អ្នកឆ្លើយឆ្លង​ព័ត៌មាន​ម្នាក់​និង​អ្នក​កាសែត​ម្នាក់​របស់ VOA​ ភាសា​ចិន​ ត្រូវ​បាន​ប៉ូលិស​ចិន​ឃុំ​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ខណៈ​ដែល​ពួកគេ​ព្យាយាម​សម្ភាសន៍​សាស្ត្រាចារ្យ​ចិន​ដែល​ចូល​និវត្តន៍​ម្នាក់ ដែល​លោក​សាស្ត្រាចារ្យ​រូប​នោះ​ត្រូវ​បាន​អាជ្ញាធរ​នាំ​ខ្លួន​ទៅ​បាត់​ក្នុង​អំឡុងពេល​ផ្តល់​បទសម្ភាសន៍​ដោយ​ផ្ទាល់​តាម​ទូរទស្សន៍​មួយ​ជាមួយ​នឹង VOA កាល​ពី​ជិត​២​សប្តាហ៍​មុន។

Loading...

លោក Yibing Feng អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ VOA និង​លោក Allen Ai ដែល​ជា​មន្ត្រី​ជាប់​កិច្ចសន្យា​របស់ VOA ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ក្រុង Jinan ខេត្ត Shandong បន្ទាប់​ពី​ពួកគេ​ទាំងពីរ​នាក់​បាន​និយាយ​ទៅ​កាន់​លោក​សាស្ត្រាចារ្យ Sun Wenguang វ័យ​៨៤​ឆ្នាំ នៅ​ក្នុង​បន្ទប់​ជួល​របស់​លោក​ដោយ​សម្ងាត់។ លោក Sun បាន​ប្រាប់​លោក Feng លម្អិត​អំពី​ការ​ឃុំ​ខ្លួន​លោក និង​បាន​ថ្លែង​អំណរគុណ VOA ចំពោះ​ការ​អនុញ្ញាត​ឲ្យ​លោក​បញ្ចេញ​មតិ​ដោយ​សេរី​តាម​រលក​ធាតុ​អាកាស។ ​

អាជ្ញាធរ​នៅ​តាម​ផ្លូវ​ក្នុង​អគារ​ផ្ទះ​ជួល​នោះ​បាន​ព្យាយាម​បញ្ឈប់​ការ​សម្ភាសន៍​នោះ​ជា​ច្រើន​លើក​ច្រើន​សារ និង​បាន​បញ្ជា​ឲ្យ​លោក Feng និង​ជំនួយការ​ជា​ជនជាតិ​ចិន​របស់​លោក​ចាកចេញ​ពី​អគារ​នោះ។ ក្រោយ​មក​អ្នក​កាសែត​ទាំងពីរ​នាក់​នោះ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ច្រកចេញ​នៃ​អគារ​ផ្ទះ​ជួល​នោះ។ គេ​ជឿ​ថា ពួកគេ​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​នៅ​ឡើយ។

អ្នកស្រី Amanda Bennett នាយិកា​ VOA បាន​ថ្លែង​ថា «វា​ពិត​ជា​សាហាវ​យង់ឃ្នង​ណាស់​ដែល​អ្នក​កាសែត​ពីរ​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ចំពោះ​ការណ៍​ដែល​ពួកគេ​ធ្វើ​ការងារ​របស់​ខ្លួន​សោះ‍»។ អ្នកស្រី​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចិន​ដោះលែង​ពួកគេ​ជា​បន្ទាន់៕ ប្រភព៖ VOA