លោក​George Edgar ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បាន​អះអាង​ឲ្យ​ដឹងថា នៅពេលនេះ សហភាព​អឺរ៉ុប​នៅតែ​បន្ត​អនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ(EBA)ដល់​កម្ពុជា ដោយ​មិនទាន់​សម្រេច​បែបណា​នៅឡើយ​ទេ​នៅក្រោយ​ការបោះឆ្នោត​នេះ។ លោក​George Edgar បាន​អះអាង​ដូច្នេះ នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​មួយ​នៅ​សណ្ឋាគារ Le Royal កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។ ជាមួយគ្នានេះ លោក​George Edgar ក៏បាន​លើកឡើងថា គណៈកម្មការ​អឺរ៉ុប​បាន​យកចិត្ត​ទុក​ខ្លាំង​ចំពោះ​បញ្ហា EBA សម្រាប់​កម្ពុជា​នេះ ហើយក៏​កំពុង​ពិនិត្យ​លើ​បញ្ហា​នេះ​ផងដែរ។

សូមបញ្ជាក់ថា ទាក់ទង​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ(EBA)នេះ គឺ​កាលពី​ថ្ងៃ​ចុងខែ​មិថុនា​កន្លងទៅ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​ក្រុមការងារ​ពិសេស​មួយក្រុម​ទៅកាន់​សហភាព​អឺរ៉ុប ដើម្បី​បំភ្លឺ និង​ពន្យល់​ពី​ស្ថានភាព​កើតឡើង​នៅ​កម្ពុជា​ក្នុង​គោលបំណង​កុំ​ឲ្យ​អឺរ៉ុប​ព្យួរ​ប្រពន្ធ​EBA ។

ប៉ុន្តែ​ក្រោយមក គឺ​ក្នុងអំឡុង​ខែកក្កដា ពោល គឺ​មុន​ការបោះឆ្នោតជាតិ​កម្ពុជា សហភាព​អឺរ៉ុប​បា​នប​ញ្ចូ​ន​គណៈប្រតិភូ​ពិសេស​មួយក្រុម​មកកាន់​ប្រទេស​កម្ពុជា វិញ ដើម្បី​ស្វែងរក​ការពិត​នៃ​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ។ ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​នេះ ជា​បញ្ហា​ដែល​សហភាព​អឺរ៉ុប​ត្រូវយក​ទៅពិនិត្យ និង​ពិចារណា​ក្នុង​សម្រេច​ព្យួរ​ប្រពន្ធ​អនុគ្រោះ​ពន្ធ(EBA)ដល់​កម្ពុជា ឬ​ត្រូវ​បន្ត។

ក្រោយ​បញ្ចប់​បេសកកម្ម​នេះ សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គឺជា​ជម្រើស​ចុងក្រោយ ប្រសិនបើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អឺរ៉ុប​ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​អំពី​កម្ពុជា ទទួល​បរាជ័យ​នោះ។ យ៉ាងណាក៏ដោយ លោក​George Edgar មិនអាច​បញ្ជាក់​ឲ្យ​ដឹងបាន​នៅឡើយ ថា​តើ​សហភាព​អឺរ៉ុប​នឹង​សម្រេច​ចុងក្រោយ​លើ​បញ្ហា​EBA សម្រាប់​ប្រទេស​កម្ពុជា​នេះ នៅពេលណា​នោះទេ៕ ប្រភព៖ RFI