​កោះកុង ​៖ ​រដ្ឋបាល​ខេត្ត​កោះកុង បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការដកហូត ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ការចូល​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ពាម​ក្រ​សោម ខេត្ត​កោះកុង​។​

​លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង បានបញ្ជាក់​ថា ដែនជម្រកសត្វព្រៃ​ពាម​ក្រ​សោម​នៃ​តំបន់ការពារធម្មជាតិ ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ ត្រូវបាន​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ការពារ​គ្រោះធម្មជាតិ ជាពិសេស​ប្រភព​ទឹកធម្មជាតិ បម្រើ​ឲ្យ​សេចក្តី​ត្រូវការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កោះកុង បាន​ខិតខំ​យកចិត្តទុកដាក់ ការពារ​តំបន់​ធម្មជាតិ​នេះ សម្រាប់​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​មូលដ្ឋាន ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា និង​សម្រាប់​មនុស្សជាតិ​គ្រប់​ជំនាន់​។​

​រដ្ឋបាល​ខេត្ត​កោះកុង ជូនដំណឹង​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន និង​សាធារណជន ថា រដ្ឋបាល​ខេត្ត​ដាក់ចេញ​នូវ​វិធានការ គឺ រាល់​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ពាម​ក្រ​សោម ដែល​ខុសច្បាប់ ឬ​ពុំ​មាន​នៅក្នុង​គល់បញ្ជី​ក្បាលដី ត្រូវ​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​កោះកុង ដើម្បី​មោឃភាព ឬ​កម្ទេចចោល​តាម​នីតិវិធី​។ ការកាន់កាប់ រុករាន​ដីព្រៃ ឆ្ការ ដុត ឈូសឆាយ​ដី​ព្រៃ ការ​សង់ផ្ទះ សង់​តូប សង់រោង ដើម្បី​យក​ដី ធ្វើជា​កម្មសិទ្ធិ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ជា​អំ​ពោះ​ល្មើសច្បាប់ និង​ត្រូវ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​៕​ ​