​ខេត្ត​ព្រះសីហនុ​ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​ស្នងការ​ន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅ​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ០០ និង​១៥​នាទី ដោយមាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី លោក កៀង ស​ន្ទ​រោ ព្រះ​អាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​បញ្ជា​ដឹកនាំ​ដោយ ឯកឧត្តម យន្ត មី​ន្ត អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​លោកស្នងការ​ផ្ទាល់​ផង​នោះ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឆ្មក់​ចូល​ក្លឹប​កំសាន្ត ខារ៉ាអូខេ​ស៊ី​តុង​ហ្វា​ង មាន​ទីតាំង នៅ​ក្រុម​២៧ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ទាំងអស់​ចំនួន ៦២ នាក់ ស្រី ១៥ នាក់ (​ក្នុងនោះ​រួមមាន​ម្ចាស់​អាជីវកម្ម​១​នាក់ មេការ​១​នាក់ អ្នកជួញដូរ​ចំនួន​១​នាក់ និង​ភ្ញៀវ​មក​កំសាន្ត​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ក្លឹប​នេះ​ចំនួន ៥៩​នាក់​។​

​សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹងថា លទ្ធផល​បឋម ពី​ការបង្ក្រាប​នេះ កម្លាំង​សម​ត្ថិ​ច្ច​បាន​ចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន​៖
– ម្សៅ​ក្រាម​ពណ៍​ស​ថា្ល​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ២២​កញ្ចប់​តូច និង ០១ កញ្ចប់ ធំ​
– បន្ទះ​ឈើ (​ជ្រួញ​) សម្រាប់​ហិត ១៥ បន្ទះ​
– ថ្នាំញៀន​កេ​ត​តា​មីន ប្រភេទ​ទឹក (ketamine) ចំនួន ០១ ដប​
– ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ១​កំប៉ុង​តូច​
– ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ១​កំប៉ុង​ធំ​។​
​សមត្ថកិច្ច ឲ្យ​ដឹង​បន្តថា ករណី​ខាងលើនេះ កម្លាំង​នគរបាល​ជំនាញ​កំពុង​សាកសួរ និង​ឈានទៅ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ខាងលើ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិ​វីធ​តាមផ្លូវ​ច្បាប់​៕