​​ភ្នំពេញ​៖ បន្ទាប់ពី​បាន​ប្រកាស​ដើរចេញ​ពី​គណបក្ស​រួបរួម​ជាតិ មក​ចុះចូល ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក ខាន់ សាវឿន​​អតីត​អនុប្រធាន​គណបក្ស​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ បាន​ចុះ​តាម​មូលដ្ឋាន ខេត្ត​បន្ទាយមានជ័យ ដើម្បី​លុប​រូប​លោក​ពី​ស្លាក​​គណបក្ស​រួបរួម​ជាតិ​។ ការដែល​លោក ខាន់ សាវឿន ដើរ​លុប​រូបលោក​ពី​ស្លាក គណបក្ស​រួបរួម​ជាតិ ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​ ​មាន​ការភាន់ច្រឡំ​បន្តទៀត ដោយ​លោក​និង​ក្រុមការងារ បាន​ចុះ​លុប​រូបលោក ចេញពី​ស្លាក​គណបក្ស​ដោយ​ខ្លួនឯង​។​

​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨​នេះ ដោយ​មាន​ការអនុញ្ញាត​ពី​សម្តេច​តេជោ ហ៊ុន សែន និង​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន​​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ លោក ខាន់ សាវឿន និង​លោក ឈឹម សា​ខន​​ដែល​ត្រូវបានចាត់តាំង​ជា​សមាជិក​ក្រុមការងារ ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក​ចុះជួយ​ស្រុ​ថ្មពួក និង​ស្រុក​ភ្នំស្រុក​​បាន​បន្ត​ចុះ​លុប​រូបលោក ខាន់ សាវឿន ពី​ស្លាក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

​ក្នុង​ការចុះ​លុប​រូប​ពី​ស្លាក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ លោក ខាន់ សាវឿន ដែល​រួម​ដំណើរ​ជាមួយ លោក សេរី កុសល និង​សហការី​​ក៏​បាន​ចុះ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​​ឲ្យទទួល​បាន​ជ័យជម្នះ យ៉ាង​ត្រ​ចេះ​ត្រ​ចង់​។ ក្រុម​ការងារ​ទាំងមូល ក៏​បាន​ចូលរួម​ថវិកា​មួយចំនួន ដើម្បី​កសាង​សាលា​បុណ្យ​​តាម​ភូមិ​មួយចំនួន​នៅ​ស្រុក​ថ្ម​ពក់ ខេត្ត​បន្ទាយមានជ័យ ។​

​លោក លោក ខាន់ សាវឿន បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​ចេញពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ មក​ចុះចូល​ជាមួយ​គណបក្ស​ប្រជា ជន​កម្ពុជា ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេជោ​ ​រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​យូរអង្វែង រស់នៅ​ដោយ​សប្បាយរីករាយ មិន​មាន​ការភ័យខ្លាច​ដូច​អតីតកាល​៕ ​