​ក្រចេះ ​៖ ទូក​ដឹកឈើ​១​គ្រឿង ដែល​មាន​ផ្ទុក​នូវ​ឈើ​ប្រណីត ប្រភេទ​លេខ​១ និង​លេខ​២ ប្រមាណ​២០​ម៉ែត្រគូប ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ក្រចេះ បាន​បង្ក្រាប នៅ​ចំណុច​ទន្លេមេគង្គ​​ស្ថិតនៅ​ឃុំ​ព្រែក​សា​ម៉ាន ស្រុក​ឆ្លូង ខេត្ត​ក្រចេះ និង​បាន​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​។​

Loading...

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការ​បង្ក្រាប​នេះ បាន​ធ្វើឡើង​នៅ​យប់​ឈានចូល​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ តាម​ដង​ទន្លេមេគង្គ ដោយ​សម្របសម្រួល​ពី​លោក ជា សុភ​ក្រ័ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ​​ ​ដោយ​បាន​ឃាត់​ទូក​មួយ​គ្រឿង ដែល​ដឹកឈើ​ប្រភេទ​លេខ​១ និង​លេខ​២ ជា​គ្រឿងផ្ទះ និង​បាន​ប្រគល់ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​រដ្ឋបាល​ព្រៃឈើ តែ​មិន​បាន​ឃាត់ខ្លួន​ម្ចាស់​ទូក​ទេ ព្រោះ​ក្រោយពី​កម្លាំង​នគរបាល​ឃាត់​ទូក​នោះ​ ​អ្នកបើក​ទូក​បាន​រត់​ចោល​ទូក​តែម្ដង​។ ទូក​ដឹកឈើ​១​គ្រឿង បាន​បើក​ចេញពី​ប៉ែក​ខាងលើ នៃ​ខេត្ត​ក្រចេះ គឺ​ស្រុក​សំបូរ​ ​បម្រុង​យក​ទៅ​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​ប្រជាពលរដ្ឋ​បាន​ផ្ដល់​ព័ត៌មាន​ថា មាន​ទូក​ដឹក​ឈើ​ជា​ច្រើន​។​ ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​តាម​ទូក​មួយ​នោះ ដល់​ចំណុច​ឃុំ​ព្រែក​សា​ម៉ាន់ និង​ឃាត់​បាន​តែ​ម្ដង​។​

បច្ចុប្បន្ននេះ ទូក​និង​ឈើ ត្រូវ​បាន​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង ដើម្បី​ធ្វើការ​វាស់វែង​៕ ​