នៅ​ថ្ងៃ​សៅរិ៍ ទី១៨ សីហា លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ ស៊ីរី និង​អ៊ុយក្រែន​ជា​ប្រធានបទ​សំខាន់​នៃ​ជំនួប​រវាង​លោក​ពូទីន និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ម៊ែរកិល។ តែ​លោកស្រី​ម៊ែរកិល​បាន​ព្រមាន​ទុក​ជា​មុន​ថា គេ​មិន​ត្រូវ​រង់ចាំ​លទ្ធផល​អ្វី​ដុំកំភួន​នៅ​ក្នុង​សំណុំរឿង​ទាំង​ពីរ​នេះ​ទេ។ អ្វី​ដែល​សំខាន់​សម្រាប់​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ គឺ​ការ​បន្ត​ពិភាក្សា​គ្នា​ជា​អចិន្ត្រៃយ៍​លើ​ចំណុច​ខ្វែង​គំនិត​គ្នា។

គឺ​ក្រោយ​ពី​បាន​ចូលរួម​នៅ​ក្នុង​ពិធី​មង្គលការ​លោកស្រី​ប្រមុខការទូត​នៃ​ប្រទេស​អូទ្រីស​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បន្ត​ដំណើរ​ឆ្លង​ចូល​ក្នុង​ទឹកដី​អាល្លឺម៉ង់​ដើម្បី​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​ម៊ែរកិល។ ជំនួប​រវាង​ឥស្សរជន​ជាន់ខ្ពស់​ទាំង​ពីរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រាសាទ Meseberg ស្ថិត​ប៉ែក​ខាងជើង​ទីក្រុង​ប៊ែរឡាំង។ ស៊ីរី និង​អ៊ុយក្រែន​ដែល​ជា​បញ្ហា​ប្រទាញប្រទង់​គ្នា​រវាង​អាល្លឺម៉ង់ និង​រុស្ស៊ី គឺ​ជា​ប្រធានបទ​នៃ​ជំនួប​រវាង​លោកស្រី​ម៊ែរកិល និង​លោក​ពូទីន។ តែ​លោកស្រី​ម៊ែរកិល​បាន​ព្រមាន​ទុក​ជា​មុន​ថា គេ​មិន​ត្រូវ​រង់ចាំ​លទ្ធផល​អ្វី​ដុំកំភួន​នៅ​ក្នុង​ជំនួប​នេះ​ទេ ហើយ​ថា​អ្វី​ដែល​សំខាន់ គឺ​អាល្លឺម៉ង់ និង​រុស្ស៊ី​បន្ត​កិច្ចសន្ទនា​ជា​អចិន្ត្រៃយ៍​លើ​បញ្ហា​ខ្វែង​គំនិត​គ្នា។

ទាក់ទង​នឹង​សំណុំរឿង​ស៊ីរី ទីក្រុង​ប៊ែរឡាំង​ចង់​ឲ្យ​ទីក្រុង​មូស្គូ​អនុម័ត​កិច្ចព្រមព្រៀង​សន្តិភាព​យូរអង្វែង​ជាមួយ​អាមេរិក និង​សង្ឃឹម​រៀបចំ​ជំនួបកំពូល​ចតុភាគី​រវាង​បារាំង រុស្ស៊ី តួកគី និង​អាល្លឺម៉ង់​ស្តីពី​ស៊ីរី។ ក្រៅ​ពី​សំណុំរឿង​អន្តរជាតិ​មាន​ស៊ីរី និង​អ៊ុយក្រែន ក៏​នៅ​មាន​បញ្ហា​គួរ​ឲ្យ​បារម្ភ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​លោកស្រី​ម៊ែរកិល​យល់​ថា រុស្ស៊ី និង​អាល្លឺម៉ង់​ត្រូវ​បន្ត​រក្សា​កិច្ចសន្ទនា​ជា​អចិន្ត្រៃយ៍​រវាង​គ្នា ពិសេស​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកតំណាង​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នៅ​អាល្លឺម៉ង់​បាន​សម្តែង​សុទុដ្ឋិនិយម​របស់​ពួក​គេ​ដោយ​អះអាង​ថា លោក​ប្រធានាធិបតី​រុស្ស៊ី​ដែល​កំពុង​ទាល់ច្រក និង​ទទួល​រងការ​រិះគន់​ក្នុង​រឿង​ស៊ីរី និង​គ្រីមេ​កំពុង​ស្វែង​រក​ដៃគូ​អន្តរជាតិ។

ដូច្នេះ លោក​ពូទីន​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​សម្បទាន​លើ​បញ្ហា​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​ទេ។ តែ​អ្វី​ដែល​ក្រុម​គណបក្ស​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​លោកស្រី​ម៊ែរកិល​ចង់​បាន​ពី​ជំនួប​រវាង​លោកស្រី​ម៊ែរកិល និង​លោក​ពូទីន គឺ​ដំណោះស្រាយ​ដោយ​ផ្អែក​លើ​ផលប្រយោជន៍​រួម៕ ប្រភព៖ RFI