​ពោធិ៍សាត់​ ៖ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​បង្ក្រាប​គំនរ​ឈើ​លេខ​១ ប្រមាណ​២០​ម៉ែត្រគូប ដែល​គេ​បាន​ប្រទះឃើញ នៅ​ចំណុច​តាំង​យ៉​ខាងត្បូង ផ្លូវជាតិ​លេខ​៥៥ ប្រមាណ​៣០០​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។

​ការបង្ក្រាប​នេះ​ធ្វើឡើង នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អូ សុផារ៉ា លោក​វរសេនីយ៍ត្រី ប៊ុក ប៊ុន​ឈឿន ជា​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​វាលវែង បាន​សហការ និង​មន្ត្រី​បរិស្ថាន​ជា​ច្រើន​នាក់ បាន​ចុះ​បង្ក្រាប​ទីតាំង​ឈ្មួញ​លាក់​ទុក​ឈើ​អត់​ច្បាប់ បាន​ចំនួន​២៨០​ដុំ ជា​ប្រភេទ​ឈើ សុ​ក្រំ គរ​គី និង​កកោះ ដែល​ក្រុម​ឈ្មួញ​បាន​ដឹក​លាក់ទុក​នៅ​ទីតាំង​ខាងលើ គ្រោង​ដឹក​បន្ត ចេញ​ទៅ​លក់​នៅ​ភ្នំពេញ​។ ឈើ​ទាំង​នេះ បាន​ប្រគល់​ជូន​មន្ត្រី​បរិស្ថាន​ដឹកយក​ទៅ​រក្សាទុក នៅ​ទីស្នាក់ការ​ការពារ​សត្វ​ព្រៃ​ភ្នំ​សំ​កុះ ដើម្បី​កសាង​សំណុំរឿង ចាត់វិធានការ​តាម​នីតិវិធី​៕ ​