កាតា អេមីរ៉ាអារ៉ាបរួម … បាន​ស្នើផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ ប្រមាណ​ជាង​១០០​លាន​ដុល្លារ ជួយ​រដ្ឋ​កេរ៉ាឡារបស់​ឥណ្ឌា ដែល​បាន​ជួប​គ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​ មិនធ្លាប់​មាន​ប្រចាំ​សតវត្សរ៍។ ប៉ុន្តែ​រដ្ឋាភិបាល​​ក្រុង​ញូវដេលី ដឹក​នាំ​ដោយ​លោក មូឌី មិន​ទទួល​ទេ ! ព្រោះ​នេះ​ជា​ទម្លាប់​របស់​ឥណ្ឌា !​ ​ការ​បដិសេធបែប​នេះ បាន​រុញ​ច្រាន​ឱ្យអាជ្ញាធរ​​តំបន់កេរ៉ាឡា​​រងគ្រោះ ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​។

អេមីរ៉ាអារ៉ាប់រួម និង​កាតា ដែលទទួល​កម្លាំង​​ពលករ​ឥណ្ឌា​ មក​​កេឡារ៉ា​ យ៉ាង​ច្រើន​នោះ បាន​ស្នើ​ផ្តល់​ជំនួយហិរញ្ញវត្ថុ​ ម្នាក់ ៨៤​លាន​ ម្នាក់​១៦​លានដុល្លារ​ សម្រាប់ស្ថាបនា​តំបន់​ឡើង​វិញ ក្រោយ​ពី​រង​គ្រោះទឹក​ជំនន់។

ឥណ្ឌា​អរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​បណ្តា​ប្រទេសទាំង​នេះ​ តែ​ឥណ្ឌាមាន​នយោបាយ​​ជួយសង្គ្រោះ​ពលរដ្ឋ ដោយ​កម្លាំង​​ខ្លួនឯង​ ! នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ឥណ្ឌា​បដិសេធ​ជំនួយ​បរទេស ក្រោយ​មហន្តរាយ​ធម្មជាតិ​នោះ។ កាលពី​ឆ្នាំ​២០០៤​ ក្រោយ​មហន្តរាយ​ស៊ូណាមី ឥណ្ឌា​ក៏​មិន​ទទួល​យក​ជំនួយ​ពី​ក្រៅ​ដែរ។ បើ​តាម​អ្នក​ជំនាញ​ នេះ​មក​ពី​រដ្ឋាភិបាល​ឥណ្ឌា​ចង់​បង្ហាញ​អំពី​សមត្ថភាព​ផ្នែក​ចាត់​ចែង​ស្ថានការណ៍​អាសន្ន​ដោយ​ខ្លួន​ឯង។

ជាការពិត​ រដ្ឋាភិបាល​បាន​ចាត់​ចែង និង​ប្រកាស​​ប្រកាស​ភ្លាម​ទម្លាយ​ថវិកា ៦​ពាន់​លាន​រូពី (៧៤​លាន​អឺរ៉ូ) ក្នុង​ខណៈ​ដែល​តំបន់​រងគ្រោះ​ត្រូវ​ការ​ដល់​ទៅ​២០ពាន់​លាន។ លោក​នាយក​រដ្ឋមន្ត្រី​ ណារិនដ្រា ម៉ូឌី បាន​សន្យា​ផ្តល់​ជំនួយ​បន្ថែម ប៉ុន្តែ​ជា​មូលនិធិ​ឥណ្ឌា​សុទ្ធសាធ។

តាំង​ពី​ខែ​មិថុនា​២០១៨ តំបន់​កេរ៉ាឡា បាន​រងគ្រោះ​ទឹក​ជំនន់​ទឹកភ្លៀង​ម៉ូសុង​ ​ស្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៤២០​នាក់ និង​ការ​ខូត​ខាត​ជា​សម្ភារៈ​​ទំហំ​ប្រមាណ​៣ពាន់​លាន​ដុល្លារ។ ជា​គ្រោះ​មហន្តរាយ​ដ៏ធ្ងន់ធ្ងរ​​​មិន​ធ្លាប់​មាន​ទេ ក្នុង​រយៈ​ពេល​១០០​ឆ្នាំ​ចុងក្រោយនេះ។ ថ្វីបើ​​ស្ថានភាព​សង្គ្រោះ​បាន​ប្រសើរ​ឡើង​ ទឹក​ចាប់​ស្រក ភ្លៀង​ចាប់​រាំង ជំនួយ​មនុស្សធម៌​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ តែក៏​​​ដល់​វេលា​ត្រូវស្ថាបនា​តំបន់ឡើង​វិញ ជាមួយ​នឹង​ថវិកាដ៏​ស្តួច​ស្តើងបំផុត។ ហេតុដូច្នេះ​ហើយ​បាន​ជា​​ អាជ្ញាធរ​តំបន់​កេឡារ៉ា ដឹក​នាំ​ដោយ​បក្យ​កុម្មុយនិស្ត​​និយម​ បាន​សម្តែង​កំហឹង​យ៉ាង​ខ្លាំង និង​បាន​ស្នើ​សុំ​ឱ្យ​ជំនួប​ពិភាក្សា​តំណាង​ជាន់​ខ្ពស់​រដ្ឋាភិបាល ​ ដើម្បី​បំភ្លឺ​បញ្ហា៕ ប្រភព៖ RFI