​ភ្នំពេញ​ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បាន​បញ្ជាក់​អំពី ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​បំពេញវិជ្ជា ដែល​មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០-២១ ខែ​សីហា ឆ្នាំ​២០១៨ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ដោយមាន​កិច្ចសហការ​យ៉ាង​ល្អ ពី​សំណាក់​អ្នកពាក់ព័ន្ធ​ពី​គ្រប់​ស្ថាប័ន​ទាំងអស់​។

សេចក្តីប្រកាស​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា ការដឹកជញ្ជូន និង​រៀបចំ​ទុកដាក់​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ព្រលប់​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស​ប្រចាំរាជធានី​-​ខេត្ត​នីមួយៗ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​សង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​បាន​ដឹកជញ្ជូន​មក​រក្សាទុក​នៅតាម​សាលាខេត្ត​នីមួយៗ យ៉ាង​មាន​សុវត្ថិភាព រង់ចាំ​ដឹក​មក​រក្សាទុក​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨​។​

​ដោយឡែក​សន្លឹក​កិច្ចការ​នៅ​ខេត្ត​កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ ត្រូវបាន​ដឹក​មក​រក្សាទុក​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក្រោម​ការចុះ​ត្រួតពិនិត្យ​ផ្ទាល់ ដោយ​ឯកឧត្ដម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ។ លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh​។​

​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ដំណើរការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ បេក្ខជន​អវត្តមាន​សរុប​ចំនួន​១៨៩៩​នាក់ ស្រី​៧៤៤​នាក់ ត្រូវជា​១,៦៥​ភាគរយ នៃ​ចំនួន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​។ មុខវិជ្ជា​ប្រឡង​មាន​ចំនួន​៧ ចែកចេញ​ជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ ថ្នាក់​វិទ្យាសាស្ត្រ​មាន​មុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា ដោយឡែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​មុខវិជ្ជា ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។​

​ដំណើរការ​សំណេ​រទាំង​ពីរ​ថ្ងៃ មាន​ភាព​ល្អប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ គណៈមេប្រយោគ​គ្រប់​លំដាប់ថ្នាក់ មាន​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការបំពេញ​ភារកិច្ច ទោះបី​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ​។ ទន្ទឹមនេះ គ្រប់​ភាគី​ពាក់ព័ន្ធ​បានផ្ដល់​កិច្ចសហការ​យ៉ាង​ល្អ រួមមាន​អាជ្ញាធរ​ដែនដី អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កងកម្លាំង​មាន​សមត្ថកិច្ច មន្ត្រី​សុខាភិបាល និង​អ្នកពាក់ព័ន្ធ​ទាំងអស់​។​

​បើ​តាម​ក្រសួង​អប់រំ បេក្ខជន​បាន​គោរព​បទបញ្ញត្តិ នៃ​ការប្រឡង​យ៉ាង​ល្អ ស្ទើរតែ​ពុំ​មាន​នាំ​មក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​។ បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង​មាន​ចំនួន​៧​ករណី ក្នុងនោះ​ករណី​ដកហូត​ទូរស័ព្ទ​មាន​៥​ករណី និង​នាំ​សំណៅ​ឯកសារ​ចូល​មាន​២​ករណី​។ គណៈមេប្រយោគ​ប្រព្រឹត្ត​កំហុសឆ្គង​ដោយ​ទុក​ជាប់​ខ្លួន និង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ នៅក្នុង​មណ្ឌល​សំណេរ​ចំនួន​៥​ករណី​។ ដោយឡែក​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំនួន​៦៤​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួលបាន​ការសង្គ្រោះ​បឋម ក្នុងនោះ​មាន​៥​ករណី ពុំ​អាច​ត្រឡប់​មក​បន្ត​ការប្រឡង​បាន​។​

​ការដឹកជញ្ជូន និង​រៀបចំ​ទុកដាក់​សន្លឹក​កិច្ចការ បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ព្រលប់​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨ ត្រូវបាន​ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស​ប្រចាំរាជធានី​-​ខេត្ត​នីមួយៗ និង​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​សង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកជញ្ជូន​មក​រក្សាទុក​នៅតាម​សាលាខេត្ត​នីមួយៗ យ៉ាង​មាន​សុវត្ថិភាព រង់ចាំ​ដឹក​មក​រក្សាទុក​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨​។​

​សូមជម្រាបថា លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ការប្រឡង​សម្រាប់​ឆ្នាំ​សិក្សា​២០១៨​នេះ មាន​បេក្ខជន​បាន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន​១១៥.២៦៨​នាក់ ស្រី​៥៨.១៥៨ នាក់ និង​ម​
​ា​ន​មណ្ឌល​ប្រឡង​ចំនួន ១៩៦​មណ្ឌល ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​៩៩​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​៩៧​មណ្ឌល ត្រូវជា​៤.៦៥៥​បន្ទប់ ទូទាំង​ប្រទេស​។​

​សកម្មភាព​នៃ​ការរៀបចំ​វេច​ខ្ចប់ ចុះហត្ថលេខា នៅលើ​កញ្ចប់​សន្លឹក​កិច្ចការ​របស់​បេក្ខជន​នៅតាម​មណ្ឌល​ប្រឡង​។ បន្ទាប់​ពី​ការបញ្ចប់​ដំណើរការ​សំណេរ​នៅ​ថ្ងៃ​ទី​២ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ដោយ​គណៈមេប្រយោគ​ទូទាំងប្រទេស គណៈកម្មការ​អប្បមាទ ប្រធាន​-​អនុប្រធាន​មណ្ឌល ដោយ​មាន​ការចូលរួម​ពី​មន្ត្រី អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​បាន​យកទៅ​ផ្ញើ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​នៅ​សាលាខេត្ត​។​

​ចំណែក​បរិយាកាស​ទូទៅ​នា​រសៀល​ថ្ងៃទី​២ ក្រោយ​ពេល​បញ្ចប់​ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង ៖ ២០ សីហា ២០១៨ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ និង​មិន​មាន​ហេតុ​ការខុស​ប្រក្រតី​កើតមានឡើង​គួរឱ្យ​កត់សម្គាល់​នោះ​ទេ ។​

​ចំណែក​បេក្ខជន​ដែល​បាន​ចេញពី​ការប្រឡង​មាន​ទឹកមុខ​ស្រស់ស្រាយ សប្បាយរីករាយ ដែល​បញ្ជាក់ថា​ដំណើរការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ពិតជា​ប្រព្រឹត្តទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​៕