​ភ្នំពេញ ​៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចាប់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់ ២​នាក់ ក្នុងចំណោម​បក្ខពួក ៤​នាក់ ដែល​ជា​ក្រុម​ជន​សង្គម​ងងឹត បាន​ប្រើប្រាស់​អំពើហិង្សា​មាន​ស្ថាន​ទម្ងន់ទោស និង​កំហែង​យក នៅផ្ទះ​របស់​ជនរងគ្រោះ ផ្ដិតមេដៃ​ទទួលស្គាល់​ការ​ជំពាក់​លុយ​២២​ម៉ឺន​ដុល្លារ ខណៈ​ដែល​ជនរងគ្រោះ​មិន​ដឹង​អ្វី​សោះ​នោះ ។​

Loading...

​នៅ​ថ្ងៃ​ព្រ​ស្ប​តិ៍ ទី​៩ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​៥១៨ ដ​ច​ន ចុះ​ថ្ងៃ​ទី​៣​សីហា​២០១៨ និង​លេខ​៥៣៣ ដ​ច​ន ចុះ​ថ្ងៃ​ទី​៩-​សីហា​-២០១៨ របស់​ចៅក្រម​ស៊ើបសួរ តុលាការ​រាជធានី​ភ្នំពេញ បាន​ឃាត់​នាំខ្លួន​ជនជាប់ចោទ​២​នាក់ ឈ្មោះ Chang Yu Min និង​ឈ្មោះ Xiao Jiun Hong បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ មាន​ក្រុម​ជន​សង្គម​ងងឹត​ជនជាតិ​ចិនតៃវ៉ាន់ មួយក្រុម​មាន​គ្នា​៤​នាក់ បានធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស និង​កំហែង​យក​នៅផ្ទះ​លេខ​១៣ ផ្លូវ​លេខ​៣ (​បូរី​ភ្នំពេញ​ថ្មី​) សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ផ្ទះ​ជនរងគ្រោះ​) ដោយ​យក​ពែងតែ​គប់​ទៅលើ​ជនរងគ្រោះ​រងរបួស​ក្បាល និង​យក​វត្ថុ​រឹង​គំរាម​បង្ខំ​ឱ្យ​ជនរងគ្រោះ ចុះហត្ថលេខា​លើ​លិខិត​ឲ្យទទួល​ស្គាល់ ជំពាក់​លុយ​ពួកគេ​ចំនួន ២២​ម៉ឺន​ដុល្លារ និង​បញ្ចាំ​រថយន្ត ដោយ​ជនរងគ្រោះ​មិន​បាន​ជំពាក់​លុយ​ពួកគេ​នោះ​ទេ​។ បន្ទាប់​មក​ក្រុម​ជនសង្ស័យ បាន​បង្ខំ​ឲ្យ​ជនរងគ្រោះ​យក​សោរ​រថយន្ត ប័ណ្ណ​សម្គាល់​យានយន្ត និង​យក​រថយន្ត​ម៉ាក​ Mercedes របស់​ជនរងគ្រោះ​យក​ទៅ​លាក់ទុក​នៅ Condo ក្រោយ​ណាហ្គា​ក្នុង​ខណ្ឌ​ចំការមន​។

ជនសង្ស័យ​ឈ្មោះ Yang Shi Xiao ជា​មេក្លោង​ក្នុងការ​ធ្វើ​សកម្មភាព ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​ថ្ងៃ​២៧ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដោយ​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​កំហែង​យក ប៉ុន្តែ​ត្រូវបាន​ព្រះរាជអាជ្ញារង សឿ ឡង់ឌី ចោទ​នៅត្រឹម​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ហេង កេស​រោ ក៏​បាន​ដោះលែង​ជនសង្ស័យ​ឈ្មោះ Yang Shi Xiao ដែល​ជា​មេក្លោង​ក្រុម​ជន​សង្គម​ងងឹត​រូប​នេះ​ឱ្យមាន​សេរីភាព ទាំង​បក្ខពួក​៣​នាក់​ទៀត​ កំពុង​រត់គេចខ្លួន​មិន​ទាន់​ចាប់បាន​នៅឡើយ​។ ការដោះលែង​ជនសង្ស័យ ធ្វើឱ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង​ត្រូវ​សម្ងំ​លាក់ខ្លួន និង​មិន​ហ៊ាន​ចូល​ផ្ទះ​របស់​ខ្លួន​ទៀត​ផង​។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៣​នាក់ កម្លាំង​កងរាជអាវុធហត្ថ​បាន​ស្រាវជ្រាវ​ឈាន​ដល់​ការឃាត់ខ្លួន​ចំនួន​២​នាក់​បន្ថែមទៀត​៕