ភ្នំពេញ —​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​បាន​សាទរ​ចំពោះ​ការ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​ និង​អតីត​អ្នក​យក​ព័ត៌មាន​ពីរ​នាក់​របស់​វិទ្យុ​អាស៊ី​សេរី​ ដែល​បាន​បិទ​ទ្វារ​ការិយាល័យ​ ​របស់​ខ្លួន​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​ទៅ​មិញ។​ ​នេះ​បើ​យោង​តាម​សេច​ក្តីថ្លែងការណ៍​របស់​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ប្រចាំ​កម្ពុជា​ ​ដែល​បាន​ចេញផ្សាយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃពុធ​។​

Loading...

តាម​ទំព័រ​ហ្វេសប៊ុក​របស់ OHCHR​ ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ​«សូមស្វាគមន៍​ចំពោះ​ការ​ដោះលែង​សកម្មជន​សិទ្ធិ​ដីធ្លី​និង​លំនៅដ្ឋាន​ គឺ​អ្នក​ស្រី​ទេព វន្នី​ ​កាល​ពី​ថ្ងៃ​ចន្ទ​ ​និង​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​គឺ​ លោក​ ​អ៊ួន ឈិន​ ​និង​លោក ​យាង សុធារិន្ទ​ ​កាល​ពី​ថ្ងៃ​អង្គារ»។

​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ក្នុងន័យ​ដើម​ថា៖​

«ការ​វិវត្ត​ថ្មីៗ​នេះ​គឺ​ជា​ជំហាន​មួយ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ។​ ​យើង​សង្ឃឹម​ថា​ ​អ្នក​ដទៃ​ទៀត​ដែល​ត្រូវ​បាន​ជាប់​ឃុំ​ ដោយសារ​តែ​ពួកគេ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​ពួកគេ​នោះ​ ​ក៏​នឹង​ត្រូវ​ដោះលែង​ផង​ដែរ​ ​រាប់​ទាំង​អតីត​មេដឹកនាំ​គណបក្សប្រឆាំងលោក​ ​កឹម សុខា​»។​

អង្គការ​សហ​ប្រជាជាតិ​អះអាង​ថា​ ​ការ​ឃុំខ្លួន​លោក​ ​កឹម សុខា​ ​ជា​ការ​ឃុំខ្លួន​ដោយ​បំពាន​ ​តែមិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នោះ​ទេ។​

​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បាន​រំឭកថា​ អ្នកស្រី​ ​ទេព វន្នី​ ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​សីហា​ ​ឆ្នាំ​២០១៦​ នៅ​ពេល​អ្នកស្រី​ ​បាន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត។​

អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លី ថតរូបជាមួយ​នឹង​អ្នកគាំទ្រអ្នកស្រី ក្រោយពេលដែលអ្នកស្រី ត្រូវបានដោះលែង​ពី​ពន្ធនាគារ​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

ទាំង​ឧត្តម​ស្នង​ការ​និង​អ្នក​រាយការណ៍​ពិសេស​ ​បាន​អំពាវនាវ​ជា​សាធារណៈ ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នកស្រី។​ ​អ្នកស្រីត្រូវ​បាន​លើកលែង​ទោស​ដោយ​ព្រះមហាក្សត្រ។​ ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​វិច្ឆិកា ក្រោម​បទ​ចោទ​ចារកម្ម​ និង​ទទួល​បាន​ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ។

យ៉ាងណា​ក៏​ដោយ​ លោក​ ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ​មិន​ត្រូវ​បាន​តុលាការ​កំពូល អនុញ្ញាត​ឲ្យលោក​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះ​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។​ ​តុលាការ​អះអាង​ថា​ ខ្លួន​មិន​អាច​ដោះ​លែង​លោក​ ​កឹម សុខា​ ​ដែល​ត្រូវ​បាន​ចោទ​ថា​ បាន​ប្រព្រឹត្ត​បទល្មើស​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ ​ជា​បទ​ឧក្រិដ្ឋ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ស៊ើបសួរ​ហ្មត់​ចត់​ត្រឹមត្រូវ។​

លោក​ ​ស៊ឹង សែនករុណា​ ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ប្រទេស​កម្ពុជា​តែង​តែ​ជួប​ស្ថានភាព​ទាល់​ច្រក​ខាង​នយោបាយ​មុន និង​ក្រោយ​ការ​បោះឆ្នោត​ រាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣មក។​

លោក​មាន​ប្រសាសន៍​ថា​ ការ​ដោះលែង​សកម្មជន​ដីធ្លី​ និង​អតីត​អ្នកកាសែត​ពីរ​នាក់​របស់​វិទ្យុ​អាស៊ី​សេរី​ បង្ហាញ​សញ្ញាណ​ធូរស្រាល​មួយ​ខាង​សិទ្ធិមនុស្ស​នៅ​ក្រោយ​ការ​បោះឆ្នោត​ ហើយ​ថា​ អ្នកទោស​មនសិការ​ប្រមាណ​២០នាក់​ផ្សេង​ទៀត​ទាំង​នៅ​តាម​ខេត្ត​និង​នៅ​រាជធានី ​អាច​នឹង​ត្រូវ​បាន​ដោះលែង​ក្នុង​ពេល​ខាងមុខ​នេះ។​

