ភ្នំពេញ —នៅថ្ងៃ​សុក្រ​នេះ​ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ដោះលែង​អ្នក​វិភាគ​នយោបាយ​គឺ​លោក​ ​គឹម សុខ​ ឲ្យ​មាន​សេវីភាព​វិញ​ បន្ទាប់​ពី​អ្នក​វិភាគ​រូប​នេះ​បាន​អនុវត្ត​ទោស​គ្រប់​តាម​ការ​កំណត់​ដោយ​សាល​ក្រមរបស់​តុលាការ​ក្រុង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ឃ្លំា​មើល​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក។​

Loading...

កាល​ពីខែ​សីហា​ ឆ្នាំ​២០១៧​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោសអ្នក​វិភាគ​នយោបាយ​រូបនេះ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ ខែ​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ ​និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ»។

​ការ​កាត់​ទោស​លោក​ គឹម សុខ​ ធ្វើឡើង​បន្ទាប់​ពី​អ្នក​វិភាគ​ដែល​និយាយ​រិះ​គន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​រូប​នេះ​ បាន​ចោទ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​លោក​ហ៊ុន​ សែន​ ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​អ្នក​វិភាគ​ដ៏​ល្បី​ល្បាញ​គឺ​លោក​កែម ឡី។ មុន​ការ​កាត់​ទោស​នោះ​ លោក​គឹម សុខ ​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។

លោក​ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ បញ្ជាក់​ប្រាប់​ ​VOA​ ​ថា​ លោក​គឹម សុខ​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ព្រោះ​លោក​បាន​អនុវត្ត​ទោស​រួច​រាល់​ ​តាម​សាលក្រម​របស់​តុលាការ។​

លោក​សុំ​មិន​អធិប្បាយ​ចំពោះ​ការ​ចោទ​ថា​ រឿង​លោក​គឹម សុខ ​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ តែ​លោក​ថា ក្នុង​ប្រទេស​ដែល​អនុវត្ត​ប្រព័ន្ធ​ប្រជាធិបតេយ្យ បទ​បរិហារ​កេរ្តិ៍​គួរតែ​ត្រូវ​បាន​ទម្លាក់​ចោល ដើម្បី​ធានា​ដល់​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន។

«យើង​ចាប់​ផ្តើម​ប្រតិបត្តិ​នូវ​វប្បធម៌​តាម​បែប​សង្គម​លទ្ធិ​ប្រជាធិបតេយ្យ​ គោរព​សិទ្ធិ​មនុស្ស​ […] ​ហើយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​យើង​ក៏​បាន​ធានា​គោរព​តាម​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ​ ហើយ​នឹង​មាន​កតិការ​សញ្ញា​អី​ផ្សេង​ហ្នឹង។ ដូច្នេះ​ហើយ ​យើង​គួរតែ​មាន​ការ​ទម្លាក់​ចោល​បទ​នេះ​ ដើម្បី​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​បាន​បញ្ចេញ​មតិ​របស់​ពួក​គាត់​ហ្នឹង​ឲ្យ​បាន​ទូលំទូលាយ​ ដោយ​ពុំ​មាន​ការ​ភ័យ​ខ្លាច​ ពុំមាន​ការ​ព្រួយ​បារម្ភ​អីហ្នឹង​បាទ»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​អះអាង​ថា​ ​ក្នុង​របប​ប្រជាធិបតេយ្យ​ ​ការ​បញ្ចេញ​មតិ​យោបល់​ផ្ទុយ​គ្នា គឺ​ជា​តម្រូវ​ការ​ចាំបាច់​របស់​ប្រជា​ពលរដ្ឋ។

«សង្គម​លទិ្ធ​ប្រជា​ធិបតេយ្យ​គឺ​ចៀស​មិន​ផុត​ទេ​ពី​ការ​សម្តែង​មតិ​ ឬ​ក៏​ប្រតិកម្ម​នានា​ពី​ប្រជា​ពលរដ្ឋ​ ឬក៏​អ្នក​ដែល​ជា​មាន​មតិ​ផ្ទុយ​ពីខ្លួន​ តែងតែ​បញ្ចេញ​ ដើម្បី​ធ្វើ​ឲ្យ​ទៅ​ខាង​អ្នក​ដែល​ដឹកនាំ​ប្រទេស​ ឬ​ដឹក​នាំ​រដ្ឋ​ហ្នឹងបាន​ដឹង​ពី​អារម្មណ៍​ ពីអ្វី​ដែល​ពួកគេ​ចង់​បាន។ ដូច្នេះ​ហើយ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មិនគួរ​មាន​ការ​រឹតត្បិត​ចំពោះ​អ្នក​ដែល​ធ្វើ​ការ​បញ្ចេញ​មតិ​ដែល​គាត់​ ទោះបី​ការ​បញ្ចេញ​មតិ​ហ្នឹង​គ្រប់​រូបភាព​ណា​ក៏​ដោយ ​បាទ»។

VOA ​ព្យាយាម​សុំការ​បញ្ជាក់​បន្ថែម​ពី​លោក​លី សុផាណា មន្ត្រី​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​តាម​សារ​ទូរស័ព្ទ​ចល័ត​ តែ​លោក​មិន​ឆ្លើយ​តប។

VOA ក៏​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​មេធាវី ​ជួង​ ជូងី​ ​ដែល​ជា​អ្នក​ការពារ​ក្តី​លោក​គឹម សុខ តែ​ទូរស័ព្ទ​លោក​រោទិ៍ គ្មាន​អ្នក​ទទួល។​

VOA ក៏​មិន​អាច​សុំ​ក្តី​អធិប្បាយ​ពី​លោក​ គឹម សុខ​ បាន​ដែរ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

ក្រៅ​ពី​បទ​បរិហារ​កេរ្តិ៍​ខាង​លើ​នេះ​ លោក​ហ៊ុន សែន​ ក៏​បាន​ប្តឹង​លោក​ ​គឹម សុខ​មួយ​ករណី​ទៀត​ចំពោះ​ការ​អធិប្បាយ​របស់​លោក​ដែល​ថា​ ​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​អាច​រក​មុខ​ឃាតក​ពិត​ ​ដែល​បាន​សម្លាប់​លោក​កែម ឡី​ ​លោក​ ​ជា វិជ្ជា​ ​ព្រះ​សង្ឃ ​សម ប៊ុន​ធឿន​ ​និង​លោក​ ​ឈុត វុទ្ធី​ ​ជា​ដើម​នោះ។​

នៅ​ក្នុង​សំណុំ​រឿង​ប​រិហារ​កេរ្តិ៍​ដដែល​នេះ​ ​លោក​គឹម សុខ​ ក៏​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​ចំនួន​៨លាន​រៀល​ចូល​ថវិកា​ជាតិ​ និង​សំណង​ជំងឺ​ចិត្ត​ដល់​លោក​ហ៊ុន សែន ​ដែល​ជា​ដើម​បណ្តឹង​ ចំនួន​៨០០​លានរៀល ​(ឬ​ប្រមាណ​ជា​២០​ម៉ឺន​ដុល្លារ​អាមេរិក)។

នៅ​មុន​ពេល​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន លោក​ គឹម សុខ ​ធ្លាប់​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ ​លោក​គ្មាន​លុយ​សង​ជំងឺ​ចិត្ត​លោក​ហ៊ុន សែន​ ​នោះ​ទេ៕ ប្រភព៖ VOA