​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​មួយចំនួន រស់​នៅក្នុង​ក្រុងព្រះសីហនុ បង្ហាញ​ការព្រួយបារម្ភ​ជាថ្មីទៀត អំពី​សុវត្ថិភាព​ពេល​ធ្វើដំណើរ​តាម​ផ្លូវ​សាធារណៈ ជា​ពិសេស​ការធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ព្រោះ​រថយន្ត​តូច​ធំ​គ្រប់​ប្រភេទ បើកបរ​ក្នុង​ល្បឿន​លឿន បង្កើត​ឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជា​បន្តបន្ទាប់​។​

Loading...

ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​នគរបាល​ចរាច​រណ៍​ផ្លូវគោក ស្នើឲ្យ​ជួយ​មាន​វិធានការ​ទប់ស្កាត់ និង​ពង្រឹង​ការចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យបាន​ជាប្រចាំ​។

​ត្រង់​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​អាជ្ញាធរ ជួយ ពិនិត្យ​ល្បឿន​យានយន្តបើក​ចូល​មក​ក្នុង​ក្រុងឲ្យស្រប​តាម​ច្បាប់។​

​ក្រុម​ប្រជាពលរដ្ឋ ស្នើឲ្យ​អាជ្ញាធរ គួរ​រក​ផ្លូវ​វាង ដើម្បី​ឲ្យ​រថយន្ត​កុងតឺន័​រ ដែល​បើក​ក្នុង​ល្បឿន​លឿន​ទាំង​នោះ​បើក​ឆ្លងកាត់​។​
​បន្ថែម​លើ​នេះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក ក៏​ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ក៏ដូចជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ឲ្យបាន​ជា​ប្រចាំ​ផង​ដែរ​។​

​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ ព្រួយបារម្ភ​ខ្លាច គ្រោះថ្នាក់​ទាំងនោះ អាច​នឹង​ថ្ងៃ​ណាមួយ បាន​ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ផ្លូវ​ជាក់​ជាមិនខាន​។​

ការព្រួយបារម្ភ របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ​ពេលនេះ បាន​កើតឡើង​បម្ទាប់​ពី កាលពី​ព្រឹក​ថ្ងៃ​ទី​សៅរ៍ ទី​២៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២​ករណី​ដាច់ដោយឡែក​ពី​គ្នា​បាន​កើតឡើង​នៅក្នុង​ក្រុងព្រះសីហនុ​។​

គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​កើតមាន​នៅ​ចំណោត​លោកយាយ​ម៉ៅ ដោយ​មាន​រថយន្ត​៤​គ្រឿង​បុក​ប៉ះគ្នា និង​១​ករណី​ទៀត​កើតឡើង នៅត្រង់​ចំណុច​កែង​រ៉ា ក្រុង​ព្រះ​សី​ហន​។​

តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​បញ្ជាក់ថា រថយន្ត​កុងតឺន័រ​១​គ្រឿង បាន​បើក​ជ្រុល​បុក​ចូល​សួនច្បារ​រួច​ក្រឡាប់ ក្បែរ​ស្ថានីយ៍​ប្រេង​តេលា វេលា​ម៉ោង​ជិត ១១​កន្លះ​ថ្ងៃ​ត្រង់​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០១៨​។​

សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ពីរ​ករណី​ខាងលើ​នេះ មាន​មនុស្ស​ចំនួន ៤​នាក់ បាន​រងរបួស ហើយ​ត្រូវបាន​នាំទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​ឃ្លាំង​លើ និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​៕