រូបឯកសារ៖ លោក យាង សុធារិន ហៅ​យាង សុជាមេត្តា និង​លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​អាស៊ី​សេរីដែល​ទើប​តែ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ។

​ក៏ប៉ុន្តែ​លោក​ថា​ លំហ​សេរីភាព​របស់​ពលរដ្ឋ​នៅ​មិន​មាន​ភាព​ប្រសើរ​នៅ​ឡើយ​ទេ ​ដោយសារ​តែ​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ កន្លង​ទៅ​នេះ​ រដ្ឋាភិបាល​បាន​ធ្វើ​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរីភាព​ជាច្រើន។​

​«ដរាប​ណា​ច្បាប់​ ដែល​មាន​លក្ខណៈ​ក្នុង​ន័យ​រឹតត្បិត​ ដែល​ផ្ទុយ​អំពី​គោលការណ៍​ ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ឬ​ក៏​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​យើង​ កំពុង​មាន​ធរមាន​នៅ​ឡើយ​ហ្នឹង​ អីចឹង​សិទ្ធិ​សេរីភាព​ របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​ ឬ​ក៏​អ្នក​នយោបាយ​ ​ឬក៏​គណបក្ស​នយោបាយ​ហ្នឹង​ យើង​នៅ​តែ​មើល​ឃើញ​ថា​ មិនទាន់​មាន​លំហ​ ទូលំ​ទូលាយ​នៅ​ឡើយ​ទេ​ គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ធ្វើ​សកម្មភាព​មួយ​ដោយ​មាន​ការ​ចាំ​ឃ្លំា​មើល​អំពី​កំហុស​ឆ្គង​ ដោយ​យក​ឧបករណ៍​ច្បាប់​នេះ​ប្រើប្រាស់»។​

​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ អះអាង​ថា​ ស្ថានភាព​ធាក់​ថយ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅមុន​និង​ក្រោយ​ពេល​បោះឆ្នោត​នេះ​ នឹង​អាច​ដាក់​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ផង​ដែរ។ លោក​ថា​ ក្រុម​អ្នក​នយោបាយ​គួរ​នាំគ្នា​កែទម្រង់​នូវ​វប្បធម៌​មិន​ត្រូវរ៉ូវ​គ្នានេះ​។

​លោក​ថ្លែង​ថា៖ «កាល​ណា​យើង​មាន​ជំងឺ​មួយ​ ដែល​កើត​ឡើង​រ៉ាំរ៉ៃ​របៀប​នេះ​ តើ​រាង​កាយ​យើង​ហ្នឹង​វា​លូតលាស់​ឡើង​ដោយ​របៀប​ម៉េច​? អាហ្នឹង​គឺ​វា​ប្រៀប​ដូច​ជា​ជំងឺ​ចឹង​ ចឹង​បាន​ន័យ​ថា​ ជំងឺ​យើង​នេះ​ វា​ព្យាបាល​អត់​ជា​ទេ​។ អីចឹង​បញ្ហា​របស់​យើង​ នឹង​អាច​មាន​វិបត្តិ​ដល់​ទៅ​ការ​ដួល​រលំ​នូវ​ផ្នែក​សេដ្ឋកិច្ច​ ឬ​ផ្នែក​ណា​មួយ​ជា​មិនខាន​ បើ​សិន​ជា​យើង​មិន​មាន​ការ​ដោះស្រាយ​ឲ្យបាន​ជាក់​លាក់​ណាមួយ»។

ការ​ដោះលែង​អ្នកស្រី​ទេព វន្នី​ និង​អតីត​អ្នកកាសែត​ពីរ​នាក់​របស់​វិទ្យុ​អាស៊ី​សេរី​ កើតមាន​ឡើង​ បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អះអាង​ថា​ បទ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​អស់នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយមិន​សម​ហេតុផល​ ឬ​ជា​ការ​ប្រឌិត​រឿង​ឡើង​តែ​ប៉ុណ្ណោះ។

ដោយឡែក​ មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ បាន​ចេញ​សេចក្តីប្រកាស​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ ​ស្វាគមន៍​ការ​ដោះលែង​អតីត​អ្នក​យកព័ត៌មាន​ពីរ​នាក់​របស់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​។ មជ្ឈមណ្ឌល​នេះ​ ជឿជាក់​យ៉ាងខ្លាំង​ថា​ នឹង​មាន​ការ​វិវត្ត​ច្រើន​ថែម​ទៀត​ចំពោះ​រឿង​នេះ​ ដែល​អាច​នាំ​ដល់​ការ​ទម្លាក់​ចោលបទចោទប្រកាន់​ប្រឆាំង​អ្នក​ទាំងពីរ​នេះតែ​ម្តង​ ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​។ ​មជ្ឈ​មណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អះអាង​ថា​ បទ​ចោទ​អំពី​ចារកម្ម​ប្រឆាំងអ្ន​ក​ទាំងពីរ​គឺ​ជា​បទ​ចោទ​មិន​ពិត​ប្រាកដ​នោះ​ទេ​៕ ប្រភព៖ VOA