​សម្ព័ន្ធ​ក្រុមហ៊ុន Landing International Development. ដែលមាន​ស្នាក់ការ​នៅ​ហុងកុង កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា មិនអាច​ជួប ឬ​ទំនាក់ទំនង​បាន​ជាមួយ​ប្រធាន​Yang Zhihui ក្រោយ​ពេលដែល​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​ធ្លាក់ចុះ​ប្រមាណ ៣៥​ភាគរយ​។​

​ក្រុមប្រឹក្សា​អភិបាល​ប្រកាសថា​៖ អវត្តមាន​ជា​បណ្ដោះអាសន្ន​របស់លោក​Yang មិនមាន​ឥទ្ធិពល​អ្វី​ដល់​សកម្មភាព​របស់ ក្រុមហ៊ុន​ទេ ហើយ​ពួកគេ​កំពុង​ប្រឹងប្រែង​ទាក់ទង​ជាមួយ​លោក​។ លោក​Yang គឺជា​សមាជិក​ភាគហ៊ុន​ធំ​បំផុត​ដែល​ក្ដោប​ក្ដាប់​ភាគហ៊ុន​ដល់​ទៅ ៥០,៥​ភាគរយ​។​

​គួររម្លឹកថា កាលពី​ដើមខែ​នេះ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​លុបចោល​គ្រោងការណ៍​កាស៊ីណូ​តម្លៃ ១,៥​ពាន់​លាន​ដុល្លារ​នៅ​ក្រុង​ម៉ានីល​របស់​ក្រុមហ៊ុន​នេះ នៅ​អំឡុង​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ពិធី​ក្រុង​ពាលី ដោយ​សំអាង​មូល​ហេតុថា​ខ្ទង់​ប្រាក់​ពន្ធ​ក្នុង​កិច្ចសន្យា​មិន​សមស្រប ធ្វើឱ្យ​ហ្វីលីពីន​ខាតបង់​ប្រយោជន៍​ជាច្រើន​។​

​តាម​Caixin នៅ​ថ្ងៃទី​២៤ ខែសីហា បាន​បង្ហើប​ចេញ​ព័ត៌មាន​ថា រដ្ឋការ​ចិន​កំពុង​ស៊ើបអង្កេត​ចំណងទាក់ទង​Yang និង Lai Xiaomin ដែលជា​ប្រធាន​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្ដិ​Huarong ដែលជា​ក្រុមហ៊ុន​រដ្ឋ ហើយ​បុគ្គល​នេះ​ត្រូវបាន​ស៊ើប​អង្ក​ត​តាំងពី​ខែមេសា ក្រោម​បទ​សង្ស័យថា​បានទទួល​សំណូក​។​

ប្រភពព័ត៌មាន​របស់​Caixin បាន​និយាយ​បន្ថែមថា Yang បាន​ត្រូវ​ចាប់ខ្លួន​នៅ​កម្ពុជា ប៉ុន្ដែ​ព័ត៌មាន​នេះ​ពុំទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ​ទេ​៕