គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៩ បាន​កើតឡើង​នៅ​លើ​កោះ Lombok នៃ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្មាន​ម៉ោង​បន្ទាប់​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៣ បាន​កើត​ឡើង​នៅ​លើ​កោះ​នេះ​រួច​ហើយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​វាស់​ស្ទង់​ភូមិសាស្ត្រ​អាមេរិក។ ​

Loading...

គ្រោះ​រញ្ជួយ​ដី​ពីរ​តូចៗ​ជាង​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កើតឡើង​ក្នុង​ពេល​ប្រហាក់ប្រហែល​គ្នា។

គ្រោះ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង្ក​ឲ្យ​មាន​ការ​បាក់​ដី​និង​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ជម្លៀស​ខ្លួន​ទៅ​កាន់​កន្លែង​សុវត្ថិភាព ប៉ុន្តែ​មិន​មាន​សេចក្តីរាយការណ៍​ពី​តួលេខ​អ្នក​ស្លាប់​ភ្លាមៗ​នោះ​ទេ។ គ្រោះ​រញ្ជួយ​ដី​ទាំង​នោះ​បាន​កើតឡើង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​មួយ​បាន​កើតឡើង​នៅ​លើ​កោះ​នេះ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​៤០០​នាក់​បាត់​បង់​ជីវិត។

មាន​សេចក្តីរាយការណ៍​អំពី​គ្រោះ​បាក់​ដី​នៅ​ក្នុង​ឧទ្យាន​ជាតិ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​លើ​ភ្នំ Rinjani ទី​ដែល​មនុស្ស​រាប់​រយ​នាក់​ជាប់​នៅ​ទីនោះ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​ទី​២៩ ខែ កក្កដា ដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​១៧​នាក់។ ឧទ្យានជាតិ​នោះ​ត្រូវ​បាន​បិទ​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក។

គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៩ ដែល​បាន​កើតឡើង​នៅ​លើ​កោះ Lombok កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៤៣៦​នាក់​និង​បាន​បង្ខំ​ឲ្យ​មនុស្ស​ជាង​៣សែន​៥​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ៕ ប្រភព៖ VOA