​ភ្នំពេញ​៖ លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​លោក សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ នា​ពេល​កន្លង​ទៅ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់​ចេញ​ដីកា​កោះហៅ លោក សម រង្ស៊ី ឲ្យចូល​បំភ្លឺជា​ច្រើនដង​មក​ហើ​យ ប៉ុន្តែ​លោក សម រង្ស៊ី ពុំ​ដែល​ចូលខ្លួន​បំភ្លឺ​តាម​ដី​ការកោះហៅ​នោះទេ​។

​ដីកា​របស់​ចៅក្រម​ស៊ើបសួរ ត្រូវបាន​សមត្ថកិច្ច​ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨ យក ទៅ​បិទ​នៅ​ទីស្នាក់ការ​កណ្តាល​របស់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ លោក សម រង្ស៊ី ដែល​កំពុង​រត់គេចខ្លួន ទៅ​ក្រៅប្រទេស ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៣​ខែ​កញ្ញា ឆ្នាំ​២០១៨ តាម​ការកំណត់ ដើម្បី​សាកសួ​រំ​ពី​ដំណើររឿង ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ និង​កន្លែង​ផ្សេង​ទៀត កាលពី​ថ្ងៃ​ទី​៦ ទី​៧ និង​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៣៧(​ស្ទួន​) នៃ​ក្រម​ព្រហ្មទណ្ឌ​។ សាមីខ្លួន ត្រូវ​យក​ឯកសារ​ផ្សេងៗ ដែល​ទាក់ទង​នឹង​រឿង​ខាងលើនេះ ទៅ​ជាមួយ​ផង​ប្រសិនបើ​មាន​។​

​កាលពី​ខែ​មិថុនា លោក​សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ បាន​ប្រមាថ​ថា ព្រះរាជសារ​ព្រះមហាក្សត្រ ជាទី​សក្ការៈ ចុះ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ ដែល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នា​ចុងខែ​កក្កដា​នោះ គឺជា​ព្រះរាជសារ​ក្លែងក្លាយ និង​គ្មាន​តម្លៃ ទោះបីជា​ព្រះបរមរាជវាំង​ចេញ​មុខ​ប្រកាស​ថា ព្រះរាជសារ​នោះ ជា​ព្រះរាជសារ​ពិតប្រាកដ មិន​ក្លែងក្លាយ​ក៏ដោយ​។​

​ការប្រមាថ​របស់ លោក សម រង្ស៊ី បែបនេះ បាន​ធ្វើឱ្យ​មាន​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​បណ្តា​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​កម្ពុជា​។ បើ​តាម​ច្បាប់​ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូក​ទី​១ នៃ​មាតិកា​ទី​១​នៃ​គន្ថី​ទី​៤ នៃ​ក្រម​ព្រហ្មទណ្ឌ បានចែង​ថា “​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។ ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវបាន​ផ្តនា្ទទោស​ពិន័​យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​”៕ ​