ប្រឈម​នឹង​ស្ថានភាព​ទឹក​ជំនន់ លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ បានប​ញ្ជា​ឲ្យ​ស្ថាប័នរដ្ឋ​ធ្វើការ​ជាមួយ មីក្រូហិរញ្ញវត្ថុ ដើម្បី​ជួយ​សម្រួល​ពលរដ្ឋ​រង​គ្រោះ​ព្រោះ​ទឹក​ជំនន់ តាម​រយៈ​ការ​ពន្យា​ពេល​សង ឬ​មិន​យក​ការ​ប្រាក់ ពី​ស្ថាប័ន​ហិរញ្ញវត្ថុ ដែល​ពួក​គេ​បាន​ខ្ចី។ ទន្ទឹម​នឹង​នេះ ម្ចាស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន ក៏​ត្រៀម​ជួយសម្រួល​ដល់​ប្រជាពល​រដ្ឋ​ទៅ​តាម​លទ្ធភាព​ប្រឈម​ជាក់​ស្ដែង។

លោក សាយ សូនី នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​លើក​​ឡើង​ថា គោល​ការណ៍​របស់​ប្រាសាក់​នឹង​ពិចារណា​រាល់​សំណើ ពលរដ្ឋ​ដែល​ជួបបញ្ហា​ប្រឈម​ជាក់​ស្ដែង។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គិត​មក​ដល់​ពេល​នេះ ចាប់​តាំង​ពី កម្ពុជា​រង​ការ​ជន់​លិច​ដោយ​ទឹក​ជំនន់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​មក សម្រាប់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ នៅ​មិន​ទាន់​ទទួល​បាន​សំណើ​សុំ​ពន្យា​ពេល​សង​ប្រាក់​ពី​អតិ​ថិ​ជ​ន​​​នៅ​ឡើយ​ទេ។ ចំណុច​នេះ​ត្រូវ​បាន​នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទី​ផ្សារ​នៃគ្រឹះ​ស្ថាន​មី​ក្រូ​ហិរ​ញ្ញ​វត្ថុ​ប្រាសាក់​សន្និដ្ឋាន​ថា អាច​ដោយ​សារ​តែ ស្ថានភាព​ទឹក​ជំនន់ឡើង​ចុះ និង​ស្ថិត​នៅ​ក្នុង​​រយៈ​ពេល​មួយ​ខ្លី​ផង ទើប​ពលរដ្ឋ​មាន​លទ្ធភាព​បង់​ថ្លៃ​ប្រចាំ​ខែទាន់​ពេល​វេលា។

ចំណែក លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភី.អិល.ស៊ី អះ​អាង​​ថា ធ​នា​គារ​របស់​លោក នឹង​អនុវត្ត​ទៅ​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល។ បើ​តាម លោក អ៊ិន ចាន់នី គោល​ការណ៍​របស់​អេស៊ី​លីដា បាន​បង្ការ​ទុក​ជា​មុន នៅ​ក្នុងការ​ផ្ដល់​ឥទាន​ដល់​អតិថិជន​នៅ​ក្នុង​រដូវ​លិច​ទឹក។ ​

សម្រាប់​អ្នក​សេដ្ឋកិច្ច​វិញ លោក ចាន់ សុផល ស្វាគមន៍​ចំពោះ​ការ​អន្តរាគមន៍ ដោយ បង្ការ​ទុក​មុន​របស់​ប្រមុខ​រដ្ឋាភិបាល​បែប​នេះ។ ប៉ុន្តែ​យ៉ាង​ក៏​ដោយ គេ​ក៏​មិន​ត្រូវ​ភ្លេច​ដល់​ផល​ប៉ះ​ពាល់​ត្រឡប់​មក​វិញ សម្រាប់​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ដែរ។ ដូច្នេះ​ដើម្បី​ទទួលបាន​ការ​អនុ​គ្រោះ និង​ការ​យោគយល់​ស្មើ​គ្នា​រវាង​អតិថិជន និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុគឺ​ចាំ​បាច់​​ណាស់ គេ​ត្រូវ​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ថា ពលរដ្ឋ​ពិត​ជា​រង​គ្រោះ​ព្រោះ​ទឹកជំនន់​ពិត​ប្រាកដ​មែន​ឬ​យ៉ាង​ណា។ នេះ​បើ​តាម​លោក ចាន់ សុផល។

គួររំឮកថា ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះ​សំណាល ជាមួយ កម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅ​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​២៣ សីហា ម្សិលមិញ លោក ហ៊ុន សែន ស្នើ​ដល់ គ្រឹះ​ស្ថានមី​ក្រូហិរញ្ញ​វត្ថុ មិន​ត្រូវ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ព្រោះ​ទឹកជំនន់​ឡើយ។ នេះ​ក៏​ដោយ​សារ​តែ ស្រូវ​និង​ផល​ដំណាំ របស់​ពលរដ្ឋ​បាន​ខូច​ខាត​ទៅហើយ ដូច្នេះ​លទ្ធភាព​សង តាម​កាល​កំណត់​មិន​មាន​ទេ។

ដោយឡែក ទាក់ទង​ទៅ​នឹង​តុល្យការ​ចុង​ក្រោយ នៃ​ស្ថានភាព​ទឹក​ជំនន់ គិត​មក​ដល់​ថ្ងៃទី​២៤​សីហា​នេះ ទឹក​បាន​ប៉ះពាល់​ខេត្ត​ក្រុង​ចំនួន​៦​រួម​មានៈ ស្ទឹង​ត្រែង ក្រចេះ ត្បូងឃ្មុំ និង​កំពង់ចាម​ជាដើម។ ក្នុង​នោះ​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៨​ម៉ឺន​គ្រួសារ ខណៈចំនួន​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ដល់​២២​នាក់៕ ប្រភព៖ RFI