ភ្នំពេញ —ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ពុធ​នេះ​ ​ប្រកាស​ដម្កល់​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​ដែល​បាន​បញ្ជា​ឲ្យ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិចំ​នួន​បី​រូប ​បង់​ពិន័យ​ពាក់​ព័ន្ធ​នឹង​ករណី​បង្ហោះ​សារ​ម្រាម​ដៃ​ស្អាត​ទុកជា​បាន​ការ ​និង​ប្រកាស​បិទ​ផ្លូវ​តវ៉ា។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចេញ​នៅ​ថ្ងៃ​ពុធ​នេះ​ ​បញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃ​ទី១៥​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨​នេះ​ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ​ដែល​មាន​លោក​ ​អ៊ឹម ឈុនលឹម​ ​ជា​ប្រធាន​ ​បាន​បើក​សវនាការ​លើ​បណ្តឹង​ជំទាស់​របស់​អតីត​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន​បីរូប​ក្នុង​ខេត្ត​បាត់​ដំបង។

អ្នក​ទាំង​បី​ដែល​មាន​ឈ្មោះ​ ​ជា ជីវ​ ​ឈ្មោះ​ ​ថោង សារឿន​ ​និង​ឈ្មោះ​ ​គ្រុយ គឹមសាំង​ ​តាម​រយៈ​មេធាវី​របស់​ពួក​គេ​គឺ​លោក​ ​សំ សុគង់​ ​បាន​ប្តឹង​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​របស់​ ​គ.ជ.ប​ ​ដែល​បាន​បង្គាប់​ឲ្យ​ពួក​គេ​បង់​ប្រាក់​ម្នាក់ៗ​ចំនួន​ពី៥លាន​រៀល​ ​ទៅ​១០លាន​រៀល​ ​ក្រោយ​ពួក​គេ​បាន​បង្ហោះ​រូប​លើក​ម្រាម​ដៃ​ស្អាត​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​មុន​ការ​បោះ​ឆ្នោត។​

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ច្រាន​ចោល​បណ្តឹង​របស់​អ្នក​ទាំង​បី​ ​ដោយ​ថា​ ​ជា​បណ្តឹង​ខុស​នឹង​គតិ​ច្បាប់​ និង​បាន​ប្រកាស​ដម្កល់​ការ​សម្រេច​របស់​ ​គ.ជ.ប​ ​កាលពី​ថ្ងៃ​ទី៨ ខែ​សីហា​ ​ឆ្នាំ​២០១៨​ ​ទុកជា​បាន​ការ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​សម្រេច​ថា៖​

«សេចក្តី​សម្រេច​នេះ​ជា​សេចក្តី​សម្រេច​ស្ថាពរ​បិទ​ផ្លូវ​តវ៉ា​ ​ហើយ​មាន​អានុភាពអនុវត្ត​ទៅ​លើ​អំណាច​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ចុះ​ផ្សាយ​ក្នុង​រាជកិច្ច»។​

លោក​ ​ជា ជីវ​ ​អតីត​ប្រធាន​ប្រតិបត្តិ​គណ​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់​ដំបង ​លោក​ ​ថោង សារឿន​ ​និង​លោក​ ​គ្រុយ គឹមសាំង​ ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៨​ ​បាន​ដាក់​បណ្តឹង​តវ៉ា​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ​ដើម្បី​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ ​គ.ជ.ប​ ​កាលពី​ថ្ងៃ​ទី៨​ ​ខែ​សីហា។​ ​សេចក្តី​សម្រេច​នោះ​ ​គ.ជ.ប​ ​បាន​ផាក​ពិន័យ​លោក ជា ជីវ ចំនួន​១០លាន​រៀល​ ​លោក​ ​ថោង សារឿន​ ​និង​ ​លោក​ ​គ្រុយ គឹមសាំង​ ​ម្នាក់ៗ​៥លាន​រៀល ពាក់​ព័ន្ធ​នឹង​ការ​ថតរូប​លើក​ម្រាម​ដៃ​ស្អាត​បង្ហោះ​លើ​បណ្តាញ​សង្គម។​

លោក​ ​សំ សុគង់​ ​មេធាវី​មួយ​រូប​ដែល​ការពារ​ក្តី​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​ ​លើក​ឡើង​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ការ​សម្រេច​ដែល​មិន​អាច​ទទួល​យក​បាន។​ ​លោក​បន្ថែម​ថា ​សេចក្តី​សម្រេច​នេះ​ជា​ការ​បិទ​ផ្លូវ​តវ៉ា។ ដូច្នេះលោក​ ​និង​កូន​ក្តី​កំពុង​ពិភាក្សា​ថា​នឹង​ត្រូវ​ធ្វើ​បែប​ណា​បន្ត ខណៈ​កូន​ក្តី​របស់​លោក​មិន​មាន​លទ្ធភាព​បង់​នៅ​ឡើយ។​

