រុម​ភាគី​រដ្ឋាភិបាល​ និង​និយោជក​ ​ក៏​ដូច​ជា​សហជីព​ ដែល​បាន​ប្រយោជន៍​ពី​និយោជក។​

«បើ​សិន​ណា​មតិ​ឯកច្ឆន្ទ​ យើង​អត់​មាន​មតិ​ឯកច្ឆន្ទ​ទេ​ គេ​យក​សំឡេង​ទៅតាម​ការបោះឆ្នោត​ ហើយ​បើ​បោះឆ្នោត​ យើង​មាន​រឿង​អី​ត្រូវ​បោះឆ្នោត​ឈ្នះ​ ភាគី​និយោជក​ ភាគី​…ព្រោះ​ធម្មតា​រដ្ឋាភិបាល​អី​ជាដើម​ ជាទូទៅ​មិនដែល​បោះឆ្នោត​មកគាំទ្រ​សំឡេង​របស់​កម្មករ​អី​ផង​ហ្នឹង។ អ៊ីចឹង​ យើង​មិន​ដែល​រក​បាន​សំឡេង​រួម​ទេ»។​

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ មានប្រសាសន៍ថា​ ដំណើរ​ចរចា​ប្រាក់​ឈ្នួល​ថ្មី​សម្រាប់​ឆ្នាំ​២០១៩​នេះ ​នឹង​មិន​ប្រឈម​ឧបសគ្គ​ខ្លាំង​នោះ​ទេ​ តែ​លោក​ថា សិទ្ធិ​អំណាច​របស់​សហជីព​បាន​កំពុង​រួម​តូច​ទៅ​ក្នុង​ការ​ទាម​ទារ​អ្វី​ដែល​សហជីព​មិន​រណប​ថៅកែ​ចង់​បាន​ជូន​កម្មករ ដោយសារ​ការ​បង្កើត​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរីភាព ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ និង​ការ​ប្តឹង​ផ្តល់​ប្រឆាំង​ក្រុម​សហជីព​ឯករាជ្យ។​

«បាទ​ជា​ការ​ពិត​ សំណុំរឿង​នៅ​តុលាការ​ជាច្រើន​ រួម​ទាំង​ខ្ញុំ​ផង​ សំណុំរឿង​នៅ​ប្រាំ​ពីរ​ ប្រាំបី​ រឿង​ព្រហ្ម​ទណ្ឌ​នៅ​តុលាការ​ ដែលជា​សម្ពាធ​មួយ​ដែល​ពិបាក​ រឿងទីពីរ​គឺ​ រឿង​ដែល​ពាក់​ព័ន្ធ​នឹង​ច្បាប់​ថ្មីៗនេះ​ គឺ​មាន​ការ​ដក​សិទ្ធិ​ រួម​ទាំង​ច្បាប់​ប្រាក់​ឈ្នួល​នឹង​ផង​ បើ​សិន​ជា​ យើង​ចូលរួម​នៅ​ក្នុង​ការ​ចរចា​ ហើយ​ យើង​ជំទាស់​ យើង​អី​ដោយ​ មូលហេតុ​ណា​មួយ​នោះ​ គឺ​វា​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ ទោស​វិន័យ​ជា​ប្រាក់​ ឬ​ក៏​អាច​ទៅ​រឿង​ព្រហ្មទណ្ឌ​អី​ផ្សេង​ទៀត​ ក្នុង​ករណី​ដែល​យើង​មិនបាន​ បង់​ជា​ប្រាក់​អី​ទៅតាម​តម្រូវការ​ដែល​គេ​ចោទប្រកាន់មក​យើង»។​

លោក​បាន​បន្ថែម​ថា​ ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ​ ក៏​ធ្វើ​ឲ្យ​ក្រុម​សហជីព​ឯករាជ្យ​ពិបាក​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដែរ។​

«ហើយ​ម្យ៉ាង​ទៀត​ស្ថានភាព​នយោបាយ​ចុង​ក្រោយ​នេះ​ វា​កាន់​តែ​តឹងតែង​ទៀត​ បើ​សិន​ជា​យើង​ធ្វើ​អី​មិន​ស្រួល​ តែ​ពាក់ព័ន្ធ​វិស័យ​ការងារ​ហ្នឹង​ គេ​អាច​ចោទ​ប្រកាន់​យើង​ ថា​ជា​រឿង​នយោបាយ​ រឿង​បដិវត្តន៍​ពណ៌​អ៊ីចឹង​ទៅ យើង​ក៏​ពិបាក​ដែរ»។​

ក៏ប៉ុន្តែ​លោក​អះអាង​ថា​ រដ្ឋាភិបាល​នៅ​តែ​បន្ត​យកចិត្ត​ទុកដាក់​លើជីវភាព​កម្មករ​ ដែល​ការណ៍​នេះ​ អាច​បើក​ផ្លូវ​ឲ្យ​ការ​ចរចា​ មាន​ភាព​ប្រសើរ​ជាងមុន។​

