វ៉ាស៊ីនតោន —សេតវិមាន​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​១០ ខែ​សីហា ​នេះ ​បាន​ចេញ​សេចក្តីថ្លែងការណ៍មួយ​បញ្ជាក់​ថា​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump) គ្រោង​ធ្វើ​សំណើ​តែងតាំង​លោក ​W. Patrick Murphy ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជាមិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស់​ថ្មីៗ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ដែល​ VOA ទើប​បាន​ទទួល​នៅ​ថ្ងៃនេះ។

Loading...

ប្រសិន​បើ​សំណើ​តែងតាំង​ថ្មី​នេះ​ត្រូវ​បានព្រឹទ្ធសភាសហរដ្ឋ​អាមេរិកយល់​ព្រម នោះ​លោក W. Patrick Murphy នឹង​ត្រូវ​ជំនួស​លោក William Heidt ឯកអគ្គរដ្ឋ​ទូត​បច្ចុប្បន្ន​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​ផុត​អាណ្តិ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នោះ​មិន​បាន​បញ្ជាក់​អំពី​ពេលវេលា​លម្អិតនៃ​ដំណើរការ​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ​ទេ។

រូប​ឯកសារ៖ លោក Patrick Murphy ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតមួយកាលពីរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅឯនិវេសនដ្ឋានការទូតមួយរបស់សហរដ្ឋអាមេរិក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ (អូន ឆេងប៉រ/VOA)

សេចក្តី​ថ្លែង​ការណ៍​នោះ​បញ្ជាក់​ថា លោក Murphy​ មាន​អាជីព​ជា​អ្នក​ការ​ទូត​ជាន់​ខ្ពស់​មួយ​រូប ហើយ​សព្វ​ថ្ងៃលោក​មាន​តួនាទី​ជា​ឧបការីរងចម្បង​ស្តី​ទី​រដ្ឋមន្ត្រី​ការ​បរទេស​ ​(Acting Principal Deputy Assistant Secretary) នៅ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាងកើត​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។ លោក Murphy មាន​ដើម​កំណើត​ពី​រដ្ឋ Vermont នៅ​ភាគ​ឥសាន​សហរដ្ឋ​អាមេរិក ហើយ​បាន​បម្រើការ​អស់​រយៈ​ពេល​ជាង​២៥​ឆ្នាំនៅ​ក្នុងក្រុម​បុគ្គលិក​កិច្ចការ​ការទូត​ជាន់​ខ្ពស់ (Senior Foreign Service) ដោយ​រួម​មាន​តួនាទី​ជា​ឧបការីរងរដ្ឋមន្ត្រី​នៅ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាងកើត​និង​ប៉ាស៊ីហ្វិក​ពី​ឆ្នាំ​២០១៦​ដល់​២០១៨ ជា​អនុប្រធាន​បេសកកម្ម​និង​ភារធារី​នៅ​ទីស្ថានទូត​ក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ​ពី​ឆ្នាំ​២០១៣​ដល់​២០១៦ និង​ជា​អ្នកតំណាង​ស្តី​ទី​ពិសេសនិង​ជា​អ្នក​សម្របសម្រួលគោលនយោបាយ​នៅ​ក្នុង​ស្ថានទូត​ប្រចាំប្រទេស​ភូមា​(មីយ៉ានម៉ា)​ពី​ឆ្នាំ​២០១២​ដល់​២០១៣ ជា​ដើម។

បើ​តាមប្រវត្តិរូប​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ លោក W. Patrick Murphy បានសញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ Johns Hopkins University និងមហាវិទ្យាល័យ​យោធា​ជាន់​ខ្ពស់​ជាតិ National War College ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​ Murphy ថែម​ទាំង​បាន​ទទួល​រង្វាន់​ការងារ​ជា​ច្រើន ហើយ​លោកចេះ​និយាយ​ភាសា​បារាំង ភូមា ចិនកន្តាំង និង​ភាសា​អេស្ប៉ាញ៕​

សូម​ប្រិយមិត្ត​រង់​ចាំ​ព័ត៌មាន​លម្អិត​របស់​ VOA នៅ​ពេល​ខាង​មុខ។ ប្រភព៖ VOA