ភ្នំពេញ —ក្រសួង​ពាណិជ្ជកម្មកម្ពុជា​កាលពីថ្ងៃ​ពុធ បាន​ប្រកាស​ថា​ ​ក្នុង​រយៈពេល​៦​ខែ​នៃ​ដើម​ឆ្នាំ​២០១៨​ ​កម្ពុជា​សម្រេច​បាន​ការ​នាំ​ចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ​កាន់​ទីផ្សារ​បរទេស​ ​មាន​ចំនួន​ជាង​៦​ពាន់លាន​ដុល្លារ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​ការ​ព្រមានដក​ការ​អនុ​គ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋ​អាមេរិក​ ​ដែល​ជា​ទីផ្សារ​ធំ​ជាង​គេ​សម្រាប់​ការ​នាំ​ចេញ​ពី​កម្ពុជា​ ​ដោយ​សារ​ស្ថានភាព​នយោបាយ​អាក្រក់​នា​មុន​ ​និង​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​អាណត្តិទី​៦។​

កម្ពុជា​សម្រេច​បាន​ការ​នាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​ចំនួន​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​រយៈពេល​១​ឆមាស​នៃ​ដើម​ឆ្នាំ​២០១៨។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម។​

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្មដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ​ ​បាន​ដក​ស្រង់​សម្តី​របស់​លោក​ ​ឱក ប៊ុង​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​មួយ​កាល​ពី​ព្រឹក​ថ្ងៃទី១៥​ ​ខែ​សីហា​ ​ឆ្នាំ២០១៨​ ​ថា​ក្នុងរយៈពេល​៦ខែ​ដើម​ឆ្នាំ​ ២០១៨​ ​នេះ​ កម្ពុជា​បាន​នាំចេញ​ទំនិញ​ជាង ៦,២​លាន​ដុល្លារ​ ក្រោម​ប្រព័ន្ធ​អនុ​គ្រោះពន្ធ។

ចំនួន​នេះ​មាន​ការ​កើន​ឡើង​ ១៥ភាគរយ​ បើ​ធៀប​ទៅ​នៅ​រយៈពេល​ដូច​គ្នា​ក្នុងឆ្នាំ​ ២០១៧។ ​លោក​បន្ត​ថា​ ​សហភាព​អឺរ៉ុប​ ​អាមេរិក​ ​កាណាដា​ ​ជប៉ុន ចិន និង​អាស៊ាន​ ​គឺជា​ទីផ្សារ​ដែល​ស្រូប​យក​ផលិតផល​កម្ពុជា​ ​រួមមាន​សម្លៀក​បំពាក់​ ស្បែកជើង ​កាបូប​ ជ័រ​កៅស៊ូ ​អង្ករ​ ​ដំឡូងមី​ ​និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត។​

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម​នោះ​បាន​ផ្សព្វផ្សាយ​សម្តី​របស់​លោក​ ​ឱក ប៊ុង​ ​ក្នុង​ន័យ​ដើម​ថា៖​ «ការ​នាំចេញ​របស់​កម្ពុជា នៅ​ក្រោម​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ ​សម្រាប់​ឆមាស​ទី១​ ​នៃ​ឆ្នាំ​២០១៨​ ​មាន​តម្លៃ ៦,២២៩​លាន​ដុល្លារ​អាមេរិក​ ​គឺ​បាន​កើន​ឡើង​ជាង​ ​១៥% បើធៀប​នឹង​រយៈពេល​ដូចគ្នា​ ​នៅ​ក្នុង​ឆ្នាំ​២០១៧​ ​ដែល​មាន​ទឹកប្រាក់​ត្រឹម​តែ ៥,៣៨៦លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ»។​

លោក​ ​សៀង ថៃ​ ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ៦​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៃ​ការ​សម្រេច​បាន​ការ​នាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺ​ជា​ការ​សរុប​ថ្លែង​ដើម​នៃ​ការ​ផលិត​ទាំងអស់​ ​មិនមែន​ជា​តម្លៃ​ចំណេញ​នៃ​ការ​នាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ទេ។ លោក​សុំ​មិន​បញ្ជាក់​ពី​ចំនួន​លម្អិត​នៃ​ចំនួន​ប្រាក់​ចំណេញ និងការ​នាំ​ចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ​កាន់​បណ្តា​ប្រទេស​នីមួយៗ​ ​ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅកាន់​លោក​ ​ឡៅ ងួនអេង​ ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ក្រសួង​ពាណិជ្ជកម្ម ប៉ុន្តែ​លោក​ ​ឡៅ ងួនអេង​ ​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ។​

កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប ​គឺ​ជា​ទី​ផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា​ សម្រាប់​ការ​នាំ​ចេញ​ផលិតផល​ក្នុង​ស្រុក​ ​ដែល​កម្ពុជា​ផលិត។​ ​ការ​នាំ​ចេញ​នេះ​ ​បាន​និង​កំពុង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ប្រមា​ណ​ជា​៧​សែន​នាក់​ នៅ​កម្ពុជា។​

កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១៧​ ​សភា​សហភាព​អឺរ៉ុប​ ​បាន​បោះឆ្នោត​ទទួល​យក​ការ​ពិចារណា​លើ​ការ​ព្យួរ​កម្មវិធី​អនុ​គ្រោះពន្ធ ​ដែល​មាន​ឈ្មោះ​ថា​ ​Everything but Arms​ ​មាន​ន័យថា​ ​«អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​ទាំង​អស់​លើក​លែងតែ​អាវុធ»​ ​ហៅ​កាត់​ថា​ ​EBA​ ​ដោយ​ថា ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​«ការ​ប្រព្រឹត្ត​អាក្រក់​ឡើង​វិញ​នៃ​របប​ផ្តាច់​ការ​នៅ​កម្ពុជា»។​

សភា​សហភាព​អឺរ៉ុប​ក៏​បាន​បញ្ជាក់​ថា​ ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​បង្រ្កាប​លើ​អង្គការ​សង្គម​ស៊ីវិល​ ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ ​ការ​បង្ក្រាប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ ​លើ​បណ្តាញ​សារ​ព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស​ ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​សំឡេង​ប្រជា​ពលរដ្ឋ​គាំទ្រ​ជាង​៤០​ភាគរយ ​នា​ពេល​បោះ​ឆ្នោត​កន្លង​មក។​

បើតាម​លោក​ ​សៀង ថៃ​ ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​ លើក​ឡើង​ថា​ ​ការ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​របស់​សហភាព​អឺរ៉ុប​ អាច​នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ការ​ថយ​ចុះ​ ​ប៉ុន្តែ​លោក​ថា ​ត្រឹមតែ​សហភាព​អឺរ៉ុប​ ​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«កម្ពុជា​មិនមែន​នាំ​ទៅ​តែមាត់​ច្រក​មួយ​ទេ​ ​នៅ​មាន​មាត់​ច្រក​ច្រើន​ទៀត។​ ​ដូច្នេះ​ ​បើសិនជា​យើង​វាបាត់​បង់​កន្លែង​មួយ​ ​វានៅ​មាន​ទី​ផ្សារនៅកន្លែងដទៃទៀត។​ ​អញ្ចឹង​ការ​ប៉ះពាល់​វា​មាន​ ​ប៉ុន្តែ​វា​មិន​ធ្ងន់ធ្ងរ​ដល់​ទៅ​មិន​អាច​រស់​បានទេ​ ​ពីព្រោះ​យើង​មានទីផ្សារ​ច្រើន»។​

ក្រៅ​ពី​សហភាពអឺរ៉ុប​ ​សហរដ្ឋអាមេរិក​ក៏​កំពុង​ព្រមាន​កម្ពុជា​ជា​បន្ត​បន្ទាប់​ថា​ ​ភាព​អនុគ្រោះពន្ធ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេសប្រជាធិបតេយ្យ​ធំៗ​ទាំងពីរ​ ​អាច​នឹង​ត្រូវ​បាន​ព្យួរ​ចោល ​បើ​សិន​ជា​រដ្ឋអំណាច​ខ្មែរ​មិន​ត្រឡប់​បែរ​ក្រោយ​ ​ស្ដារ​ស្ថានការណ៍​នយោបាយ​ដែល​ឈាន​ដល់​សភាព​ទុំ​ជោរ​ទេ​នោះ។​