នៅ​មុន​ការ​ប្រកាស​ប្រាក់​ឈ្នួល​អប្បបរមា​ផ្លូវការ​កាលពីឆ្នាំមុន​ ដែល​ត្រូវ​បាន​ដំឡើង​ដល់​១៧០​ដុល្លារ​ក្នុង​មួយ​ខែ​នោះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ទៀត​ដល់​កម្មករ​ រួមមាន​មធ្យោបាយ​ធ្វើដំណើរ​ និង​ការ​ថែទាំ​សុខភាព។​

លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា​ ​កម្មករ​ទទួល​បាន​សេវា​រថយន្ត​ក្រុង​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ២​ ឆ្នាំ​ ​គឺ​គិត​ចាប់​ពី​ខែ​ សីហា​ ឆ្នាំ​ ២០១៧​ ដល់​ ខែ​សីហា​ ឆ្នាំ​២០១៩។ ហើយ​កម្មករ​ក៏​មិន​ចាំ​បាច់​បង់​ថ្លៃ​ពាក់​កណ្តាល​សម្រាប់​ការ​ថែទាំ​សុខភាព តាម​រយៈ​របប​សន្តិសុខ​សង្គម​ទៀត​ដែរ​ មានន័យថា​ និយោជក​ ដែល​ជា​ក្រុមហ៊ុន​នឹង​ទទួល​រ៉ាប់រង​បង់​លើ​ការ​ចំណាយ​នេះ​ទាំង​អស់​ ១០០​ភាគរយ​ ដូច្នេះ​កម្មករ​អាច​នៅ​សល់​ប្រាក់​រវាង​ពី​៨០០០​ទៅ​១២០០០រៀល​ក្នុង​មួយ​ខែ។​

លោក​ ​ហ៊ុន សែន​ ​ក៏​បញ្ជា​ ​ក្រសួង​សុខាភិបាល​ឲ្យ​រៀបចំ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​បង្អែក​នៅ​ជិត​រោង​ចក្រ​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្តល់ សេវាកម្ម​ថែរក្សា​សុខភាព​ដល់​បង​ប្អូន​កម្មករ​កម្មការិនី រួម​ទាំង​រៀបចំ​ឲ្យ​មាន​ឡាន​ពេទ្យ​ប្រចាំការ​ដើម្បី​ត្រៀម​ដឹក​កម្មករ​នៅ​ពេល​មាន​គ្រោះថ្នាក់​អ្វី​មួយ​កើត​ឡើង។​ ​លោក​ក៏​បាន​ស្នើ​ឲ្យ​ អាជ្ញាធរ​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ក្នុង​ការ​ត​បណ្តាញ​ទឹក​ នឹង​ភ្លើង​ទៅ​តាម​ផ្ទះ​ដែល​កម្មករ​ជួល​នៅ។​

ទាំង​អ្នកស្រី​ យ៉ាង សោភ័ណ្ឌ​ និង​លោក​អាត់​ ធន់​ បាន​ថ្លែង​បញ្ជាក់​ព្រម​គ្នា​ថា​ ការ​រស់​នៅ​របស់​កម្មករ​អាច​បាន​ល្អ​ជាង​មុន​ ប្រសិនបើ​កម្មករ​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​គោល​ពី​យ៉ាង​ហោច​ណាស់២០០ ទៅ​៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ​បូក​បន្ថែម​នឹង​ប្រាក់រង្វាន់ ​និង​អត្ថប្រយោជន៍​ផ្សេង​ទៀត។ លោក​អាត់​ ធន់​ក៏​ទទូច​ដល់​រដ្ឋាភិបាល​ ឲ្យ​មាន​ការ​គ្រប់​គ្រង​អត្រា​អតិ​ផរណា​ ប្រកប​ដោយ​ប្រសិទ្ធភាព​ ដើម្បី​បញ្ចៀស​ការ​កើន​ឡើង​ថ្លៃ​ទំនិញ​ នៅ​ពេល​ប្រាក់​ឈ្នួល​កម្មករ​ត្រូវ​បាន​ដំឡើង​នោះ។​

VOA​ ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ហេង សួ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ តែ​ទូរស័ព្ទ​លោក​រោទិ៍​ គ្មាន​អ្នកទទួល។​

លោក​ ​ខេន លូ​ ​(Ken Loo)​ ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ មានប្រសាសន៍ថា ខាង​ភាគី​និយោជក​ មិន​មានការ​ថ្នាំងថ្នាក់ នឹង​ដំណើរ​ចរចា​ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​នោះ​ទេ​ ព្រោះ​វា​ជា​ការព្រមព្រៀង​រវាង​ភាគី​ពាក់​ព័ន្ធ​នានា​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ។​

លោក​មិនទាន់​អាច​បញ្ជាក់​ថា ​នយោជក​នឹង​មាន​លទ្ធភាព​យ៉ាងណា​ ​សម្រាប់​ការ​តំឡើង​ប្រាក់​ឈ្នួល​ថ្មី​នេះ​ទេ តែ​ថា​ បើ​ខាង​សហជីព​ទារ​ច្រើន​ពេក​នោះ​ នោះ​អ្នកបញ្ជា​ទិញ​ និង​ឈប់​ទិញទំនិញ​ពី​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ការ​ប្រកួត​ប្រជែង​បាន​កើតឡើង​ជា​រៀងរាល់​ថ្ងៃ។​

