​ខេត្ត​ស្វាយរៀង ៖ ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០១៨​នេះ​បាន​ធ្វើការ​ជំរុញ​នឹង​លើក​ទឹក​ចិត្ត​ឱ្យ​បេក្ខជន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ​ត្រូវ​ធ្វើ​យ៉ាងណា​ខិតខំ​ឱ្យ​បាន​និទ្ទេស A ឱ្យបាន​ច្រើន​ជាង​ឆ្នាំ​មុន​ពី​ព្រោះ​រដ្ឋបាលខេត្ត​នឹង​មាន​រង្វាន់​ជា​ច្រើន​ដើម្បី​លើកទឹកចិត្ត​។​

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ខណៈ​ដែល​លោក​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​ដែល​បាន​ដែល​បាន​អញ្ជើញ​មក​ពិសារ​អាហារ​រួមគ្នា​នៅ​វត្ត​ព្រៃ​ឆ្លាក់​ស្ថិតក្នុង​សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង​។​

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​បន្ត​ទៀតថាៈ គ្រប់​ស្ថាប័ន អង្គភាព​ត្រូវ ខិតខំ​យកចិត្តទុកដាក់​សហកា​រ​អនុវត្ត​នូវ​តួនាទី​ភា​កិច្ច​តាម​គោលការណ៍​ណែនាំ ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ដំណើរការប្រឡង​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយ​ភូមិនៅ​ក្នុង​ខេត្ត​ស្វាយរៀង ឆ្នាំ​២០១៨​នេះ ប្រព្រឹត្តទៅ​ដោយ​រលូន ត្រឹមត្រូវ ប្រកប​ដោយ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​នៅ​គ្រប់​មណ្ឌល​ប្រឡង​​ទាំងអស់ និង​ទប់ស្កាត់​ឲ្យបាន​នូវ​ភាព​អសកម្ម​នានា​ដែល​អាច​កើតឡើង​ជា​យថាហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការប្រឡង ។​

​ព្រះ​តេជ​គណ យ៉​ន សុខសាន្ត ចៅអធិការ​វត្ត​ព្រៃ​ឆ្លាក់​បាន​មាន​សង្ឃដីកា​ឱ្យដឹងថាៈ ឆ្នាំនេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​វត្ត​បាន​រៀបចំ​ទទួល​ចង្ហាន់ ចំណីអាហារ​សំរាប់​ព្រះសង្ឃ .​សិស្ស​ដែល​ជា​បេក្ខជន​ដែល​បាន​មក​ប្រលង​ហើយ​គ្មាន​ទីស្នាក់អាស្រ័យ ក៏ដូចជា​កងកំលាំង​សមត្ថកិច្ច​ដែល​បានមក​ចូលរួម​ការពារ​រក្សា​សណ្តាប់ធ្នាប់​មណ្ឌល​ប្រលង​ផងដែរ ។

​ព្រះ​តេជ​គណ​បាន​មាន​សង្ឃដីកា​បន្តទៀតថា ៖ បច្ច័យ​ដែល​បាន​ចំណាយ​ក្នុង​ពិធី​នេះ​មួយ​ចប់​រួចរាល់​គឺ​ចាប់ពី​៤​លាន​រៀល​ទៅ​៦​លាន​រៀល​ដែល​បានមកពី​សប្បុរសជន​ផង​និង​ជា​បច្ច័យ​ផ្ទាល់​របស់​ព្រះអង្គ​ផ្ទាល់​ដោយ​មិន​ឱ្យ​ប៉ៈពា​ល់​បច្ច័យ​របស់​វត្ត​នោះទេ​។

​ព្រះអង្គ​សូម​ធ្វើការ​អំពាវនាវ​ក៏ដូចជា​សុំ​បិណ្ឌ​បាត្រ​ដល់​សប្បុរសជន​ទាំងអស់​សូម​មេត្តា​ជួយ​ចូលរួម​តាម​កំលាំង​សទ្ធា​ជ្រះថ្លា​ដើម្បី​ជួយ​ដល់​សិស្ស​និស្សិត​ដែល​មក​ស្នាក់​អាស្រ័យ​នៅ​តាម​ទី​វត្ត​អារាម​នា​ឆ្នាំ​ក្រោយៗ​ទៀត​ផង​គឺ​ទទួលបាន​អានិសង្ឃ​យ៉ាងច្រើន​ឥត​គណនា​។​

​សូមបញ្ជាក់​ថា នៅក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ខេត្ត​ស្វាយរៀង​មាន​បេក្ខជន​បាន​ចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សរុប ៤.០០២​នាក់ ស្រី ១.៨៥១​នាក់ ចែកចេញ​ជា ៦​មណ្ឌល និង ១៦២​បន្ទប់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ១.២៧៦​នាក់ ចែកចេញ​ជា ០២​មណ្ឌល (​មាន ៥២​បន្ទប់​) រួមមាន មណ្ឌល​វិទ្យាល័យ ហ៊ុន​សែន ចេក និង​មណ្ឌល​វិទ្យាល័យ ហ៊ុន​សែន ស្វាយជ្រំ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ២.៧២៦​នាក់ ចែកចេញ​ជា ០៤​មណ្ឌល (​មាន ១១០​បន្ទប់​) រួម​មាន​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​ខាងជើង មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​ខាងត្បូង មណ្ឌល​សាលាបឋមសិក្សា​ព្រះសីហនុ និង​មណ្ឌល​សាលាបឋមសិក្សា ២​ធ្នូ ៕