នៅ​ថ្ងៃទី ២៥​សីហា​នេះ ជា​គម្រប់​ខួប​មួយ​ឆ្នាំ​គត់ដែល​ជនរ៉ូហ៊ីងយ៉ា​បាន​​​ចាប់​ផ្តើម​​រត់​ភៀស​ទាំង​ហ្វូងៗ​គេច​ពី​ការ​បង្ក្រាប​ធ្វើ​បាប​នៅ​ភូមា។ មួយ​ឆ្នាំ​ក្រោយ​​ជោគវាសនា​របស់​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាមនេះ​ នៅ​តែ​គ្មាន​ពន្លឺ​ ! ពួកគេ​ត្រូវ​រស់​ក្នុង​ជំរំ​ជនភៀស​ខ្លួន​ នៅ​តាម​ព្រំដែន​ក្នុង​ទឹក​ដី​បង់ក្លាដែស ជំនួយ​ហិរញ្ញវត្ថុ​កាន់​តែ​ស្តួច​ស្តើង​ទៅៗ ហើយ​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិ​និវត្តន៍ ត្រូវ​ជាប់​គាំង​ស្តូក។

ថ្ងៃ​ទី ២៥​សីហា ២០១៧ ក្រោយ​ការ​វាយប្រហារ​លើ​​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ ​ភូមា ​ពី​សំណាក់​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា យោធាភូមា បាន​ចាប់​បើក​យុទ្ធនាការ​បង្ក្រាប​សហគមន៍​ ជនជាតិ​ភាគតិច​ កាន់​សាសនា​អ៊ីស្លាម​មួយ​នេះ ដោយ​គ្មាន​ប្រណី និង​ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន រហូត​ដល់​អង្គការ​សហប្រជាជាតិ​ប្រើ​ពាក្យ​ថា “ជា​ការ​បោស​សម្អាត​ជាតិ​ពិន្ធុ”។

ជន​រ៉ូហ៊ីងយ៉ាសរុប​​ប្រមាណ​ជិត​៧​សែន​នាក់ បាន​នាំ​គ្នា​រត់​ភៀស​ខ្លួននិង​ទៅជ្រក​កោន ​ នៅ​ក្នុង​ជំរំ​បណ្តោះអាសន្ន​ដ៏​ធំ​មួយ​នៅ​តំបន់​Cox’s Bazar​ របស់​បង់ក្លាដែសដែល​ជា​ប្រទេស​ដ៏ក្រី​ក្រ​បំផុត​មួយ​លើ​លោក។ ក្រោម​គំនាបនិង​អន្តរាគមន៍​របស់​​សហគមន៍​អន្តរជាតិ ភូមា​បាន​សន្យា​ទទួល​​យក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រលប់​ទៅ​កាន់​ភូមិ​កំណើត​វិញ និង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បង់ក្លាដែស កាលពី​ខែ​មករា​ដើម​ឆ្នាំ។ ប៉ុន្តែ​៨​ខែក្រោយ​មក ​មាន​ជនរ៉ូហ៊ីងយ៉ា​ប្រមាណ​២០០នាក់​​បាន​ត្រលប់​​ចូល​ស្រុក​វិញ ឯកិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​ហាក់​បាន​ស្លាប់​បាត់​ឈឹង។

លោកស្រី អ៊ុងសានស៊ូជី ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន ចំពោះ​ចំណាត់ការ​ប្រឆាំង​នឹង​ជនជាតិ​ភាគ​តិច​នេះ បាន​ទម្លាក់​ទំនួល​ខុស​ត្រូវ​​ កាលពី​សប្តាហ៍មុន​​ ​​ទៅ​លើ​រដ្ឋាភិបាល​បង់ក្លាដែស​ ថា​ជា​អ្នក​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​បរាជ័យ​ ព្រោះ​មិន​ចេះ​សម្រេច​ឱ្យ​ឆាប់​រហ័ស​ កំណត់​ឈ្មោះ​ជនណា​ត្រូវ​ត្រលប់​ទៅ​ភូមា​វិញ។

តាម​ការពិត​ ភាព​យឺត​យ៉ាវ និង​ការ​ប្រើ​ភាសា​បែប​ការទូត​​របស់​ភូមា បាន​ធ្វើ​ឱ្យ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កាន់តែ​ភ័យ​ខ្លាច​អំពើ​ហិង្សា​ពេល​ត្រលប់​វិញ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ពិបាក​សម្រេច​ចិត្ត​ និង​ចង់​បាន​ការ​ធានាអះអាង​ជា​មុន​ ថា​តើ​ពួក​គេ​នឹង​ទទួល​ កា ​បាន​សំណង​ជំងឺ​ចិត្ត​ហិរញ្ញវត្ថុ​ប៉ុន្មាន​ចំពោះ​ការ​បាត់​បង់​ដីធ្លី ដែល​ដុត​បំផ្លាញ​ដោយ​ពួក​យោធា ហើយ​អាច​មាន​សិទ្ធិ​ទទួល​សេវា​សិក្សា​ សុខាភិបាល​ប៉ុណ្ណា …

ក្នុង​ពេល​រង់ចាំ​ ជីវិត​ក្នុង​ជំរំ​កាន់​តែ​លំបាកឡើងៗ​។ តម្រូវ​ការ​ផ្នែក​ថវិកា​កាន់​តែ​ខ្ពស់​ ជំងឺ​រាត​ត្បាត​មាន​កាន់​តែ​ច្រើន ឯ​ថវិកា​មាន​កាន់​តែ​តិច​ទៅៗ។ កាលពី​ខែ​មីនា​ អង្គការសហប្រជាជាតិ​បាន​ប្រកាស​កម្មវត្ថុ​​ប្រមូលមូលនិធិ​១ពាន់​លាន​ តែ​សម្រេច​បាន​តែ​មួយភាគបី​ប៉ុណ្ណោះ។ នៅ​ខែ​មិថុនា ​ធនាគារពិភពលោក ថា​នឹង​បញ្ចេញ​ជំនួយ​ជិត​កន្លះ​ពាន់​លាន​សម្រាប់​ជួយ​ជនភៀសខ្លួន​នៅ​បង់ក្លាដែស។

សម្ពាធ​អន្តរជាតិ​ កំពុង​បន្ត​ដាក់​លើ​ភូមា។ សហរដ្ឋ​អាមេរិកទើប​​ដាក់​ទណ្ឌកម្ម​លើ​មេបញ្ជាការ​យោធា​បួន​នាក់ និង​លើកង​យោធាភូមា​ពី​ផ្នែក​ពី​បទ​ប្រើ​អំពើ​ហិង្សា​បែប​កំចាត់​កំចាយ​ពូជសាសន៍។ អង្គការ​សហប្រជាជាតិ​នឹង​ត្រូវជួប​ប្រជុំ​គ្នា​អំពី​បញ្ហា​នេះ​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​ភូមា​អាច​រំពឹង​ជា​និច្ច​លើ​មហា​មិត្ត​ចិន​ ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ៕ ប្រភព៖ RFI