«រឿង​ថា​ពិបាក​ប្រកួតប្រជែង​ យើង​ជួប​រាល់​ថ្ងៃ​ហើយ​ ចឹង​មាន​ន័យ​ថា​ យើង​គ្រាន់តែ​ស្នើសុំ ទៅ​ខាង​ភាគី​សហជីព​ មុន​ត្រូវ​ទាម​ទារ​ ត្រូវ​តែ​ពិចារណា​ រឿង​លទ្ធភាព ​ហើយ​រឿង​ប្រទេស​ផ្សេងៗ​ ដែល​នាំ​ ដែល​ផលិត​ ខោអាវ​នាំ​ចេញ​ដែរ។ ត្រូវតែ​ទុក​ឲ្យ​យើង​មានលទ្ធភាព​ប្រកួតប្រជែង​មួយ​គេ។ តែ​ឡើង​ខ្លាំង​ពេក​ អ្នក​បញ្ជា​ទិញ​ វា​ឈប់​កំម៉ង់​ហើយ»។​

ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​ បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង៧០០.០០០​នាក់​ ដែល​ភាគ​ច្រើន​ជាស្ត្រី​មក​ពី​តំបន់​ជន​បទ។​

ទោះណាជា​ រដ្ឋាភិបាល​បាន​បង្ហាញ​ការ​យក​ចិត្តទុក​ដាក់​លើ​ជីវិត​របស់​កម្មករ​ក្នុង​ឧស្សាហកម្ម​នេះ​ក្តី​ ក៏​គេ​នៅ​សង្កេតឃើញ​ថា​ កម្មករ​នៅតែ​ទទួល​រងគ្រោះ​ ក្នុង​ពេល​បំពេញការងារ​ ឬក្នុង​ពេលធ្វើដំណើរ ដោយ​ក្នុង​នោះ​មាន​ការ​ដួល​សន្លប់​ក្នុង​រោង​ចក្រ​ និង​គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​បន្ត​កើត​មាន​នៅឡើយ។​ ក្រុម​កម្មករ​ក៏​នៅតែ​ត្រូវ​គេ​មើល​ឃើញ​ថា​ ​មានការ​រឹតត្បិត​លើ​ការ​ហូបចុក​អាហារ​ ដែល​មាន​ជីវជាតិ​មិន​គ្រប់​គ្រាន់​ដើម្បី​ទ្រទ្រង់​សុខភាព​ផង​ដែរ។​

​ហានិភ័យ​ក្នុង​ឧស្សហកម្ម​កាត់ដេរ​ ក៏​ត្រូវ​បាន​ក្រុម​អ្នក​ជំនួញ​ក្នុង​ឧស្សាហកម្ម​នេះ​ លើកឡើង​ថា​ បាន​កំពុង​កើត​ឡើង​ដោយ​សន្សឹមៗ​ ដោយ​ការ​កើន​ឡើង​ថ្លែ​ដើម​សម្រាប់ការ​ផលិត​ និង​ការ​ប្រឈម​នឹង​បញ្ហា​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។​

ឧស្សាហកម្ម​នេះ ក៏​ត្រូវ​បាន​គេ​ព្យាករណ៍​ជា​មុន​ថា ​អាច​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ផង​ដែរ​ ប្រសិនបើ​ប្រទេស​ដែល​ជា​ទី​ផ្សារ​សំខាន់​សម្រាប់​ផលិតផល​កាត់​ដេរ​ រួមមាន​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប ចាត់​វិធាន​ការ​តឹងរ៉ឹង​លើ​ការ​យកពន្ធ​ ដើម្បី​ជា​ការ​ព្រមាន​ដល់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ ឲ្យ​ស្តារ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ឡើង​វិញ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​កន្លង​ទៅ​ថ្មីៗ​នេះ​ ដែល​គណបក្ស​ប្រឆាំង​សំខាន់​មួយ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ការបោះឆ្នោត។

លោក​ ​ខេន លូ​ ​បាន​ថ្លែង​បន្ថែម​ថា​ រហូតមកដល់​ពេលនេះ​ ​ក្តី​បារម្ភ​ចំពោះ​ការ​បាត់​បង់​ការ​អនុគ្រោះ ពន្ធ​តាម​កម្មវិធី​ ​«អ្វីៗ​ទាំង​អស់​វៀរលែង​តែ​អាវុធ»​ ​(Everything but Arms)​ ​ហៅ​កាត់​ថា​ EBA មិន​ទាន់​កើត​មាន​ឡើង​ចំពោះ​និយោជក​នោះ​ឡើយ ហើយ​លោក​ថា​ ការ​រក្សា​បាន​កិច្ច​អនុគ្រោះ​ពន្ធ​នេះ​ ឬ យ៉ាងណា​នោះ​ គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា៕ ប្រភព៖ VOA