​ភ្នំពេញ​៖ ចក្រភព​អង់គ្លេស​តាមរយៈ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួលបន្ទុក​អាស៊ី និង​ប៉ាស៊ីហ្វិក លោក ម៉ាក ហ្វីល (Mark Field) ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨​នេះ​នៅ​ទីស្តីការក្រសួង​។​

Loading...

​លោក ម៉ាក ហ្វីល បាន​ប្រកាស​គាំទ្រ​ចំពោះ​ការបង្កើត ឧត្តម​ក្រុមប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ការបង្កើត ឧត្តម​ក្រុមប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់ នេះ ជា​ស្មារតី​ផ្សះផ្សារ​នៅក្នុង​ជាតិខ្មែរ​។​

​អ្នកនាំពាក្យ​ក្រសួង​បរទេស​កម្ពុជា លោក កេត សោ​ផាន់ បាន​ប្រាប់​ក្រុម​អ្នកព័ត៌មាន​ក្រោយ​ជំនួប​ថា ក្នុង​ជំនួប​នេះ លោក ម៉ាក ហ្វីល បាន​ថ្លែងថា កម្ពុជា​មាន​ប្រវត្តិ​យ៉ាង​ជូរចត់​តាំងពី​សម័យ​សង្គ្រាម​វៀតណាម ការឆ្លងកាត់​របប​ប៉ុលពត និង​សង្គ្រាម​ស៊ីវិល​ផ្សេងៗ​។ ជាមួយនឹង​ការ​លើក​បង្ហាញ​ពី​ភាពជូរចត់​នេះ អង់គ្លេស ក៏​បាន​ប្រកាស​គាំទ្រ​ជានិច្ច​ជួយ​កម្ពុជា គ្រប់​កិច្ច​ដែល​ខ្លួន​អាចធ្វើ​បាន ដើម្បី​ឲ្យ​កម្ពុជា​មាន​អនាគត​ភ្លឺស្វាង​។ លោក​អនុ​រដ្ឋមន្ត្រីការបរទេស​ចក្រភព​អង់គ្លេស ក៏​បាន​បង្ហាញ​ការគាំទ្រ​ដល់​ការបង្កើត ឧត្តម​ក្រុមប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់​របស់​សម្តេច​តេជោ ហ៊ុន សែន ផងដែរ​។​

​លោក កេត សោ​ផាន់ បាន​ដកស្រង់​ខ្លឹមសារ​នៃ​ជំនួប​មក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា លោក ម៉ាក ហ្វីល ក៏​បាន​គាំទ្រ​នូវ​ស្មារតី​ផ្សះផ្សារ​ជាតិ​នូវ​អ្វី​ដែល​បង្កើតឡើង​ដោយ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី គឺ​ឧត្តម​ក្រុមប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់ ដែល​ប្រមូល​បញ្ចូល​គ្រប់​គណបក្ស​ទាំងអស់ ដើម្បី​ផ្លាស់ប្តូរ​យោបល់​គ្នា ហើយ​លោក​សង្ឃឹមថា​ដំណើរការ​នេះ​ជា​ដំណើរការ​ជា​វិជ្ជមាន ហើយ​ស្មារតី​នៃ​ការបង្រួបបង្រួម​ជាតិ​នេះ​នឹង​បន្ត​ទៅមុខ​ទៀត​។​

​ក្នុងឱកាស​នោះ​ដែរ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួលបន្ទុក​អាស៊ី និង​ប៉ាស៊ីហ្វិក លោក ម៉ាក ហ្វីល (Mark Field) បាន​អះអាង​ថា អង់គ្លេស​នៅតែ​បន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់ ទំនិញ​របស់​កម្ពុជា បើ​ទោះបី​ខ្លួន​ចាកចេញ​ពី​សហគមន៍​អឺរ៉ុប​ក៏​ដោយ​នោះ​។​

​លោក កេត សោ​ផាន់ បានបញ្ជាក់​ថា អង់គ្លេស​គាត់​បាន​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​ផ្តល់​ភាព​អនុគ្រោះ​ពាណិជ្ជ​នេះ ក្រោយ​ចេញ​ពី​សហគមន៍​អឺរ៉ុប​ក៏​ដោយ​។ ឆ្លើយតប​ការបន្ត​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​របស់​កម្ពុ​ជា​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ចក្រភព​អង់គ្លេស​ផងដែរ​៕