ភ្នំពេញ —នៅ​ថ្ងៃ​ចន្ទ​នេះ​ ​លោក​ហ៊ីង ប៊ុនហៀង​ មេបញ្ជាការ​នៃ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​បាន​បដិសេធ​ថា​ លោក​មិន​បាន​និយាយ​ពី​ការ​ត្រៀម​ខ្លួន​វាយ​ប្រហារអាមេរិក​ ដូច​ក្នុងវីដេអូ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​កង​អង្គរក្ស​នោះ​ទេ។​

ក្នុង​វីដេអូ​មួ​យ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​កង​អង្គរក្ស​កាលពី​ថ្ងៃ​ទី​១៤​ ​ខែ​សីហា​ ឆ្នាំ​២០១៨​ ​លោក ​ហ៊ីង​ ប៊ុនហៀង បាន​ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មាន​ថា ​លោក​ត្រូវ​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល​ ​និង​ការពារ​ថ្នាក់​ដឹកនាំ​កំពូល​នៅ​កម្ពុជា។ ​តាមរយៈ​វីដេអូ​នោះ​ ​លោក​ក៏​បាន​ថ្លែង​រិះគន់​សហរដ្ឋ​អាមេរិក ​ដែល​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​លោក​ផង​ដែរ។​

លោក​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ក្នុង​វីដេអូ​ថា៖

«ទស្សនៈ​របស់​ខ្ញុំ​គិត​ចង់​រាប់អាន​ជាមួយ​អាមេរិក​ណាស់ ​មិនមែន​មិន​ចង់​រាប់​អាន​ទេ។ ​ប៉ុន្តែ​ក៏​ត្រៀម​វាយ​អាមេរិក​ដែរ​ បើ​អាមេរិក​ធ្វើ​អ្វី​មួយ​ទាំង​ងងើល​ខុស​ច្បាប់ ​យើង​ក៏​ត្រៀម​កម្លាំង​វ៉ៃ​គាត់​ដែរ​ អត់​មាន​អ្វី​ត្រូវ​ចាវ​ជាមួយ​អាមេរិក​ទេ។ ​ហើយ​មក​បង្កក​ទ្រព្យ​សម្បត្តិ? ​ហើយ​ទៅ​ជឿ​តាម​ពួក​ប្រឆាំង​មួយ​ក្ដាប់​តូច​ហ្នឹង។ ​ហើយ​គាត់​បិតា​ប្រជា​ធិបតេយ្យ ​បើ​គាត់​ជាបិតា​ប្រជា​ធិបតេយ្យ​ត្រូវ​មើល​ឲ្យ​បាន​ច្បាស់​លាស់​ថា​ តើ​គួរ​ដាក់​គំនាប​មក​លើ​បុគ្គល​ដូច​ខ្ញុំ​ទេ? ​បើ​ខ្ញុំ​គ្មាន​មុខរបរ​រក​ស៊ី​អ្វី​ផង។​ ខ្ញុំ​ជា​កងទ័ព​មួយ​ជីវិត។ ​ខ្ញុំ​គឺ​ការពារ​ជាតិ​មាតុភូមិ ​ការពារ​ឥស្សរជន ​ថ្នាក់​ដឹកនាំ​កំពូល​ដែល​ក្រសួង​ការពារ​ជាតិ​ប្រគល់​តួនាទី​នេះ​ឲ្យ​ខ្ញុំ»។

លោក​ហ៊ីង ប៊ុនហៀង គឺ​ជា​មេបញ្ជា​ការ​កម្ពុជា​មួយ​រូប​ដែល​ទើប​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ប្រកាស​បង្កក​ទ្រព្យ​សម្បត្តិ​ ​និង​ហាមឃាត់​មិនឲ្យ​ចូល​ទឹក​ដី​អាមេរិក​ ​ដោយ​ថា​ ​ លោក​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ ​និង​ការ​វាយ​ប្រហារ​លើ​ជនរង​គ្រោះ​ជា​ច្រើន​នា​ពេល​កន្លង​ទៅ។

