​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២០ សីហា ២០១៨ ជា​ថ្ងៃ​ទី​១ នៃ​ដំណើរការ​សំណេរ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​។​

គ្រប់​មណ្ឌល​ប្រឡង​ទាំងអស់​គ្រប់​រាជធានី ខេត្ត ដោយ​មាន​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់​គណៈមេប្រយោគ អាជ្ញា​ធរមាន​សមត្ថកិច្ច មន្ត្រី អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។​

​ចំពោះ​ដំណើរការ​សំណេរ​នា​ព្រឹក​នេះ មាន​ពីរ​មុខវិជ្ជា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ( ប្រវត្តិវិទ្យា និង​ជីវវិទ្យា​) និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (​ផែនដី​និង​បរិស្ថាន​វិទ្យា ប្រវត្តិវិទ្យា​)​។​

​ជាមួយគ្នា​នោះ​ដែរ លោក​ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុ​វនជ​និង​កីឡា បាន​មានប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន ក្នុងពេល​ដែល​ថ្នាក់ដឹកនាំ ចុះ​ពិនិត្យ​ការប្រឡង​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ថា សកម្មភាព​ទូទៅ​ក្នុង​ពេល​បំពេញ​ការងារ​របស់​គណៈកម្មការ​កណ្ដាល​នៅតាម​មណ្ឌល​សំណេរ ក្នុង​ដំណើរការ​ប្រឡង​សំណេរ នា​ព្រឹក​ថ្ងៃទី​១ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ប្រកប​ដោយ​ការ​ទួល​ខុសត្រូវ ដើម្បី​ឱ្យ​ដំណើរការ​ប្រឡង​ប្រព្រឹត្តទៅ ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល ទទួលយកបាន ។​

​ការបើក​ហិប​វិញ្ញាសា នៅ​តាម​បន្ទប់​ប្រឡង​សម្រាប់​ដំណើរការ​វិញ្ញាសា នា​ព្រឹក​ថ្ងៃទី​១ នៃ​ដំណើរការ​សំណេរ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ នៅតាម​មណ្ឌល​ប្រឡង​ទូទាំងប្រទេស មាន​ការបើក​ហិប​វិញ្ញាសា​សម្រាប់​ដំណើរការ​សំណេរ ដោយ​មាន​ការអញ្ជើញ​ជា​កិត្តិយស​ដោយ លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី និង​លោក​ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួម​ជាមួយ​ថ្នាក់ដឹកនាំ គណៈ​អភិបាល​រាជធានី ខេត្ត គណៈមេប្រយោគ​ទូទាំងប្រទេស អប្បមាទ​ទូទាំងប្រទេស ប្រធាន អនុប្រធាន​មណ្ឌល អ្នកត្រួតពិនិត្យ​តាម​អាគារ និង​អ្នកពាក់ព័ន្ធ និង​មាន​ការ​សង្កេតការណ៍​យ៉ាង​យកចិត្តទុកដាក់​ពី​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចូលរួម​ដើម្បី​ពិនិត្យ​ភាព​បិទ​ជិត​មាន​បិទ​ស្កុត និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសា នៅ​ចំពោះមុខ​បេក្ខជន នា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា “​ការប្រឡង​នេះ បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ បើទោះបីជា​មាន​បញ្ហា​ហានិភ័យ​មួយចំនួន​ដោយ​ទឹកជំនន់ គឺ​កា​រៀបចំ​បាន​ល្អ ហើយ​ក្រសួង​បាន​ដូរ​មណ្ឌល​ប្រឡង​តែ​មួយ​មណ្ឌល​ទេ គឺ​នៅ​ខេត្ត​កំពត​។ ជារួម​ដំណើរការ​ប្រឡង​គឺ​អាច​សម្រេចបាន ដោយសារ​ការដឹកនាំរ​បស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដោយ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការប្រឡង​នេះ ទើប​ការប្រឡង​បានសម្រេច​ដោយ​ជោគជ័យ ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​ឥរិយាប​ថ​របស់​សិស្ស និង​គ្រូ​។ ការប្រឡង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់តែ​ល្អ ហើយ​ថ្ងៃនេះ​យើង​មិន​បាន​ឃើញ​សិស្ស​ណា​ម្នាក់ កាន់​សំណៅ​ឯកសារ ឬ​គ្រឿង​អេឡិចត្រូនិ​ចចូល​ក្នុង​មណ្ឌល​ប្រឡង​នោះទេ បើ​ប្រៀបធៀប​នឹង​៥​ឆ្នាំ​មុខ គឺ​ខុស​គ្នា​ឆ្ងាយ​មែនទែន ហើយ​យើង​ក៏​ឃើញ​ថា ទាំង​អនុរក្ស និង​មេ​ប្រយោគ​បាន​បំពេញ​ការងារ​របស់​ខ្លួន ដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​”​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា ការប្រឡង​នេះ ផ្អែក​លើក​គោលការណ៍​៤ គឺ​តម្លាភាព អនុវត្តន៍​ច្បាប់ យុត្តិធម៌ លទ្ធផល​អាច​ទទួលយក​បាន គឺ​អ្នកចេះ គឺ​ជាប់ ហើយ​ការធ្វើ​កំណែទម្រង់​លើ​វិស័យ​អប់រំ ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ទទួលបាន​លទ្ធផល​លើ​ពីអ្វី​ដែល​រំពឹង​ទុក​។

