បន្ទាប់​ពី​មាន​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​ម្សិល​មិញ អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​នាក់ គឺ​លោក អ៊ួន ឈិន និង​លោក​យាង សុធារិន ហៅយាង សុជាមេត្តា អំពាវនាវ​ឲ្យ​តុលាការ​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​ប្រឆាំង​ពួក​គេ។ សុំ​ទំលាក់​បទ​ចោទ​ទាំង​ស្រុង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បំពេញ​ការងារ និង​មាន​សេរីភាព​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត។

Loading...

លោក អ៊ួន ឈិន អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​លោក និង​សហការី​ម្នាក់​ទៀត ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ថា ការ​ឃុំ​ខ្លួន​លោក​បែប​នេះ ធ្វើ​ឲ្យ​លោក​មាន​ការ​ឈឺ​ចាប់។ ដោយ​មិន​បាន​ដឹង​ថា គេ​ដោះ​លែង​លោក ព្រម​ទាំង​មិន​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ដោះ​លែង​ផង​នោះ លោក អ៊ួន ឈិន បាន​ថ្លែង​ការពារ​ខ្លួន​ដដែល​ថា លោក បាត់​បង់​ការងារ​ជាមួយ​វិទ្យុ​អាស៊ី​សេរី តាំង​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ហើយ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​នៅ​ថ្ងៃ​ទី​១៤​វិច្ឆិកា ឆ្នាំ​២០១៧។ អំឡុង​ពេល​នោះ លោក អ៊ួន ឈិន បាន​ព្យាយាម​ធ្វើ​ស្ទូឌីយោ ផលិត​ចម្រៀង ភ្លេង ខារ៉ាអូខេ ដែល​លោក​ស្រលាញ់។

ជាមួយ​គ្នា​នេះ លោក​យាង សុធារិន ហៅ យាង សុជាមេត្តា អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ម្នាក់​ទៀត ក៏​បាន​ថ្លែង​ដែរ​ថា រយៈ​ពេល​៩​ខែ​នៃ​ការ​ឃុំ​ខ្លួន​លោក គឺ​វា​ល្មម​គ្រប់​គ្រាន់​សម្រាប់​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ហើយ ថា​តើ​លោក និង​សហការី លោក អ៊ួន ឈិន បាន​ប្រព្រឹត្ត បញ្ជូន​ព័ត៌មាន​ទៅ​រដ្ឋ​បរទេស ដូច​ការ​ចោទ​ប្រកាន់ ដែល​ធ្វើ​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ឬ​មាន​ទោស​ក្បត់​ជាតិ ផលិត​វីដេអូ​អាស​អាភាស តែ​រយៈ​ពេល​៩​ខែ​នេះ គួរ​តែ​តុលាការ​រក​ឃើញ​ហើយ។

លោក យាង សុធារិន ក៏​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ទំលាក់​ការ​ចោទ​ប្រកាន់​មក​លើ​ពួក​គេ​ទាំង​ពីរ ដើម្បី​ឲ្យ​ពួក​គេ​មាន​សេរីភាព​ដូច​ប្រជាជន​ទូទៅ និង​មាន​អារម្មណ៍​ជ្រះ​ស្រឡះ ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ដើម្បី​អនាគត​កូនៗ ដូច​ប្រជាពលរដ្ឋ​ទូទៅ។ តាម​លោក យាង សុធារិន ​បើ​ដោះ​លែង​ពួក​លោក​មិន​ពេញ​លេញ​ដូច្នេះ គឺ​ពិបាក​នឹង​បំពេញ​ការងារ​ណាស់ ទី​១ គឺ​មិន​ជ្រះ​ស្រឡះ ទី​២ គឺ​ស្ថិត​នៅ​ក្នុង​ការ​បារម្ភ​នៅ​ឡើយ។

សូម​រំលឹក​ថា អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ត្រូវ​បាន​តុលាការ ​ធ្វើការ​ចោទ​ប្រកាន់​តាម​មាត្រា​៤៤៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ​ពី​បទ ប្រគល់​ឲ្យ​រដ្ឋ​បរទេសនូវ​ព័ត៌មាន​ជា​អាទិ៍ ​ដែល​នាំ​ឲ្យ​អន្ដរាយ​ដល់​ការ​ការពារ​ជាតិ ​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា ​កាល​ពី​អំឡុង ​ឆ្នាំ​២០១៧ ​និង​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ​ដែល​រហូត​មក​ដល់​ពេលនេះ ​មាន​រយៈពេល​ជាង​៩ខែ​។

សូម​បញ្ជាក់​ថា មិន​ដល់​មួយ​សប្តាហ៍​ផង តុលាការ​បាន​ដោះ​លែង​សកម្មជន និង​អតីត​អ្នក​សារព័ត៌មាន​ជា​បន្ត​បន្ទាប់ រួម​មាន​លោក គឹម សុខ អ្នក​វិភាគ​នយោបាយ សកម្មជន​ដី​ធ្លី​បឹង​កក់ អ្នក​ស្រី​ទេព វន្នី និង​ចុង​ក្រោយ​នេះ អតីត​អ្នក​កាសែត​អាស៊ី​សេរី​២​នាក់ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន។ ក៏​ប៉ុន្តែ​អ្វី​ដែល​មាន​ការ​រំពឹង​បន្ថែម​ទៀត​នោះ គឺ​ជុំវិញ​សំណួរ​ថា តើ​នឹង​មាន​ការ​ដោះ​លែង បន្ថែម​ទៀត​ឬ​យ៉ាង​ណា ខណៈ​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​១៥​នាក់​ផ្សេង​ទៀត ដែល​ជា​សមាជិក​អតីត​គណបក្ស​ប្រឆាំង​នេះ កំពុង​ជាប់​ឃុំ​នៅ​ឡើយ៕ ប្រភព៖ RFI