ភ្នំពេញ —អតីត​មន្រ្តី​ចាស់​វស្សា​៤​រូប​របស់​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ស្នើ​ឲ្យសម្តេច​ក្រុម​ព្រះ​ ​នរោត្តម រណឫទិ្ធ​ ពន្យល់​ពី​មូលហេតុ​ ​ក្រោយ​ពួកគេត្រូវ​បាន​ប្រធាន​ស្តីទី ដែល​ជា​បុត្រា​ច្បង​របស់​ព្រះ​អង្គ​បណ្តេញ​ចេញពី​គណ​បក្ស។​

ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ទាំង​៤រូប​ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សមាជិកភាពគណបក្ស​ ​រួម​មាន​លោក​ យូ ហុកគ្រី​ ​ជា​អនុប្រធាន​គណបក្ស​ ​លោក​ ​ញ៉េប ប៊ុនជិន​ ​ជា​អនុប្រធាន​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ លោក​ ​ប៉ោ ប៊ុនស្រ៊ឺ​ ​ជា​អនុប្រធាន​គណបក្ស​ ​និង​លោក​ ​វ៉ាន់ សុផាន់ណា​ ជា​អគ្គ​លេខាធិការ​រង​គណបក្ស។

អតីត​មន្ត្រី​សំខាន់ៗ​របស់​បក្ស​រាជានិយម​ទាំង​៤​រូប​ត្រូវ​បាន​ប្រធាន​ស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ទើបត្រូវ​បាន​តែង​តាំង​ដោយ​សម្តេចក្រុមព្រះ​ ​នរោត្តម រណឫទិ្ធ​ ​គឺ​ព្រះអង្គ​ម្ចាស់ នរោត្តម​ ​ចក្រាវុឌ្ឍ​ ​បានសម្រេច​បញ្ចប់​សមាជិក​ភាព​ដោយ​មិន​បញ្ជាក់ពីមូល​ហេតុ​ច្បាស់លាស់​កាល​ពី​ថ្ងៃ​ទី​២០​ ​ខែ​សីហា​ កន្លង​ទៅ។​

ក្នុង​សន្និសីទ​ដែល​មាន​រយៈពេល​ជិត​២​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ នេះ​ ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំង​៤រូប​ ​បាន​អះអាង​ដូចៗ​គ្នា​ថា​ ​ពួកគេ​ជា​មនុស្ស​ដែល​មាន​ភក្ដីភាព​ ​និង​ធ្វើ​ការងារ​ជាមួយ​សម្ដេច​ក្រុមព្រះ​ ​នរោត្តម រណឫទ្ធិ​ ​ជិត​៤០​ឆ្នាំ​មក​ហើយ។​ ​ពួកគេ​ក៏​បាន​លើក​ឡើង​ថា​ ​ការ​បណ្តេញ​ពួក​គេ​ចេញ​ពី​សមាជិក​ភាព​និង​តួនាទី​នេះ​ មិន​មែន​ជា​ព្រះ​តម្រិះ​របស់សម្តេច​ក្រុមព្រះ ​នរោត្តម ​រណឫទិ្ធ​ នោះ​ទេ។

លោក​ យូ ហុកគ្រី​ ​ជា​អតីត​អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ លើក​ឡើង​ថា​ ការ​បញ្ចប់​សមាជិក​ភាព​និង​ការ​បញ្ចប់​តួនាទី​របស់​ពួកគេ​ ​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​និង​មិនមាន​ការ​ពន្យល់​ពី​មូលហេតុ​នោះ​ទេ។​ ​លោក​បន្ថែម​ថា ​ការ​ធ្វើ​សន្និសីទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​គឺ​ដើម្បី​បញ្ជាក់​ពី​ការ​ពិត​ ​និង​ដើម្បី​ជាការ​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​ពី​មូលហេតុ​នៃ​ការ​បណ្តេញ​ចេញ។ ​លោក​ថា ​អតីត​មន្រ្តី​ទាំង​៤​រូបនឹង​សរសេរ​លិខិត​ទៅ​សម្តេច​ក្រុម​ព្រះក្នុង​ពេល​ឆាប់ៗ​ ដើម្បី​បំភ្លឺ​លើ​ការ​បណ្តេញ​ចេញ​នេះ។​

លោក ​យូ ​ហុកគ្រី ​អតីត​អនុ​ប្រធាន ​និង​ជា​អតីត​សមាជិក​ស្ថាបនិក​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​អំឡុងពេលធ្វើ​សន្និសីទ​កាសែត​នៅ​សណ្ឋាគារ​មួយ​ក្នុង​ខណ្ឌ​ដូន​ពេញ ​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃទី២៣​ ខែសីហា ​ឆ្នាំ២០១៨។​ (អូន ឆេងប៉រ/VOA)

