ចៅក្រម​ស៊ើប​សួរនៃ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​នឹង​ទៅ​បើក​សវនា​ការ​ករណី​ លោក​ កឹម​ សុខា​​នៅ​ពន្ធនា​គារ​ត្រពាំង​ផ្លុង​ នៅ​ថ្ងៃ​ទី​៣០​ខែ​សីហា​ សប្តាហ៍​ក្រោយ​នេះ ​ពាក់​ព័ន្ធ​នឹង​នីតិ​វិធី​ពន្យារ​ពេល​ឃុំខ្លួន​បណ្តោះអាសន្ន​។​ នេះ​បើតាម​លិខិត​មួយ​ច្បាប់​របស់​ចៅក្រម​ គី​ ឫទ្ធី​ ដែល​អញ្ជើញមេ​ធាវី​ការ​ពារ​ក្តី​លោក ​កឹម​ សុខា​ឲ្យចូល​រួម​សវនា​នោះ​។​

ក្នុង​លិខិត​របស់​​ចៅក្រម​ គី​ ឬទ្ធី​ គឺ​តម្រូវ​ឲ្យ​​មេធាវីការពារ​ក្តី ​លោក​ កឹម​ សុខា​ ចូល​រួម​សវនា​ការ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ នៅបន្ទប់​មួយ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ឬ​ ហៅថា​ មណ្ឌល​អប់​រំ​កែ​ប្រែទី​៣ ​ដើម្បី​ដំណើរ​ការ​នីតិវិធី​។​​ ការ​បើក​សវនាការ​នេះ ​ដើម្បី​ពិនិត្យ​ថា ​តើ​លោក​ កឹម​ សុខា ​ត្រូវពន្យារ​ពេល​ឃុំខ្លួន​បន្ត​ទៀត​ ឬ​ ឲ្យ​នៅក្រៅ​ឃុំ ​បន្ទាប់​ពី​​ពន្យា​ពេល​ឃុំខ្លួន​បណ្តោះ​​អាសន្ន​រហូតជិត​មួយ​ឆ្នាំ​នៅ​មិន​ទាន់​បើក​សវនាការ​​ជំនុំ​ជម្រៈ។

លោក ផែង ​ហេង ​ជា​មេធាវី​ម្នាក់​ក្នុង​​ចំណោម​​មេធាវី​ច្រើននាក់​ទៀត​​ដែល​​ការ​ពារ​​ក្តី​​ឲ្យ​​លោក​ កឹម​ សុខា ​ប្រាប់វិទ្យុបារាំងនៅថ្ងៃអាទិត្យនេះថា លោក​ស្នើ​​ឲ្យ​​មាន​ការ​​ដោះ​លែង​​លោក​ កឹម​ សុខា ​នៅពេលនេះ ​ដោយ​​សំអាង​ថា​ តាម​ការ​​ស៊ើប​​អង្កេត​​កន្លង​​មក​​ទាំង​​សាក្សី ​និង​​លោក​ កឹម​ សុខា​ គឺ​រក​​មិន​ឃើញ​​មាន​ភស្តុតាង​​ដូច​ការ​ចោទ​​ប្រកាន់​​នោះ​ទេ​។ ​ម្យ៉ាង​ទៀត​ ការ​​ពន្យា​ពេល​លើក​ទី​១ ​នៃការ​ឃុំ​ខ្លួន​​លោក​ កឹម​ សុខា ​នឹង​ត្រូវ​ជិត​ផុត​​កំណត់​ផង​ដែរ​។ ​តែតាម​នីតិវិធី​លោក ​ផែង ​ហេង ​ពន្យល់​ថា ​គឺ​គេអាច​ពន្យា​ពេលលើក​ទី​២​ រហូត​ដល់​​១៨​​ខែ​។

សូម​បញ្ជាក់ថា ​ការ​បើក​សវនា​ដោយ​​សាលាដំបូង​នៅពេលនេះ ​គឺ​បន្ទាប់​ពីតុលាការ​កំពូល ​កាល​ពីថ្ងៃ​ពុធ​ ទើប​តែ​បាន​សម្រេច​បដិសេធ​លើ​បណ្តឹង​លើក​ទី​២​របស់​លោក​ កឹម​ សុខា​ ដែលសុំ​នៅ​ក្រៅឃុំ​។

លោ​ក កឹម ​សុខា ​ត្រូវ​​បាន​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺ​ជា​អំពើ​ត្រូវ​រ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ាយ ​ឬ​ឲ្យ​មាន​អំពើ​ឈ្លាន​ពាន​ប្រឆាំង​នឹង​កម្ពុជា។ បទ​ល្មើស​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០ឆ្នាំ៕ ប្រភព៖ RFI