​ក្រចេះ ​៖ ​លោក​វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១១​ខែ​សីហា​ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា ស្ថានភាព​កម្ពស់​ទឹកជំនន់​​ទន្លេមេគង្គ​នៃ​ខេត្ត​ក្រចេះ មកដល់​ចំណុច​ប្រកាសអាសន្ន​ហើយ កម្ពស់​ទឹក​ទន្លេមេគង្គ​២២​ម៉ែត្រ​ ​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ប្រុងប្រយ័ត្ន​។​

​លោក​អភិបាល​ខេត្ត​ក្រចេះ បាន​ថ្លែងថា ដើម្បី​ធានាបាន​នូវ​ការ​បន្ត​ការពារ​សន្តិសុខ​ ​និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ តាម​តំបន់​កំពុង​រង​ផលប៉ះពាល់ និង​តាម​តំបន់​មួយចំនួន​ ​ដែល​អាច​រង​ផល​ប៉ះ ពាល់​ពី​ទឹកជំនន់​ទន្លេមេគង្គ​នេះ​។

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តក្រចេះ សូម​ប្រជាពលរដ្ឋ​ ​និង​សាធារណជន​ទាំងអស់ យក​អស់​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ទឹកជំនន់ ទន្លេមេគង្គ​ដែល​កំពុង​ឡើង​សន្សឹមៗ​ ​ដល់​កម្រិត​កម្ពស់​២២​ម៉ែត្រ ដែល​នឹង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លិចលង់​ ​ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​មាត់​ព្រែក និង​មាត់​ទន្លេ​មេគង្គ​។ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ ​ដោយ​ចាត់តាំង​កម្លាំង​សរុប និង​ធ​ម្យោ​បាយស​រុប អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព និង​ទីទួល​ខ្ពស់ៗ​​ឲ្យបាន​ទាន់​ពេលវេលា និង​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​៕ ​