​ភ្នំពេញ ​៖ ​នៅវេលា​ម៉ោង​៧​យប់ ថ្ងៃទី​២១ ខែ​សីហា នេះ លោក យាង សុធារិន និង​លោក អ៊ួ​ន ឈិន អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ ​អ្នក​ទាំង​២ ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ ពេជ្រ វិជ្ជា​ធរ ចេញ​ដីកា​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​​និង​ដីកា​បង្គាប់​ឲ្យ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​។ បើ​តាម​អង្គការ​អាដហុក បានបញ្ជាក់​ថា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវបាន​ចាប់ និង​ឃុំខ្លួន​អស់​រយៈពេល ៩​ខែ ៧​ថ្ងៃ ដោយ​ចោទ​ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស នៅ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​នាំឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ ប្រព្រឹត្តទៅ​កាលពី​អំឡុង ឆ្នាំ​២០១៧​។ អតីត​អ្នករាយការណ៍​ព័ត៌មាន លោក យាង សុធារិន និង​លោក អ៊ួ​ន ឈិន នៅ​ពេល​អ្នក​ទាំង​ពីរ បាន​ជួបជុំ​ជាមួយ​គ្រួសារ​របស់​អ្នក​ទាំង​ពីរ ក្រោយពេល​ត្រូវ​បាន​តុលាការ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ នា​យប់​នេះ​នៅមុខ​ពន្ធនាគារ ម​១​។​

Loading...

​ចំណែក​អង្គការ លីកាដូ បាន​បញ្ជាក់​ផង​ដែរ​ថា ពួក​យើង​សង្ឃឹមថា នេះ​គ្រាន់តែ​ជា​ជំហាន​ទី​មួយ និង​សង្ឃឹមថា អ្នក​ទាំង​ពីរ​អាច​នឹង​ត្រឡប់ ទៅ​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ នៅពេល​ដែល​បទ​ចោទ ទាំងអស់ ត្រូវ​បាន​ទម្លាក់ចោល​។​

​លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន ហៅ​យាង សុជា​មេត្តា ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់ពន្ធនាគារ​ ​ដែល​រហូត​មកដល់ពេលនេះ មាន​រយៈពេល​ជាង​៨​ខែ​មក​ហើយ ក្រោម​បទ​ចោទប្រកាន់ ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ ​ដែល​នាំឲ្យ​អន្ដរាយ​ដល់​ការ​ការពារជាតិ ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា​៤៤៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​បន្ទាប់ពី​ចេញពី​មន្ទីរឃុំឃាំង លោក អ៊ួ​ន ឈិន បាន​ថ្លែងថា លោក​មាន​បំណង​ចង់​ធ្វើ​ជា​អ្នកកាសែត​ដដែល ពីព្រោះ​លោក នៅ​តែ​ស្រឡាញ់​អាជីព​នេះ​។ ក៏ប៉ុន្តែ ក្នុង​អំឡុង​ពេល​នេះ ប្រហែល​ជា​លោក មិន​អាច​ឈាន​ជើង​ចូល​ក្នុង​វិស័យ​សារព័ត៌មាន​ទេ ដោយសារតែ​មាន​ការលំបាក់​ខ្លះៗ ហើយ​ម្យ៉ាងទៀត លោក​ត្រូវការ​ពេលវេលា​ជាមួយ​គ្រួសារ ជា​ពិសេស​ជូន​កូន​ទៅ​សាលា​៕