នៅមុន​ឡើង​យន្តហោះ សំដៅ​ទីក្រុង​Los Angeles ប្រទេស​អាមេរិក ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ឆៃ អ៊ីងវិន បាន​បញ្ជាក់​ជំហរ​ដាច់ខាត ការពារ​ប្រយោជន៍​របស់​តៃវ៉ាន់ នៅក្នុង​ឆាក​អន្តរជាតិ។ សម្រាប់លោកស្រី គេ​មិនអាច​លុប​ចោល កោះប្រជាធិបតេយ្យ ដែល​ចិន​ចាត់ទុក​រហូតមក​ជា​ខេត្ត ផ្នែកមួយ នៃ​ប្រទេស​ចិន​ដីគោក​នោះទេ។ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ត្រូវធ្វើ​ដំណើរ​ចុះចតមួយថ្ងៃ នៅ​ទឹកដី​អាមេរិក មុន​នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ ប្រទេស ប៉ារ៉ាហ្កាយ ហើយនិង​បេល៊ីស នៅ​អាមេរិក​ខាងត្បូង។ នៅ​ចុង​ខែ​កក្កដា កន្លងទៅ ទីក្រុង​ប៉េកាំង​បាន​ទាមទារ​រួចហើយ ឲ្យអាមេរិក បដិសេធ មិន​ឲ្យ​យន្តហោះ​ដឹកប្រធានាធិបតី​តៃវ៉ាន់ ចុះចត ក្នុង​ទឹកដី​អាមេរិក។ ប៉ុន្តែ អាមេរិក​មិនបាន​លឺ​ធ្វើតាម​ការទាមទារ​របស់ចិន​នោះទេ។

“នៅពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​បរទេស ពិភពលោក​ទាំងមូល​អាច​មើលឃើញ ស្គាល់​តៃវ៉ាន់ និង​ឃើញ​ជំហរ​របស់​តៃវ៉ាន់ ដែល​គាំទ្រ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ”។ នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ឆៃ អ៊ីងវិន នៅមុន​ពេល​លោកស្រី ឡើងយន្តហោះ សំដៅ​ទឹកដី​អាមេរិក។ ប្រមុខរដ្ឋាភិបាល​តៃវ៉ាន់​នៅ​បាន​បញ្ជាក់ថា តៃវ៉ាន់ ត្រូវមោះមុត និង​ដាច់ខាត ដើម្បី កុំ​ឲ្យ​អ្នកណាម្នាក់​អាច​លុបបំបាត់​ចោល​វត្តមាន​កោះតៃវ៉ាន់។

នៅមួយរយៈចុងក្រោយនេះ ទីក្រុង​ប៉េកាំង បាន​បង្កើន​យុទ្ធនាការ​ជាច្រើន ដើម្បី​បញ្ជាក់​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​កោះតៃវ៉ាន់ ​ដូចជា បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​បរទេស ទទួល​ស្គាល់​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់​ចិន។

ជាក់ស្តែង ចាប់​តាំង​ពីថ្ងៃ​ទី២៥កក្កដាមក កោះតៃវ៉ាន់ លែង​ត្រូវបាន​ទទួល​ស្គាល់ ជាដែនដី​មួយ​ឯករាជ្យទៀតហើយ​ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ មួយចំនួន។ នៅលើ​គេហទំព័រអ៊ីនធើនែត របស់ក្រុមហ៊ុនអាកាសចរចណ៍ទាំងនោះ គឺគេមិនអាច​ស្វែងរក​ទីក្រុងតៃប៉ិះ នៅកោះតៃវ៉ាន់ ដើម្បីកំណត់​ជាគោលដៅ​នៃការធ្វើដំណើរបានទៀតឡើយ។ ចាប់ពីពេលនេះទៅ ដែនដីតៃវ៉ាន់ ត្រូវភ្ជាប់ជាមួយ​នឹងពាក្យ​ថា ប្រទេស​ចិន នៅពីខាង​ក្រោយ « Taiwan, China »

ប្រទេស​ចិន ដែល​វាយតម្លៃ​ថា លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ មាន​គោលដៅ ចង់​ទាមទារ​ឯករាជ្យ​ឲ្យ​កោះតៃវ៉ាន់ បាន​ទាមទារ​ឲ្យ​អាមេរិក​លុបចោល ដំណើរចុះចត​របស់​យន្តហោះ​ដឹក​ប្រធានាធិបតី​តៃវ៉ាន់ នៅ​ទឹកដី​អាមេរិក។

សូមអាន៖ តំណាង​ជាន់ខ្ពស់ក្រសួង​ការបរទេស​​អាមេរិក​ទៅ​តៃវ៉ាន់ ដើម្បី​បើក​សម្ពោធ “វិទ្យាស្ថាន”

ដូចរាល់ឆ្នាំ អាមេរិក ទំនង​នឹង​មិន​ធ្វើតាម​ការទាមទារ​របស់​ចិននោះទេ។ សហរដ្ឋ​អាមេរិក ចាប់តាំង​ពី​ឆ្នាំ​១៩៧៩​មក បាន​ទទួល​ស្គាល់​នយោបាយ​ចិនមួយ​នេះ​ដែរ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា បន្ត​រក្សា​ទំនាក់ទំនង​ពិសេស​ជាមួយ​កោះតៃវ៉ាន់ ជាពិសេស សភា​អាមេរិក​បាន​បង្កើត​ច្បាប់​មួយ ដាក់​កាតព្វកិច្ច​ឲ្យ​រដ្ឋាភិបាល​ផ្គត់ផ្គង់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់។

លោកស្រី ឆៃ អ៊ីងវិន ត្រូវ​ចុះចត​មួយថ្ងៃ​នៅ​អាមេរិក មុន​នឹង​ផ្តើម​ដំណើរ​ទស្សនកិច្ច នៅ ប៉ារ៉ាហ្កាយ និង​បេលី នៅ​តំបន់​អាមេរិកខាងត្បូង ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃទី ២០​សីហា។ នៅមុន​ត្រលប់​ចូល​តៃវ៉ាន់ លោកស្រី​នឹង​ចុះចត ដូច​ទម្លាប់​រាល់ឆ្នាំ នៅ​ទីក្រុង​Houston របស់​អាមេរិក ដើម្បី ជួប​ពិភាក្សា ជាមួយ​សហគ្រិន​តៃវ៉ាន់​នៅ​អាមេរិក នៅក្រោយ​ពេល​លោកស្រី​ជួប​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៅ​សភាអាមេរិក។ នៅថ្ងៃ​សៅរ៍​ម្សិលមិញ ក្រុមហ៊ុន​ចម្រាញ់ប្រេង របស់​តៃវ៉ាន់ ទើប​តែ​បាន​ចុះ​កិច្ចព្រមព្រៀង ទិញឧស្ម័ន​របស់​អាមេរិក​តម្លៃ ២៥​ពាន់​លាន​ដុល្លារ សម្រាប់​ផ្គត់ផ្គង់​ថាមពល​របស់​តៃវ៉ាន់ ក្នុង​រយៈពេល ២៥​ឆ្នាំខាងមុខ៕ ប្រភព៖ RFI