​ហ្សា​ការតា​ ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ថ្ងៃ​ទី​២៥​សីហា​នេះ បានប្រកាសថា ជយោ​មោទនភាព​ជាតិ​ខ្មែរ កីឡាករ​ម៉ូតូ​ទឹក សាលី បានឈ្នះ​មេដាយមាស​១​គ្រឿង​ទៀត សម្រាប់​កម្ពុជា លើ​វិញ្ញាសា Ski Modified ។​

Loading...

​ក្នុង​ការប្រកួត​កីឡា​អាស៊ី Asian Games លើក​ទី​១៨ នា​ទីក្រុង​ហ្សា​កាតា​-​ប៉ា​ឡាំ​បាំង ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​កីឡាករ​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា សាលី អ៊ូ​មើ​ត បាន​ដណ្ដើម​មេដាយមាស ១​គ្រឿង​ទៀត​ជូន​ជាតិ លើ​វិញ្ញាសា Ski Modified ដែល​ទើប​បញ្ចប់​ការប្រកួត បន្ទាប់​ពី​កីឡាករ​រូបនេះ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធិ ១​គ្រឿង​លើ​វិញ្ញាសា Runabout 1100 Stock នា​ព្រឹក​ថ្ងៃទី​២៥​សីហា​នេះ ។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ជា​នាយ​បេសកកម្ម ។​

​នេះ​គឺជា​មេដាយមាស​ទី​២ ហើយ ដែល​អត្ត​ពលិក​កម្ពុជា ដណ្ដើម​បាន​ក្នុង​បេសកកម្ម​ប្រកួត​កីឡា Asian Games ឆ្នាំ​២០១៨ បន្ទាប់​ពី​កីឡាការិនី​វ័យក្មេង ខាន់ ចេសា ដណ្ដើម​បាន​មេដាយមាស ១​គ្រឿង​កាលពី​ថ្ងៃ​ទី​២៤​សីហា​។

លោក វ៉ាត់ ចំរើន បានថ្លែងថា គឺជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មី ដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូន អត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយបានសម្តែងនូការសប្បាយរីករាយ ដែលយើងទទួលសមិទ្ធផល មេដាយចំនួន២គ្រឿងពីការកីឡាAsian Games នេះ។ លោកបន្តថា កីឡាកររបស់យើងមានការខិតខំប្រឹងប្រែង និងមានជំនាញល្អណាស់ ក្នុងការធ្វើឲ្យទទួលបាននូវ ជោគជ័យនូវថ្ងៃនេះ ហើយកីឡាម៉ូតូស្គីដែលទើបនឹងបង្កើតឡើង មិនទាន់បានមួយឆ្នាំផង យើងទទួលបាន មេដាយមាស នេះជាមោទនភាពជាតិទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងរហូតទទួល បានមេដាយមាស ជូនជាតិមាតុភូមិយើង ។ លោកបានបញ្ជាក់ថា មុននឹងមកចូលរួមប្រកួតនៅទៅនេះ គឺទទួលបានការលើកទឹកចិត្ ដោយផ្ទាល់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលធ្វើឲ្យយើងទទួលបានល្អ ជាចុងក្រោយនេះ ហើយនេះជាការបំបែកឯតទគ្គកម្ម តាំងពីឆ្នាំ១៩៥៤ មកម្ល៉េះ។ លោកវ៉ាត់ ចំរើន បានបញ្ជាកថា សុបិនរបស់កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ក្លាយជាការពិតដែលប្រកួតតំណាងឲ្យជាតិ។

ប្រធានសហព័ន្ធកីឡាម៉ូតូស្គីកម្ពុជា បានបញ្ជាក់ថា យើងបានឈ្នះមេដាយមាស លើប្រទេសផ្សេងៗចំនួន១២ប្រទេស ហើយមេដាយមាស ដែលយើងទទួលបាននេះ ឆ្លងកាត់ការតស៊ូយ៉ាងស្វិតស្វាញបំផុត ដោយកីឡាកររបស់យើងធ្វើបានយ៉ាងល្អ និងធ្វើតាមបទប្បញ្ញត្តិបច្ចេកទេស ហើយម្យ៉ាងទៀតកីឡាករផ្ទាល់តែម្តង បានប្តេជ្ញាចិត្ត​និងមានឆន្ទៈយ៉ាងខ្ពស់ ក្នុងតស៊ូព្យាយាមដណ្តើមយកមេដាយមាសនេះ៕​ ​