ភ្នំពេញ —លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ប្រកាស​ពី​គម្រោង​លើក​លែង​ទោស​ឲ្យ​អតីត​សមាជិកគណបក្ស​សង្គ្រោះជាតិ​កំពុង​ជាប់​ឃុំ​ចំនួន​១២​នាក់​ ​ដោយ​ភ្ជាប់​នឹង​ការ​ព្រមាន​ថា​ ​នឹង​ពិចារណា​ឡើង​វិញ​ ​ប្រសិន​បើ​មានការ​លើក​ឡើង​ថា​ ​ការ​លើកលែង​ទោស​នេះ​ធ្វើ​ឡើង​ដោយ​សាររង​សម្ពាធ​ពី​អន្តរជាតិ។

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​រោង​ចក្រ​នៅ​ខេត្ត​ កណ្តាល​ ​លោក​នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា​ ​លោក​នឹង​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ ​និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​នា​ថ្ងៃ​បុណ្យ​ជាតិ​នា​ពេល​ខាងមុខ​ ​ដោយ​មិនគិត​ពីការ​អនុវត្ត​ទោស​បាន​២​ភាគ​៣​នោះ​ទេ។​ ​លោក​បន្ថែម​ថា ​ក្នុង​ចំណោម​នោះក៏​នឹង​មាន​អតីត​សមាជិក​ ​និង​សកម្ម​ជន​គណបក្ស​ប្រឆាំង​ចំនួន​១២​រូប​ ​ដែល​បាន​សរសេរ​លិខិត​សុំ​ទោស​លោកផង​ដែរ។​

ទន្ទឹម​នឹង​ការ​ប្រកាស​ពី​គម្រោង​ស្នើ​ឲ្យ​មាន​ការលើកលែង​ទោស​ដល់អតីត​មន្រ្តី​គណបក្ស​ប្រឆាំង​ទាំង​១២​រូប​ ​លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ព្រមាន​ថា ​លោក​អាច​កែប្រែ​ការ​សម្រេច​ចិត្ត​របស់​លោក​ ​ប្រសិនបើ​មាន​ការ​លើក​ឡើង​ថា​ ​ការ​លើកលែង​នេះ​ធ្វើ​ឡើង​ដោយ​សារ​មាន​សម្ពាធ​ពី​អន្តរជាតិ។​

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«សូម​កុំ​និយាយ​ថា​ បណ្តាល​មកពី​ការ​គាប​សង្កត់​របស់​អន្តរជាតិ។​ ​ខ្ញុំ​ស្អប់​ណាស់​អា​ពាក្យ​ហ្នឹង។​ ​អីចឹង សូម​បងប្អូន​អ្នក​ដែល​នៅ​ក្នុង​ពន្ធនាគារ ​ដែល​ខ្ញុំ​គ្រោង​លើក ​ប្រហែល​ជា​១២នាក់​ផ្សេង​ទៀត។ ​ចាំ​ណា៎! ​អ្នក​បាន​ធ្វើ​លិខិត​រួច​ហើយ ​ក៏​ប៉ុន្តែ​បើ​សិន​ជា​អ្នកណា​មួយធ្វើ​អត្ថាធិប្បាយ​អំពី​ការ​គាប​សង្កត់​អន្តរជាតិ ​ខ្ញុំ​តម្រូវ ​ខ្ញុំ​ទុក​សិន ​ទុក​រហូត​ដល់​អ្នក​ដែល​ធ្វើ​លិខិត​សុំ​នេះ​ ​ធ្វើការ​ថ្កោល​ទោស​ចំពោះ​អ្នក​និយាយ​ បានខ្ញុំ​ព្រម»។​

នា​ពេល​ថ្មីៗ​នេះ​ ​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ហៅ​ថា​ ជា​ ​«ចំណាប់​ខ្មាំង​នយោបាយ‍»នោះ ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ ​ក្រោយ​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​បាន​បញ្ចប់​ ​និង​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​បង្ហាញ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឈ្នះ​ដាច់​ ​និង​ឈាន​ទៅ​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស។​

លោក​នាយក​រដ្ឋមន្រ្តីបន្ថែម​ថា​ ​ការ​លើកលែង​និងការបន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិតដែលកំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ត្រូវ​ធ្វើ​ឡើង​តាមរយៈក្រសួង​យុត្តិ​ធម៌ នៅ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ​ ដូចជា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ពិធី​បុណ្យ​អុំទូក​ និង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ជាដើម។​

