​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​គូសបញ្ជាក់ថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺជា​គ្រឹះ​នៃ​សន្តិភាព​របស់​ប្រទេសជាតិ នឹង​នាំឱ្យ​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្នុងនោះ​យើង​ចាំបាច់​ត្រូវការ​អ្នក​មាន​ជំនាញ​ច្បាស់លាស់​។​

Loading...

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព បាន​ថ្លែង​ក្នុង​ពិធី​ជួបជុំ​ពិភាក្សា​អំពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា រៀបចំ​ជា​ដំបូង​ដោយ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន នា​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៨​។​

​លោក សាយ សំ​អាល់ បានលើកឡើង​ពី​តួនាទី និង​សារសំខាន់ នៃ​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​ជា​ឧបករណ៍​ដ៏​អស្ចារ្យ ក្នុង​ការបង្ហាញ​នូវ​សេចក្តី​ពិត និង​ការអភិវឌ្ឍ​ប្រទេស​ក្នុង​អនាគត​។ លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា គឺជា​គ្រឹះ​នៃ​សន្តិភាព របស់​ប្រទេសជាតិ នឹង​នាំឱ្យ​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្នុងនោះ​យើង​ចាំបាច់​ត្រូវការ​អ្នក​មាន​ជំនាញ​ច្បាស់លាស់​។​

​លោក សាយ សំ​អាល់ លើកទឹកចិត្ត​និស្សិត​កម្ពុជា ចាប់​យក​ជំនាញ​សិក្សា​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា បាន​ច្រើន​ថែម​ទៀត ព្រោះ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ជំនាញ​នេះ មាន​តិចតួច​នៅឡើយ​។ “​យើង​ត្រូវ​ហ៊ាន​មើល​ឆ្ងាយ នាពេល​បច្ចុប្បន្ន យើង​រៀន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ដើម្ប​រក្សា​នូវ​ស្ថេរភាព និង​ដើម្បី​ធានា​សន្តិសុខ របស់​កម្ពុជា​ផង​ដែរ​” នេះ​ជា​ការលើកឡើង​បន្ថែម របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។​

​លោក ទិន ពន្លក អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព បានឲ្យដឹងថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺ​មាន​សារ​សំខាន់​​​ណាស់ ដែល​ជា​ធាតុ ចូល​ក្នុង​ការផ្តល់​នូវ​ការអភិវឌ្ឍ របស់​ប្រទេសជាតិ ដែល​បណ្តា​ប្រទេស​នានា នៅ​ទូទាំង​ពិភពលោក បាន​វិវត្តន៍​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស ជាមួយ​ការកែច្នៃ​អ្វី ដែល​ថ្មីៗ​សម្រាប់​ប្រើប្រាស់ និង​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំថ្ងៃ​។ សូមបញ្ជាក់​ថា គោល​បំណង​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន ផ្តួចផ្តើម ប្រមូលផ្តុំ​គំនិត នៃ​អ្នកជំនាញ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដោយ​ផ្តោត​ទៅលើ​ការ​ពង្រឹង ក្រមសីលធម៌ នៃ​ការស្រាវជ្រាវ ស្រឡាញ់​សច្ចភាព និង​ការ​ចង់ដឹង ដើម្បី​ឈាន​ឆ្ពោះ​ទៅកាន់​ភាពជោគជ័យ នៃ​ការអភិវឌ្ឍន៍​ប្រទេស​ថែម​ទៀត​៕ ​