​ចំណែក​លោក​ឃាង សេង បាន​មានប្រសាសន៍ថា ការសហការ​គ្នា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់នេះ គឺ​មិនមែន​ជា​ការដាក់​ដោយឡែក​ពី​គ្នា​នោះ​ទេ គឺ​ការ​ដែល​ធ្វើ​រួមគ្នា យក​លទ្ធផល​តែ​មួយ​ដូចៗ​គ្នា ដើម្បី​ជោគជ័យ​សម្រាប់​ការប្រឡង​នេះ ។ អ្នកសង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អង្គភាព​អំពើពុករលួ​យ នឹង​បង្ហាញ​នូវ​ភស្តុតាង​មួយ ដើម្បី​បញ្ជាក់​អំពី​លទ្ធផល​ប្រឡង ដល់​កម្រិត​ណា និង​ទទួលយក​បាន ហើយ​សង្ឃឹមថា​ការប្រឡង​នេះ នឹង​កាត់បន្ថយ​នូវ​កម្រិត​អវិជ្ជមាន​ដែល​កើតឡើង​នា​ពេលកន្លងមក និង​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ល្អ​ជាង​ឆ្នាំ​មុនៗ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា ការប្រឡង​នេះ​ធានាបាន​នូវ​សណ្តាប់ធ្នាប់​ល្អ នូវ​គ្រប់​មណ្ឌល​ប្រឡង​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ។ ក្នុងនាម​ជា​អាជ្ញាធ​រាជធានី នឹង​ខិតខំ​ប្រឹងប្រែង​ការពារ​សន្តិសុខ សុវត្ថិភាព ធ្វើចរាច​ចរណ៍​ជូន​ដល់​សិស្ស ដើម្បី​ចូល​ទៅក្នុង​មណ្ឌល​ប្រឡង និង​បាន​ជួយ​ឧបត្ថម្ភ​ទៅដល់​កន្លែង​ផ្ញើ​កង់ ម៉ូតូ ដើម្បី​មិន​ឲ្យ​តម្លៃ​ផ្ញើ​ពី​សិស្ស​នោះទេ និង​កាត់បន្ថយ​ការចំណាយ​របស់​សិស្ស និង​លើកទឹកចិត្ត​ដល់​សិស្ស​ក្នុង​ការប្រឡង​។ លោក បន្តថា យើង​មិនមែន​មើល​ការងារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​ពេល​ប្រឡង​នេះ​ទេ ទោះ​ក្រោយពេល​ប្រឡង​ក្នុងពេល​ប្រកាស​លទ្ធផល ក៏​ត្រូវ​តែ​មើល​ដែរ ព្រោះ​ពួកគាត់​បាន​ទទួល​ផល​ល្អ ហើយ​មាន​​ការសប្បាយ​រីករាយ​ពេក ជិះ​ម៉ូតូ​តាម​ដងផ្លូវ អាច​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ ក៏​ជា​បញ្ហា​ដល់​សង្គមជាតិ ដូច្នេះ​អាជ្ញាធរ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ដល់​មាតា​បិតា​សិស្ស និង​បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​។​

​ចំណែក​លោក​ហ៊ុន ម៉ា​នី បានបញ្ជាក់​ថា ឥរិយាបថ​របស់​កូនសិស្ស​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ រឹត​តែ​យល់​ដឹង​ថា​តើ​ភាពជោគជ័យ ឬ​មិន​ជោគជ័យ​វា​ស្ថិតនៅ​លើ​ខ្លួនឯង ចំណែក​រាជរដ្ឋាភិបាល នាយក​សាលា លោកគ្រូ​អ្នកគ្រូ បានត្រឹមតែ​ខំ​បង្រៀន និង​បាន​ឲ្យ​ពួកគាត់​ខិតខំ​រៀន​បន្ថែម រំលឹក​មេរៀន​បន្ថែម​មុននឹង​ចូល​ប្រឡង ។ លោក​បន្តថា ” ភាពជោគជ័យ ឬ​មិន​ជោគជ័យ គឺ​ពឹងផ្អែក​ទៅលើ​គាត់ ប្រឹងប្រែង​ខ្លួនឯង ត្រៀម​ខ្លួន​យ៉ាងណា គឺ​ពិតជា​មាន​សារសំខាន់​ណាស់ ហើយ​ការបណ្តុះ​យុវជន ឲ្យដឹង​ខ្លួនឯង ត្រូវការ​ត្រៀម​ខ្លួន​ឯង ប្រឹង​ខ្លួនឯង ទទួល​ជោគជ័យ​ខ្លួនឯង ហើយ​ជាងនេះទៅទៀត ត្រូវ​ជឿជាក់​លើ​ខ្លួនឯង ពិតជា​ទទួលបាន​ជោគជ័យ ជាក់​ជា​មិនខានឡើយ​”​។ លោក​បាន​ថ្លែងថា មិនមែន​ត្រឹមតែ​ការប្រឡង​បាក់​ឌុប​ទេ ផ្អែក​តាម​ស្មារតី​អប់រំ​ចិត្ត​នេះ សង្ឃឹម​ថា​ជា​មូលដ្ឋាន​មួយ ក្នុងការ​ប្រកួតប្រជែង​របស់​កូន​ខ្មែរ គ្រប់​ជំនាន់​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​”​។​

​សូមបញ្ជាក់​ថា ការប្រកាស​លទ្ធផល​ប្រឡង​នេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៩​ខែ​កញ្ញា​៕ ​