នៅ​ពេល​ដែល​កូរ៉េ​ខាង​ត្បូង​កាន់​តែ​ពង្រីក​សកម្មភាព​ចូល​រួម​របស់​ខ្លួន​ជាមួយ​កូរ៉េ​ខាង​ជើង​នោះ​ ហាក់​ដូច​ជា​មាន​ភាព​ប្រេះ​ស្រាំ​កាន់​តែ​ធំ​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល ​អំពី​របៀប​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​លែង​មាន​អាវុធ​នុយក្លេអ៊ែរ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ កូរ៉េ​ខាង​ត្បូង​កំពុង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់​ជាមួយ​កូរ៉េ​ខាង​ជើង ​ដោយ​មាន​គោល​បំណង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​អន្តរ​កូរ៉េ​ កាន់​តែ​ប្រសើរ​ឡើង​ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​កំពុង​តែ​សង្កត់​ធ្ងន់​ទៅ​លើ​តម្រូវ​ការ​សម្រាប់​បន្ត​យុទ្ធនាការ​ដាក់​ទណ្ឌកម្ម​ជា​អន្តរជាតិ​ដើម្បី​ដាក់​សម្ពាធ​ជា​អតិបរមា​ទៅ​លើ​កូរ៉េ​ខាង​ជើង។

នៅ​ក្នុង​សុន្ទរកថា​ដ៏​រស់​រវើក​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ក្នុង​ពិធី​រំលឹក​ខួប​ទី​៧៣​ឆ្នាំ​នៃ​ការ​រំដោះ​ប្រទេស​កូរ៉េ​ពី​ការ​ក្ដោប​ក្ដាប់​របស់​ជប៉ុន​អស់​រយៈ​ពេល​ ៣៥​ឆ្នាំ​ នោះ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​គឺ​លោក​ មូន ជេអ៊ីន ​(Moon Jae-in) បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ផែនការ​របស់​រដ្ឋាភិបាល ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ជើង​តាម​រយៈ​ការផ្សះ​ផ្សា​និង​គម្រោង​សេដ្ឋកិច្ច​នានា។

លោក ​មូន ជេអ៊ីន ​មាន​ប្រសាសន៍​ថា៖ «‍ការ​វិវត្តន៍​ថ្មីៗ​ខាង​ទំនាក់​ទំនង​អន្តរ​កូរ៉េ ​គឺ​មិន​មែនជា​ផល​ដោយប្រយោល​នៃ​ការ​រីក​ចម្រើន​ខាង​ទំនាក់​ទំនង​រវាង​កូរ៉េ​ខាង​ជើង​ និង​សហរដ្ឋ​អាមេរិកនោះ​ទេ​ ប៉ុន្តែ​ការ​រីក​ចម្រើន​ខាង​ទំនាក់​ទំនង​អន្តរ​កូរ៉េ​នេះ​ គឺ​ជា​កម្លាំង​ជំរុញ​នៅពីក្រោយការ​ធ្វើ​ឱ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ»។

លោក ​មូន​ បាន​សង្កត់​បញ្ជាក់ដោយ​លើក​យក​របាយការណ៍​ស្រាវជ្រាវដោយ​អង្គការមួយ​របស់​រដ្ឋ​មក​សំអាង​ថា​ ចំណូល​ពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរ​កូរ៉េ​នេះ​ ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​ បាន​កើន​ឡើង​ដល់​៧០០​សែន​លាន ​វ៉ុន​ ឬ​ស្មើ​នឹង​ប្រមាណ​ជាង​៦២​ពាន់​លាន​ដុល្លារ​អាមេរិក​ យ៉ាង​តិច​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ទៅ​មុខ​ទៀត៕ ប្រភព៖ VOA