ក្រោយ​វីដេអូ​ដែល​លោក​ហ៊ីង ប៊ុនហៀង ​ថ្លែង​ពីការ​ត្រៀម​ចង់​វាយ​ជាមួយ​អាមេរិក​ត្រូវ​បាន​បង្ហោះ​ ​និង​ចែក​ចាយ​បន្ត​លើ​អ៊ីនធឺណិត​ ​គេ​ឃើញ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​ថ្លែង​ចំអក​ និង​សម្តែង​ការ​មិន​ពេញ​ចិត្ត​លើ​ការ​និយាយ​របស់​លោក​ហ៊ីង ប៊ុនហៀង។

យ៉ាងណា​ក៏​ដោយ​ ​លោក​ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​និង​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ ​លោក​មិន​បាន​និយាយថា​ ត្រៀម​ខ្លួន​វាយប្រហារ​អាមេរិក​នោះ​ទេ។​ ​លោក​បន្ថែម​ថា ក្នុង​វីដេអូ​នោះ​ ​លោក​ចង់​សំដៅ​លើ​ការ​វាយ​ប្រហារ​លើ​ជន​ខិលខូច​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ ​មិនមែន​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​នោះ​ទេ។​

លោក​ហ៊ីង ប៊ុនហៀង ប្រាប់​ ​VOA​ ​ថា៖​

«ទៅ​វាយ​សហ​រដ្ឋ​អាមេរិក​យ៉ាងម៉េច?​ ​យើង​មាន​អី​ទៅវាយ​គេ​កើត?​ ​គេ​មហា​អំណាច​ ​ទៅ​វាយ​គេ​កើត?​ ​អាហ្នឹង​ពួក​ខិលខូច​ ​ជន​ខិលខូច​ដែល​នៅ​សហរដ្ឋ​អាមេរិក​ដែល​ច្រើន​និយាយ​បំផ្លើស​ការណ៍​ពិត​ ដូចជា​ដាក់​ទណ្ឌកម្ម​ដាក់​អី​ជា​ដើម។ល។ ​អាហ្នឹង​ក្មួយ​ឃើញ​ស្រាប់​ហើយ​ ​ដាក់​ទណ្ឌ​កម្មលើ​ឯកឧត្តម​ហ៊ីង ប៊ុនហៀង​ ​គាត់​មាន​រកស៊ី​ស្អី​គាត់។ […]​ ​យើង​ចង់​និយាយ​ថា​ ​បុគ្គល​ដែល​ខិល​ខូច​ ត្រៀម​វាយ​ពួក​អា​ខូច​ហ្នឹង ​និយាយ​បំផ្លើស​ នាំ​ពាក្យ​បំផ្លើស​ បង្កាច់​បង្ខូច​គេ។​ អាហ្នឹង​និយាយ​បុគ្គល»។​

បន្ទាប់​ពី​ដាក់​ទណ្ឌកម្ម​លើ​លោក​ហ៊ីង ប៊ុនហៀង​ សហរដ្ឋ​អាមេរិកកាលពី​សប្តាហ៍​មុន​ក៏​បាន​ប្រកាស​ពី​ការ​ពង្រីក​បន្ថែម​នូវ​ការ​ដាក់​កំហិត​ទិដ្ឋាការ​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ ​«ការ​បំផ្លិច​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យក្នុង​ប្រទេស​កម្ពុជា»។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ក្លាយ​ទៅ​ជា​គណបក្ស​តែមួយ​គត់​ ​ដែល​នឹង​ដឹកនាំ​រដ្ឋា​ភិបាល​និង​រដ្ឋសភា​ថ្មី​ ​ក្រោយ​ទទួល​បាន​ជ័យ​ជំនះ​ពីការ​បោះឆ្នោតកាលពី​ចុង​ខែ​កក្កដា​ ​ដោយ​មិន​មានការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕ ប្រភព៖ VOA