​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ប្រាប់​ឯកអគ្គរាជទូត នៃ​ចក្រភព​អង់គ្លេស​ថា រាជរដ្ឋាភិបាល​ថ្មី​ដែល​បន្ត​ដឹកនាំ​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើឲ្យ​ប្រទេ​សកាន់តែ​រីកចម្រើន មិនឲ្យ​ប្រទេស​វិលត្រឡប់ ទៅ​រក​ភាព​វិនាស​វិញ​នោះឡើយ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល បាន​កំពុង​លើកកម្ពស់​ស្ត្រី ក្នុង​ភាព​ជា​អ្នកដឹកនាំ​ជាច្រើន​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។ ក្នុងជំនួប​នោះ អ្នកស្រី Tina Susan Redshaw ឯកអគ្គរាជទូត​ ​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​សន្យា​ជួយ​លើកកម្ពស់​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ ឲ្យ​បន្ត​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស​បន្ថែមទៀត រួម​ទាំង​ជួយ​លើកកម្ពស់​ស្ត្រី ធ្វើជា​អ្នកដឹកនាំ​លើ​គ្រប់​វិស័យ​ផង​ដែរ​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​​អនុញ្ញាត​ឲ្យ​អ្នកស្រី Tina Susan Redshaw ឯកអគ្គរាជទូត នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម​​និង​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា កម្ពុជា​ពិតជា​អគុណ​ចំពោះ​ការសន្យា​របស់​ប្រទេស​អង់គ្លេស​ក្នុង​ការបន្ត​ជួយ​ដល់​កម្ពុជា ជាពិសេស​លើកកម្ពស់ វិស័យ​អប់រំ​នេះ​តែម្តង​។ នាពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​កំពុង​លើកកម្ពស់​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ជាច្រើន​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​ការ​លើ​កម្ពស់​នេះ គឺ​នៅតែ​ដដែល​ ​ដូច្នេះ​អ្វី​ដែល​អ្នកស្រី Tina Susan Redshaw បាន​សន្យា​បន្ថែម​នោះ គឺ​កម្ពុជា​ស្វាគមន៍​ជានិច្ច ហើយ​រំពឹង​ថា​វិស័យ​ទាំង​នោះ​​នឹង​កាន់តែ​ល្អប្រសើរ​បន្ថែម​ទៀត​នៅ​កម្ពុជា​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា រាជរដ្ឋាភិបាល​ថ្មី​ដែល​បន្ត​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា នឹ​​ង​ធ្វើឲ្យ​ប្រទេ​សកាន់តែ​រីកចម្រើន បន្ថែមទៀត​លើ​គ្រប់​វិស័យ ហើយ​ការពា​រដាច់​ខាត់​នូវ​សុខសន្តិភាព ជូន​ដល់​ប្រជាជន​ និង​ប្រទេសជាតិ​ទាំងមូលមិនឲ្យ​ប្រទេស​វិលត្រឡប់ ទៅ​រក​ភាព​វិនាស​វិញ​នោះឡើយ​៕ ​