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​ចេញ​ទៅ​ដោយ​រីករាយ ​តែ​ខ្ញុំ​សុំ​ឲ្យ​មាន​ការ​ពន្យល់ ​កុំ​ដក​ឆៅ។​ អា​ង​តែ​មាន​សិទ្ធិ​ស៊ីញ៉េ ហើយ​ស៊ីញ៉េ​ហ្នឹង​ខុស​ទៅទៀត។​ ​មួយ​ពិភពលោក​ ​ខ្ញុំ​មិន​ដែល​ឃើញ​ប្រធាន​ស្តីទី​ណា​ទៅ​ដក​សមាជិក​ភាពសមាជិក​អីចឹងបាន​ទេ។​ ​សិទ្ធិ​វាមាន​ ​តែគេ​ដាក់​លក្ខខណ្ឌថា​ ប្រធាន»។​

ក្នុង​សន្និសីទ​នោះ​ អតីត​មន្រ្តី​ចាស់​វស្សា​ទាំង​៤​រូបបាន​លើកឡើង​ជាច្រើន​ដង​ថា ​ពួក​លោក​ត្រូវរងការ​ចោទ​ថា​ បាន​ធ្វើ​ត្រា​គណបក្សក្លែងក្លាយ​ ​និង​រងការចោទ​ថា​ បាន​លក់​ដី​របស់​គណបក្ស​តាមបណ្តា​ខេត្ត​មួយ​ចំនួន​ជាដើម។​ ​ទោះយ៉ាង​ណា​ ​មន្រ្តី​ទាំង​នោះ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ ហើយ​លើក​ឡើង​ថា​ ​ពួក​គេ​បាន​ធ្វើ​ការងារ​ទៅ​តាមបែបបទ​ត្រឹមត្រូវ​របស់​គណបក្ស។​

VOA​ ​មិនអាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​លោក​ ​ណុប សុធារិទ្ធិ​ ​អ្នកនាំពាក្យ​ថ្មី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃព្រហស្បតិ៍​នេះ។​

ព្រះ​អង្គ​ម្ចាស់​ ​នរោត្តម ចក្រាវុឌ្ឍ​ ​ជា​បុត្រច្បង​របស់​សម្តេច​ក្រុម​ព្រះ​ ​នរោត្តម រណឫទ្ធិ ជាមួយ​នឹង​ម្ចាស់​ក្សត្រីយ៍ ​ម៉ារី រណឫទ្ធិ​ ​ដែល​បាន​លែងលះ​គ្នា​ ​បន្ទាប់ពី​សម្តេច​ក្រុមព្រះ​សម្រេច​ព្រះទ័យ​រៀប​អភិសេក​ជា​មួយ​អ្នកម្នាង​ អ៊ុក ផល្លា។

ព្រះ​អង្គម្ចាស់​ ​នរោត្តម ចក្រាវុឌ្ឍ​ ​ត្រូវ​បាន​សម្តេច​ក្រុម​ព្រះ​ដែល​ជាបិតា​ ​កាលពី​ថ្ងៃទី​៨ ​ខែ​សីហា​ ​តែង​តាំង​ជា​ប្រធាន​ស្តីទី​គណបក្ស ​ខណៈដែល​សម្តេច​ក្រុមព្រះកំពុង​សម្រាក​ព្យាបាល​ព្រះ​កាយ​នៅ​ប្រទេស​ថៃ ​ក្រោយ​រង​របួស​យ៉ាង​ដំណំ​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​ដែល​បាន​បណ្តាល​ឲ្យ​អ្នក​ម្នាង​ ​អ៊ុក ផល្លា​ទទួល​មរណភាព​ ​កាលពី​ពាក់​កណ្តាល​ខែ​មិថុនា​នេះ។

គណបក្សហ៊្វុនស៊ិនប៉ិច​ ដែលទទួល​អាសនៈ​សភា​ជា​ច្រើន​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​បាត់បង់​ប្រជា​ប្រិយភាព​របស់​ខ្លួន ​និង​មាន​បញ្ហា​ចម្រូង​ចម្រាស​ជា​បន្តបន្ទាប់។​ ​ក្នុង​ការបោះឆ្នោត​ជាតិ​ថ្ងៃទី២៩​ ​ខែកក្កដា​ ឆ្នាំ​២០១៨​កន្លង​ទៅ​ ​គណ​បក្ស​រាជា​និយម​មួយ​នេះ​មិន​បាន​ទទួល​អាសនៈ​សភា​ទេ​សូម្បី​តែ​មួយ៕ ប្រភព៖ VOA