យ៉ាង​ហោច​ណាស់​សមាជិក​គណ​បក្ស​ចំនួន​៣​ហើយ​ បាន​ប្រកាស​ដើរ​ពី​គណ​បក្ស​របស់​ពួកគេ ​ជា​បន្ត​​បន្ទាប់​​ ក្រោយពី​​លទ្ធផល​នៃការ​​បោះ​ឆ្នោត​​​ផ្លូវ​​ការ​​បង្ហាញថា​ គណ​បក្សទាំង​នោះ ​មិនទទួល​អាសនៈ​រដ្ឋសភា​សូម្បីតែ​មួយ​នៃ​អាសនៈ​សរុប​ទាំង​អស់​ចំនួន​១២៥​។​ ក្រៅពី​អ្នក​​នយោបាយ​ដែល​​​ដើរ​ចេញ​ពី​បក្ស​ដោយ​ខ្លួនឯង​នេះ​ ក៏មាន​ដែរ​ អ្នក​នយោបាយ​ដែល​​ត្រូវ​បាន​គណបក្ស​​បណ្តេញ​ចេញ​។

Loading...

រលក​នៃ​ការ​ដើរ​ចេញ​ពី​គណបក្ស​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត ផ្ដើម​ចេញ​ពី ​លោក​ ប៉ោ ​សេដ្ឋា​ ប្រធាន​ក្រុម​​ការងារ​​ខេត្ត​​ស្វាយរៀង​ នៃគណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​។​ តាម​លិខិត​ចុះថ្ងៃ​ទី​១៩​សីហា ​លោក​ ប៉ោ​ សេដ្ឋា ​មិន​បានបញ្ជាក់​ពី​មូលហេតុ​​​នៃ​ការ​ចាក​ចេញ​ពី​គណ​បក្ស​នេះ​ទេ ​​ប៉ុន្តែ​លោក​ យ៉ង​ សាំងកុមារ​ ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណ​បក្ស ​GDP​ បាន​អះអាង​ថា ​ការ​​ចាក​ចេញ​​របស់​​សមាជិក​​លោក ​គឺ​ដោយ​សារ​តែ​​សម្ពាធ​គ្រួសារ​។​ ជាមួយ​គ្នា​នេះ ​លោក ​ឃុន ​សាវឿន​ ប្រធាន​ក្រុម​​ការងារ​​គណបក្ស​ប្រជាធិប​តេយ្យមូលដ្ឋានខេត្ត​សៀមរាប ​ក៏​បាន​ដើរ​ចេញ​​​ពី​គណបក្សនេះ​ភ្លាមៗ​ដែរ​។

ជា​បន្ត​មក​ទៀត​ នៅថ្ងៃ​ទី​២៣​ ខែ​សីហា ​លោក​ ហ៊ាង ​គឹមស្រឿន ​ អនុ​ប្រធាន​គណ​បក្សសំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ និង​ជាអនុប្រធាន​គណ​កម្មាធិការ​អចិន្ដ្រៃយ៍​គណ​បក្ស​នេះ ​ក៏បាន​ដាក់ពាក្យ​ស្នើ​​សុំលា​លែង​​ពី​សមាជិក​ភាព​ដែរ​។​ មូល​ហេតុ​នៃ​ការ​ចាក​ចេញ​នេះ ត្រូវ​បាន​លោក ហ៊ាង ​គឹមស្រឿន ​​ពន្យល់​ថា គឺ​ដោយ​សារ​លោក​បាន​មើល​ឃើញពី​គោល​ជំហរ​របស់​គណ​បក្សសំបុក​ឃ្មុំ ​ក្រោយ​ពី​ចូល​​ប្រជុំ​ជាមួយ​​លោក​នាយករដ្ឋមន្ដ្រីហ៊ុន ​សែន។ ​និង​ថា​​ការ​​សម្រេច​ចិត្ត​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នេះ ធ្វើ​ឡើង​ដោយ​​មិន​បាន​គោរព​ប្រជាធិប​តេយ្យផ្ទៃ​ក្នុង​បក្ស​។

នៅ​ថ្ងៃដដែល​នោះ ​លោក ​ម៉ែន​ វណ្ណា​ ជា​សមាជិក​គាំទ្រ ​និង​ជាតំណាង​សង្កាត់​ពងទឹក​ របស់គណប​ក្សសម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ ​​LDP​ ក៏​បាន​ដាក់​ពាក្យ​សុំចាក​ចេញ​ពី​គណ​បក្ស​នេះ​ដែរ​។​ប៉ុន្តែ​​ក្នុ​ង​​លិខិត​​សុំ​​ឈប់​​ពី​គណបក្ស ​LDP​ ​លោក​ ម៉ែន​ វណ្ណា ​មិន​បានបញ្ជាក់​​ប្រាប់​ពី​មូល​​ហេតុ​ឡើយ​។

​ផ្ទុយ​ពី​សមាជិក​គណ​បក្ស​ទាំង​៣ខាង​លើនេះ ​មន្រ្តី​ជាន់​ខ្ពស់​​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​​៤​រូប ត្រូវ​បាន​គណ​បក្សនេះ​បញ្ចប់​សមាជិក​ភាព​នៅថ្ងៃ​ទី​២០​​ខែ​សីហា​។ ​ការ​​បញ្ចប់​សមាជិក​ភាព​លោក​ យូ ​ហុកគ្រី ​លោក​ ញ៉េប ​ប៊ុនជិន​​ លោក ​ប៉ោ ​ប៊ុនស្រ៊ី ​និង​​លោក​ វ៉ាន់​ សុផាន់ណា​ ពីគណ​បក្ស​​ហ្វ៊ុន​ស៊ិនប៉ិច​ គឺ​បន្ទាប់ពី​ពួកគេ​​ប្រកាស​មិន​​ទទួល​យក​​តួនា​ថ្មី​នៅ​ក្នុង​​​​​គណ​​បក្សហ្វ៊ុន​ស៊ិន​​ប៉ិច​។ ​ជាតួនាថ្មី​ដែល​ផ្តល់​ឲ្យក្រោយពីបានដកតួនាទីចាស់ ជាអនុប្រធានគណបក្ស និងជាអគ្គលេខាធិការរងគណបក្ស៕ ប្រភព៖ RFI