ទាំង​សហរដ្ឋ​អាមេរិក ​ទាំង​សហភាព​អឺរ៉ុប​សុទ្ធ​តែ​បាន​ផ្តល់​ឲ្យ​ដល់​កម្ពុជា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​ឬ​មិន​គិត​ពន្ធ​ គឺ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ (GSP)​ តាំង​ពីឆ្នាំ​១៩៩៧​ សម្រាប់​អាមេរិក ​និង​កម្មវិធី​អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ ​(Everything But Arms, EBA)​ តាំង​ពីឆ្នាំ​២០១២​ ​សម្រាប់​សហភាព​អឺរ៉ុប។​ ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ​កម្ពុជា​ទទួល​បាន​ការ​ចំណេញ​ពី​ការ​មិន​យក​ពន្ធ​សរុប​តម្លៃ​៤០០​លាន​ដុល្លារ​ពី​សហរដ្ឋ​អាមេរិក​ និង​ជិត​៧០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ពី​សហភាព​អឺរ៉ុប។​

ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​បញ្ជាក់​ថា​ ​ទឹក​ប្រាក់​នាំចេញ​របស់​កម្ពុជា​ ​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស​ ​ក្នុង​ឆ្នាំ​២០១៧​ ​មាន​តម្លៃ​សរុប​ ​១១,១៥៣​លាន​ដុល្លារ​អាមេរិក​ ​គឺ​បាន​កើន​ឡើង​ប្រមាណ​ជា​១៨%​ ​បើ​ប្រៀប​ធៀប​ឆ្នាំ​២០១៦​ ​ដែល​មាន​ទឹកបា្រក់​ត្រឹមតែ​ ​៩,៤២១​លាន​ដុល្លារ​អាមេរិក។​

យ៉ាងណា​ក៏ដោយ តាម​លិខិត​មួយ​ច្បាប់​ដែល​គួរ​ឲ្យ​ជឿ​ថា​ជា​របស់​លោក​ ​ប៉ាន សូរស័ក្តិ​ ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចេញ​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៧​ ​បាន​ស្នើ​ឲ្យ​លោក​ ​ហ៊ុន សែន​ ​ទប់​ស្កាត់​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ព្យួរ​ការ​អនុ​គ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប។​

លិខិត​ដដែល​នោះ​បង្ហាញ​ថា​ ​តាម​រយៈ​ក្របខណ្ឌ​អនុគ្រោះ​ពន្ធ​គយ ​កម្ពុជា​មិន​បាន​បង់​ប្រាក់​សូម្បី​តែ​មួយ​កាក់​មួយ​សេន​ជា​លុយ​ពន្ធ​ ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​សព្វ​សារពើ​ចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ ​ដែល​តម្លៃ​សរុប​ជា​ទឹក​ប្រាក់​ចំនួន​៦,២៥៩​លាន​ដុល្លារ​អាមេរិក ​ពេញ​មួយ​ឆ្នាំ​២០១៦។​

​សម្រាប់​ទីផ្សារ​អាមេរិក​វិញ​ ​លិខិត​នោះ​បាន​រាយ​ការណ៍​ជូន​នាយក​រដ្ឋ​មន្ត្រី​ថា​ ក្នុង​ឆ្នាំ​២០១៦​ ​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ក្នុង​តម្លៃ​២,៩១៦​លាន​ដុល្លារ​អាមេរិក​ ​ហើយ​ត្រូវ​បង់​ពន្ធ​ក្នុង​អត្រា​១២%​ ​ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ។​

ក្រុម​មេដឹកនាំ​សហជីព​ ​និង​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា​ ​ប្រសិន​បើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ដែល​ផ្តល់​ការងារ​ឲ្យ​កម្មករ​រាប់​ម៉ឺននាក់​នៅកម្ពុជា​ត្រូវ​បាន​លុប​ចោល​ ​នោះ​កម្ពុជា​នឹង​ត្រូវ​ប្រឈម​ផល​វិបាក​ ព្រម​ទាំង​បាត់​បង់​ផល​ចំណេញ​យ៉ាង​ធ្ងន់ធ្ងរ៕ ប្រភព៖ VOA