លោក ជិន ម៉ាលីន​ ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ប្រាប់​ ​VOA​ ​ថា​ ​លោក​មិនទាន់​បាន​ដឹង​ថា ​តើ​អតីត​មន្រ្តី​គណបក្ស​ប្រឆាំង​ទាំង​១២​រូប​ដែល​នឹង​ត្រូវ​ស្នើ​ឲ្យ​មាន​ការ​លើកលែង​ទោស​នេះ​ ​មាន​នរណា​ខ្លះ​នោះ​ទេ។​

រហូត​មក​ដល់​ពេល​នេះ​ ​សមាជិក​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់ជាង​២០​នាក់​ ​ត្រូវ​បាន​កាត់ទោស​និងឃុំ​ខ្លួនក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ផ្សេងៗ​គ្នា។

លោក អ៊ុំ សំអាន​ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មណ្ឌល​សៀម​រាប មុន​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​មេសា​ ​ឆ្នាំ​២០១៦​ ​ក្រោម​បទ​ចោទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​និង​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង ​បន្ទាប់​ពី​លោក​បាន​បង្ហោះ​ឯកសារ​ផែនទី​ស្ដីពី​ព្រំ​ដែន​កម្ពុជា-វៀតណាម។​

រូបឯកសារ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​សន្តិសុខ​មន្ទីរ​ឃុំឃាំង​នាំ​ខ្លួន​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

ចំណែក​លោក មាជ សុវណ្ណារ៉ា​ ​មន្រ្តី​ព័ត៌មាន​និង​សកម្មជន​គណបក្ស​ប្រឆាំង​ជាង​១០​នាក់​ទៀត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៥​ សម្រេចផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពី៧​ទៅ២០​ឆ្នាំពី​បទ​ដឹក​នាំនិង​ចូល​រួម​បាតុកម្ម​រំដោះ​ទីលាន​ប្រជា​ធិបតេយ្យ​ ក្នុង​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០១៤។

ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួនមន្រ្តី​គណបក្ស​ប្រឆាំង​ ​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល ​និង​អ្នកសារ​ព័ត៌មាន ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​ព្យួរ​សិទ្ធិ​នយោបាយមន្រ្តី​ជាន់ខ្ពស់​គណបក្ស​នេះ​ជាង​១០០​នាក់​ ព្រម​ទាំង​ការចាប់​ខ្លួន​ប្រធាន​គណបក្ស​នេះ​គឺ​លោក​ ​កឹម សុខា​ ​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ឯ​ខេត្ត​ត្បួង​ឃ្មុំ​នោះ​ គេ​ឃើញ​មជ្ឈដ្ឋាន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​រិះគន់​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​ជា​បន្តបន្ទាប់។​

សហរដ្ឋ​អាមេរិក​បាន​ដក​ជំនួយ​អភិវឌ្ឍន៍​មួយ​ចំនួន​មក​កម្ពុជា​ ​ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ​ព្រមទាំង​បាន​បង្កក​ទ្រព្យសម្បត្តិ ​និង​ហាមឃាត់​មន្រ្តី​ជាន់​ខ្ពស់​របស់​កម្ពុជា​មួយ​ចំនួន​មិន​ឲ្យចូល​ទឹក​ដី​អាមេរិក​ ដោយ​មូលហេតុ​ថា​ ​ពួកគេបានរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។​

ទាំងសហភាព​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក​ក៏​កំពុង​ព្រមាន​កម្ពុជា​ជា​បន្ត​បន្ទាប់​ថា​ ការ​អនុ​គ្រោះពន្ធ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ​ទាំង​នេះ​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​បាន​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗនោះ​ ​អាច​នឹង​ត្រូវ​បាន​ព្យួរ​ចោល ​បើ​សិន​ជា​រដ្ឋ​អំណាច​ខ្មែរ​មិន​ត្រឡប់​បែរ​ក្រោយ​ស្ដារ​ស្ថាន​ការណ៍​នយោបាយ​ដែល​ឈាន​ដល់​សភាព​ទុំ​ជោរ​ទេ​នោះ៕ ប្រភព៖ VOA