កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ លោកប្រធានាធិបតី​ស.រ.អា. Donald Trump បាន​សរសេរ​តាម​ Twitter សរសើរ​ប្រទេស​ម៉ិកស៊ិក ហើយ​គំរាម​កំហែង​ប្រទេស​កាណាដា។​ Tweets របស់​លោក Trump និយាយ​យោង​ដល់​កិច្ច​ខិតខំប្រឹងប្រែង​ធ្វើការ​ចរចា​ជា​ថ្មី​អំពី​ល័ក្ខខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង​ហៅ​កាត់ថា​ NAFTA។​

របៀបសរសេរ​នៃ​អត្ថាធិប្បាយ​របស់​លោក Trump អំពីប្រទេសម៉ិកស៊ិក មាន​លក្ខណៈមិត្តភាព​ដែលជា​មធ្យោបាយ​មួយ​លោក Trump មិនប្រើប្រាស់​ញឹក​ញាប់​ចំពោះ​ប្រទេស​ម៉ិកស៊ិក និង​ជន​ជាតិម៉ិកស៊ិក ទេ។​ នៅ​ពេលឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ លោក Trump បាននិយាយ​ទទូច​ថា​លោកនឹង​ឱ្យ​ប្រទេសម៉ិកស៊ិក បង់ប្រាក់​សម្រាប់​ការ​ស្ថាបនា​របង​មួយ​តាម​ព្រំដែន​រវាង​ស.រ.អា.​និង​ប្រទេស​ម៉ិកស៊ិក ដែលជា​អ្វី​មួយ​លោក​មិន​អាច​ធ្វើបាន​ចាប់តាំង​ពី​លោក​បានចូល​កាន់តំណែង​មក។ ​លោកប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​ក៏​បាន​ហៅ​ជនជាតិម៉ិកស៊ិក ថា​ជា «ពួកអ្នករំលោភ​ខាងភេទ» ដែរ​នៅ​ពេលលោកធ្វើការ​ឃោសនា​បោះឆ្នោត។​

លោក Trump បាននិយាយថា «ការ​រក​វិធី​ដោះស្រាយ​ជាមួយប្រទេស​ម៉ិកស៊ិក មាន​ភាពល្អ​ប្រសើរ។ គេត្រូវថែរក្សា​ពួក​កម្មករ​ផលិត​ឡាន​និង​ក្រុម​កសិករ ហើយ​បើ​មិន​ធ្វើដូច្នេះទេ​ នឹង​មិន​មាន​កិច្ចព្រមព្រៀងឡើយ»។

មេដឹកនាំ​អាមេរិកាំង​រូប​នេះ​ក៏​មាន​ពាក្យ​សម្តីល្អ​ៗសម្រាប់​លោក​ Andres Manuel Lopez Obrador ដែល​នឹង​ចូល​កាន់តំណែងជា​ប្រធានាធិបតី​ថ្មីនៃប្រទេស​ម៉ិកស៊ិក ក្នុង​ខែ​ធ្នូខាងមុខ​នេះ។​ លោក Trump បាននិយាយ​ថា​«ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ម៉ិកស៊ិក ជា​សុភាព​បុរស»។

លោក Trump មានទស្សនៈ​ផ្សេង​ជាមួយ​ប្រទេស​កាណាដាដោយ​លោក​បាន​សរសេរ​តាម​ Twitter ថា ​«ប្រទេសកាណាដា​ត្រូវ​តែ​រង់ចាំ។ ​ពន្ធគយ​និង​របាំង​ពាណិជ្ជកម្ម​របស់​ពួក​គេ​ខ្ពស់​ពេក…នឹង​យក​ពន្ធ​លើឡានប្រសិន​បើ​យើងមិន​អាច​ធ្វើឱ្យមាន​កិច្ចព្រមព្រៀង​បាន»។

ប្រទេស​កាណាដា​បានឆ្លើយ​តប​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយកាល​ពី​យប់ថ្ងៃ​សុក្រ​ថា​«ការ​ផ្តោត​ការ​យក​ចិត្តទុកដាក់​របស់​យើង​គ្មាន​ការ​ប្រែប្រួលទេ។ ​យើង​នឹង​បន្តការពារ​ផល​ប្រយោជន៍​របស់​ប្រទេសកាណាដានៅ​ពេល​ដែល​យើង​ធ្វើការ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើឱ្យមានកិច្ចព្រម​ព្រៀង​ NAFTA ត្រីភាគី​ទំនើបមួយ»៕ ប្រភព៖ VOA