លោក​បញ្ជា​ក់ថា៖​

«យើង​អត់​ទាន់​បាន​សម្រេច​ថា​នឹង​បង់ទេ​ ​ដោយ​សារ​ជីវភាព​របស់​គាត់​ ​ហើយ​ពួក​គាត់​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ​ ​ហើយ​មាន​ជីវភាព​ក្រីក្រ ហើយ​យើង​គិត​ថា​ ការ​ផាកពិន័យ​ចាប់​ពី​៥លាន​ ​ហើយ​និង​១០លាន​រៀល​នេះ​ ​គឺវា​មាន​ចំនួន​ច្រើន​ធំ​ធេង​ចំពោះពួក​គាត់ដែល​ជា​អ្នក​ក្រ ជា​អ្នក​ស្រែ​ចំការ​ហ្នឹង។​ ​អញ្ចឹង​ពួក​គាត់​ប្រហែល​ជា​មិន​មាន​លទ្ធភាព​ទេ​ ​ប៉ុន្តែ​យើង​នឹង​ពិភាក្សា​ជាមួយ​ពួក​គាត់​ជា​បន្ត​នា​ពេល​ខាង​មុខ​ហ្នឹង»។​

ក្នុង​ចំណោម​អ្នក​ទាំង​៣រូប​ដែល​ត្រូវ​បង់​ពិន័យ​ ​លោក​ ​ជា ជីវ​ ​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​១១៨​នាក់​ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ព្យួរ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ។​ ​ក្រៅ​ពី​អតីត​សមាជិក​គណ​បក្ស​ប្រឆាំង​ក្នុង​ខេត្ត​បាត់​ដំបង​ទាំង​៣​នាក់​ ​ក៏​នៅ​មាន​អតីត​សមាជិក​គណបក្ស​ប្រឆាំង​៥នាក់​ផ្សេង​ទៀត​ក្នុង​ខេត្ត​កំពត ត្រូវ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​ ​គ.ជ.ប​ ​ដើម្បី​ជំនុំជម្រះ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ថា​ ពួក​គេ​បាន​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​នេះ​ផង​ដែរ។​

លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​ ​គ.ជ.ប​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​ករណី​លោក​ ​ជា ជីវ​ ​ដែល​ត្រូវ​បាន​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ ​គឺ​ត្រូវ​សម្រេច​ដោយតុលា​ការ​កំពូល។​ ​លោក​ថា​ ​សម្រាប់​ដំណើរ​ការ​នៃ​ការ​បង់ពិន័យ​របស់​អ្នក​ទាំង​៣​ ​នឹង​ត្រូវ​សម្រេច​នា​ពេល​ខាង​មុខ​ ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ ​គ.ជ.ប​ ​នឹង​មាន​ចំណាត់​ការ​បែប​ណា​ ប្រសិន​បើ​ពួក​គេ​មិន​បង់​ពិន័យ​ទេ​នោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ប្រទេស​នីមួយៗគឺ​មាន​ច្បាប់​ ​ហើយ​អ្នក​ដែល​មិន​គោរព​ច្បាប់​ គឺ​ត្រូវ​ទទួល​យ៉ាង​ណា​នោះ​ ​គឺ​អ្នក​ព័ត៌មាន​បាន​ដឹង​ហើយ»។​

អ្នក​នាំ​ពាក្យ​ ​គ.ជ.ប​ ​រូប​នេះ​បញ្ជាក់​ថា​ ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​បណ្តឹង​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ការថត​រូបបង្ហោះ​ម្រាម​ដៃ​ស្អាត​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​សម្រាប់​ករណី​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​កំពត​ចំនួន​៥​នាក់​ ​ដែល​ត្រូវ​បាន​ប្តឹង​ពាក់​ព័ន្ធនឹង​ការ​បង្ហោះ​ម្រាម​ដៃ​ស្អាត​ដែរ​នោះ​ ​ត្រូវ​បាន គ.ជ.ប លើក​លែង​ការ​ចោទ​ប្រកាន់ ក្រោយ​រក​ឃើញ​ថា​ពួក​គេ​មិន​មែន​ជា​អ្នក​បង្ហោះ​ដោយ​ផ្ទាល់។

ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម និង​អ្នក​ច្បាប់​សុទ្ធ​តែ​បាន​លើក​ឡើង​ថា ការ​ថត​ម្រាម​ដៃ​បង្ហោះ​ដោយ​ខ្លួន​ឯង មិន​មែន​ជា​បទ​ល្មើស​ដែល​មាន​ចែង​ក្នុង​ច្បាប់​នោះ​ទេ។​ ​ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​ទាំង​នោះ​ ​ក៏​បាន​លើក​ឡើង​ថា​ ការ​អំពាវនាវ​និង​ការ​បង្ហោះ​ជា​សារ​ទាំង​នោះ​ ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ មិន​មែន​ជា​ការ​គំរាម​កំហែង និង​មិន​មែន​ជា​ការ​បង្ខិតបង្ខំ​ណា​មួយ​ឡើយ៕ ប្រភព៖ VOA