​ភ្នំពេញ​ ៖ ​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ក្រាសិ ចាន់ណា​វង្ស (Krasae Chanawongse) ប្រធាន​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី​។​

Loading...

​នៅក្នុង​ជំនួប​នេះ លោក Krasae Chanawongse បាន​អបអរសាទរ ចំពោះ​កម្ពុជា ដែល​បាន​រៀបចំ​ការបោះឆ្នោត កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ដែល​ទទួលបាន​ជោគជ័យ និង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អឥតខ្ចោះ​។​

​ក្នុងឱកាស​នោះ លោក​ក៏​បាន​បញ្ជាក់​ពី​គោលបំណង​របស់​លោក ក្នុងការ​ចងក្រង​សៀវភៅ ពាក់ព័ន្ធ​នឹង​ប្រវត្តិ​របស់​សម្តេច​តេជោផង និង​ក៏​បាន​រាយការណ៍​ជូន​សម្តេច​អំពី​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី​ផង និង​ជូន​អាហារូបករណ៍ ចំពោះ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ព្រមទាំង​បាន​ជម្រាបជូន ពី​បំណង ក្នុង​ការបង្កើត​សាខា​សា​លក​វិទ្យាល័យ​របស់លោក ក្នុ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​។​

​ជា​ការឆ្លើយតប​សម្តេច​តេជោ បាន​ថ្លែងអំណរគុណ ចំពោះ​លោក Krasae Chanawongse ដែល​បាន​តាមដាន យ៉ាង​យកចិត្តទុកដាក់ និង​បាន​អបអរសាទរ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​កន្លងទៅ​។ សម្តេច​ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​លោក Krasae Chanawongse ដែល​យកចិត្តទុកដាក់ ចង់​ចងក្រង​អំពី​ប្រវត្តិ​របស់​សម្តេច ហើយក៏​បាន​ជម្រាបជូន លោក Krasae Chanawongse អំពី​ការត្រៀម​របស់​កម្ពុជា ក្នុងនាម​ជា​សមាជិក​របស់​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី នោះ​គឺ​សភា​កម្ពុជា បាន​ផ្តល់​សច្ចា​ប័ណ្ណ​ឲ្យ​កម្ពុជា​ហើយ ក្នុង​ការចូលរួម​ជា​សមាជិក ហើយ​កម្ពុជា​ក៏​មាន​គណៈកម្មាធិការ បង្ការ​គ្រោះ​មហន្តរាយ​ផងដែរ ដែល​យន្តការ​នេះ អាច​ទៅជា​ផ្នែក​មួយ​សម្រាប់​មជ្ឈមណ្ឌល ត្រៀម​បង្កា​គ្រោះ​មហន្តរាយ​នេះ​។ ជារួម​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជាស្រេច ជា​សមាជិក​របស់​គណៈ​កម្មា​ធិ​ការ​។​

​ដោយឡែក ចំពោះ​ការផ្តល់​អាហារូបករណ៍ សម្តេច​តេជោបា​នអរគុណ​ចំពោះ លោក Krasae Chanawongse ផងដែរ​ថា នេះ​គឺជា​កត្តា​សំខាន់ ចំពោះ​កម្ពុជា ព្រោះ​កម្ពុជា​កន្លងមក ទទួលបាន​ជោគជ័យ ដោយសារតែ​ការបណ្តុះបណ្តាល លើ​ធនធានមនុស្ស​បាន​ល្អៗ​នេះឯង​។​

​សម្តេច​តេជោ បាន​អរគុណ​ចំពោះ​ការផ្តល់ជូន​អាហារូបករណ៍​ចំនួន​១០​កន្លែង ដែល​មានឈ្មោះ​របស់​សម្តេច​នេះ ហើយ​ពាក់ព័ន្ធ​នឹង​ការបង្កើត​សាខា​សាកលវិទ្យាល័យ របស់លោក Krasae Chanawongse នៅក្នុង​ប្រទេស​កម្ពុជា​នោះ សម្តេច​ក៏​បាន​ស្វាគមន៍​ផងដែរ​៕